ស្រុកសាមគ្គីមានជ័យ បើកវេទិកាសាធារណៈ ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
2

ស្រុកសាមគ្គីមានជ័យ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅស្រុកសាមគ្គីមានជ័យ បានបើកវេទិកាសាធារណៈ ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ដើម្បីឆ្លើយតបឱ្យសមស្របជាមួយផែនការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកសាមគ្គីមានជ័យ គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំត្បែងខ្ពស់ និងឃុំស្វាយជុក ក្នុងស្រុកសាមគ្គីមានជ័យ សមាសភាពចូលរួមសរុបប្រមាណ ៥០០នាក់។

មានមតិសំណេះសំណាលក្នុងអង្គវេទិកា លោក ចាន់ ដារ៉ុង បានមានប្រសាសន៍ថា ការបើកវេទិកាសាធារណៈនេះគឺដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន។

លោកបានបន្តថា ការបើកវេទិកា មានគោលបំណង ផ្ដល់ព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា អំពីអាទិភាពនៃការ ងារ អភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំខាងមុខៗទៀត។ លោកក៏បានលើកឡើងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព មានកំណើន សេដ្ឋកិច្ច ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យឈានទៅមុខ។

ក្នុងវេទិកាក៏បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ លើកឡើងនូវសំណួរពាក់ព័ន្ធនានាក្នុងមូលដ្ឋាន ទទួលយកនូវសំណូមពររបស់ អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបក្នុងការលើកកម្ពស់កិច្ចសហការ និងទទួល បានព័ត៌មានប្រសើរ ជាងមុនអំពីតម្រូវការរបស់ប្រជាពលរដ្ឋ និងការ យល់ដឹងកាន់តែច្បាស់អំពីការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ៕

ចែករំលែក

បញ្ចេញយោបល់