លោក អ៊ុក រ៉ាប៊ុន ដង្ហែរទៀនព្រះវស្សាប្រគេនព្រះសង្ឃ នៅវត្តចំនួន២៦ក្នុងស្រុកសាមគ្គីមានជ័យ

ថ្ងៃសៅរ៍ ទី ១៣ កក្កដា ២០១៩​
5

កំពង់ឆ្នាំង៖ ពិធីបុណ្យចូលព្រះវស្សា នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងព្រមទាំងសហការីបាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ២៦វត្ត ស្ថិតក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

ពិធីប្រគេនទេយ្យទាន និងទានព្រះវស្សានេះ បានប្រារព្ធរៀបចំតាមគន្លងព្រះពុទ្ធសាសនា នៅវត្តត្រពាំងម៉ទេសឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ នឹងចូលមកដល់នៅថ្ងៃ១រោច ខែអាសាឍ រហូតដល់ទី១៥កើត ខែអស្សុជ។ ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចំាព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្ត។

ជាការទ្រទ្រង់ដល់ព្រះសង្ឃ នៅក្នុងរយៈបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម។

លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍សំណេះសំណាលបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ការរៀបចំពិធីបុណ្យសាសនាមិនថា តែសាសនាព្រះពុទ្ធនោះទេ បានប្រព្រឹត្តទៅមានលក្ខណៈអធិបអធមនិងសប្បាយជ្រះថ្លាជាទីបំផុត តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន។

លោកបានមានប្រសាសន៍បន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យពុទ្ធចក្រនិងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា។ វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ សំណង់អគារតូចធំ បានរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកជីវភាពប្រជាពលរដ្ឋបានប្រសើរឡើងជាលំដាប់ផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់