លោក គឹម ប៉ុណ្ណា ដឹកនាំក្រុមការងាតចុះសម្អាតរក្សាអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៦

ថ្ងៃសៅរ៍ ទី ១៣ កក្កដា ២០១៩​
7

សៀមរាប៖ ដើមី្បលើកកម្ពស់អនាម័យ បរិស្ថានក្រុងទេសចរណ៍ប្រវត្តិសាស្ត្រខេត្តសៀមរាប និង ក្រោមការយកចិត្តទុកដាក់ និង ការណែនាំរបស់លោកអភិបាលខេត្តសៀមរាប នៅចុងសប្តាហ៍ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ដឹកនាំដោយលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំ មន្ដ្រីក្រោមឱវាទមន្ទីរទាំងអស់ ចុះសម្អាតរក្សាអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ចាប់ពីចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបំបែកទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបរហូតដល់ស្ដុបភោជនីយដ្ឋានទន្លេ សាប ក្នុងក្រុងសៀមរាប ។

ក្នុងនោះលោក គឹម ប៉ុណ្ណា ក៏បានគូរបញ្ជាក់ផងដែរថា សម្មភាពដែលមន្ត្រី និង កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្វើឡើងនេះ ក្នុងគោលបំណងផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅ ឲ្យមានការកែប្រែឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ និង សូមឲ្យមានវិចារនញ្ញាណ ក្នុងការគិតគូរ ទុកដាក់វេចខ្ចប់ និងការចោលសម្រាមតាមទីសាធារណៈ ។

លោកក៏បានសំណូមពរ សូមឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមសម្អាតនៅតាមដងផ្លូវសាធារណៈ មុខផ្ទះរបស់ខ្លួនឲ្យបានស្អាតជានិច្ច ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ទាំងអនាម័យ សុខភាពសាធារណៈ គឺចាំបាច់ត្រូវការយើងគ្រប់រូបចូលរួមទាំងអស់គ្នា ដោយយកចិត្តទុកដាក់ខ្ពស់ និងជំរុញលើកទឹកចិត្ត ព្រមទាំងចលនាបំផុសស្មារតីដល់ប្រជាពលរដ្ឋទាំងអស់ សំខាន់យុវវ័យឲ្យចូលរួមគិត និងចូលរួមសម្អាត រក្សាអនាម័យ បរិស្ថាន ក្នុងគោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រង គ្មានសម្រាម ស្បោងប្លាស្ទីចហោះហើរនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងទីសាធារណៈ ដើមី្បធានាសុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាកម្សាន្ត ឲ្យបានល្អប្រសើរឡើងបន្ថែមទៀត ។ ម៉្យាងទៀតការធ្វើអនាម័យ បរិស្ថាននេះ ក៏បានធ្វើការយកដី សម្រាមចេញតាមចង្អូរតាមចិញ្ចើមផ្លូវ និង មាត់លូ ដើមី្បបើកផ្លូវចរន្តទឹកនៅពេលភ្លៀងធ្លាក់ ហូរបានទាន់ពេលចូលទៅក្នុងលូ កុំឲ្យដកនៅតាមចិញ្ចើមផ្លូវ ដែលងាយធ្វើឲ្យរងការខូចខាតផ្លូវទៀតផង ។

លោកបានបន្តថា ខេត្តសៀមរាប គឺជាគោលដៅរបស់ភ្ញៀវទេសចរណ៍ មកពីគ្រប់មជ្ឈដ្ឋានលើ សកលោកចូលមកទស្សនាកម្សាន្ត ដោយខេត្តសៀមរាបជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប ព្រមទាំងមាន រមនីយដ្ឋានធម្មជាតិ (បឹងទន្លេសាប និង ភ្នំគូលែន ) ។

ក្នុងនោះលោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព អនាម័យ បរិស្ថាន ព្រមទាំងធ្វើការឲ្យត្រូវចេះធ្វើអនាម័យ បរិស្ថាននៅតាមភូមិដ្ឋាន និង ក្រុមគ្រួសារខ្លួន ដើមី្បភូមិដ្ឋានយើង មានសោភណ្ឌភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តទៀតផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់