អភិបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីបុណ្យចូលព្រះវស្សា និងបានវេរប្រគេនទៀនវស្សាគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ២៧វត្ត

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
6

ឧត្តរមានជ័យ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត បានដឹកនាំមន្រ្តីរាជការ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងកងកម្លាំង ព្រមទាំងពុទ្ធបរិស័ទលោកគ្រូ អ្នកគ្រូសិស្សានុសិស្សបានយកនូវទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចំាព្រះវស្សាចំនួន ២៧វត្តដែលស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បើតាមការបញ្ជាក់របស់លោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា វត្តនៅក្នុងក្រុងសំរោងមានចំនួន ២៧ វត្ត ព្រះសង្ឃសរុបចំនួន ២៥៧ អង្គភិក្ខុចំនួន ៩០អង្គ សាមណេរ ចំនួន ១៦៧ អង្គ ក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយមានចំនួន ៣វត្ត ព្រះសង្ឃសរុបចំនួន ២៧អង្គរផងដែរ។

លោក ប៉ែន កុសល្យ បានលើកឡើងថា ក្រោមការដឹងនាំដ៏ឈ្លាសវៃនៃប្រមុខរាជរដ្ឋាភិបាលបានធ្វើអោយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះទាំងអាណាចក្រ និងពុទ្ធចក្រដែលមានការីកចម្រើន ខ្លាំងគួរអោយកត់សម្គាល់ ដោយបុណ្យចូលវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន។

ក្នុងអំឡុងពេលចូលវស្សានេះ ក្រៅពីការដាក់វេនកាន់បិណ្ឌ និងភ្ជុំបិណ្ឌផ្គត់ផ្គង់ ចង្ហាន់ បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ពុទ្ធបរិស័ទខ្មែរមានទំនៀមមួយទៀត គឺការរួមសាមគ្គីគ្នា បូជាទៀនវស្សា ដោយហែរទៅវេរប្រគេនព្រះសង្ឃនៅតាមទីអារាមនានាផងដែរ។

លោកបានបន្ដថា ក្នុងអំឡុងរយៈ៣ខែនេះ បងប្អូនដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សានេះក្នុងអំឡុងពេលនេះដែរ៕

ចែករំលែក

បញ្ចេញយោបល់