គណៈរដ្ឋមន្ត្រីសម្រេចឱ្យសាងសង់ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ៤កន្លែងបន្ថែមទៀត

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
12

គណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចឱ្យសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ៤កន្លែងបន្ថែមទៀតមានអនុភាពសរុបប្រមាណ ១៤០មេហ្គាវ៉ាត់ ដើម្បីទាញយកថាមពលមកបំពេញសេចក្តីត្រូវការដែលកំពុងមានការកើនឡើង។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ទាំង៤នេះ ស្ថិតនៅខេត្តពោធិ៍សាត់ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់, នៅខេត្តបាត់ដំបង ផ្តល់អានុភាព ៦០មេហ្កាវ៉ាត់, នៅខេត្តបន្ទាយមានជ័យ ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់ និងនៅក្រុងបាវិត ខេត្តស្វាយរៀង ផ្តាល់អានុភាព ២០មេហ្កាវ៉ាត់។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការអភិវឌ្ឍប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែមនេះ មានសារៈសំខាន់ និងមានប្រយោជន៍ ដោយជួយផ្តល់បន្ថែម ប្រភពអគ្គិសនីដើម្បីដោះស្រាយបង្គ្រប់កង្វះខាតសេចក្តីត្រូវការអគ្គិសនីផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។

បើតាមលោក ផៃ ស៊ីផាន ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំង៤នេះ នឹងរួមចំណែកផ្តល់ប្រយោជន៍ជាច្រើនមានដូចជា៖ ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់, ផ្តល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង, នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងពេលសាងសង់ និងដំណើរការ និងរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធប្រមាណ ១,៨៦៩,៦៦៧ដុល្លារអាមេរិកក្នុង១ឆ្នាំជាមធ្យមក្នុងរយៈពេល ២១ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់នៅឡើយ។

ចែករំលែក

បញ្ចេញយោបល់