អាជ្ញាធរជាតិអប្សរាស្ដារប្រឡាយរងលេខ០២ដើម្បីបង្កើនសមត្ថភាពស្រោចស្រពស្រែប្រាំងពលរដ្ឋ៣ឃុំក្នុងស្រុកពួក

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
5

ដោយមើលឃើញពីភាពលំបាក ក៏ដូចជាមានការសំណូមពរពីប្រជាពលរដ្ឋចំនួន៣ឃុំក្នុងស្រុកពួក អាជ្ញាធរជាតិអប្សរាបាននិងកំពុងជួយស្ដារប្រឡាយរងលេខ០២ ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការងារនេះ ធ្វើឡើងក្នុងបំណងដើម្បីបង្កើនសមត្ថភាពភាពស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន៣នៃស្រុកពួក។

ប្រឡាយរងលេខ០២ គឺប្រឡាយមួយក្នុងចំណោមប្រឡាយនៃប្រព័ន្ធស្រោចស្រពរបស់បារាយណ៍ខាងលិច ដែលមានប្រវែង ៣,៣៤៤ម៉ែត្រ ចាប់ពីភូមិភូមិខ្នាត ភូមិព្រៃក្មេង ភូមិទឹកថ្លា ក្នុងឃុំខ្នាត រហូតដល់ភូមិពួកចាស់ ឃុំពួក ដើម្បីនាំយកទឹកពីបារាយណ៍ខាងលិចទៅស្រោចស្រពស្រែប្រាំងក្នុងឃុំចំនួន៣ គឺឃុំខ្នាត ឃុំសំរោងយា និងឃុំពួក ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នប្រឡាយនេះមានកំណកដី សំរាម និងរុក្ខជាតិដុះពេញ ធ្វើឱ្យរាក់ និងរួមតូច ព្រោះលូមូលកាត់ប្រឡាយចំនួន១៣កន្លែងជាប្រភេទលូមូលទោល និងកើលខ្ពស់ជាងបាតប្រឡាយ ជាមូលហេតុធ្វើឱ្យស្ទះលំហូរទឹកទៅស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋដែលទទួលទឹកតាមប្រឡាយនេះ។

ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋទាំង៣ឃុំខាងលើបានស្នើមកអាជ្ញាធរជាតិអប្សរាស្នើសុំឱ្យជួយស្ដារប្រឡាយ និងប្ដូរលូចំនួន១៣កន្លែងកាត់តាមប្រឡាយនេះ ដើម្បីបញ្ជូនទឹកតាមប្រឡាយបានលឿនទាន់ពេលវេលាតាមតម្រូវការទឹកស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ។ មកដល់ពេលនេះ ការងារនេះសម្រេចបានប្រមាណ៨០ភាគរយហើយ ៕

ចែករំលែក

បញ្ចេញយោបល់