សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការ រួមគ្នាបំបាត់ជម្រក និងប្រភពមូសខ្លា ដើមី្បការពារជម្ងឺគ្រុនឈាម

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
8

សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំបើកយុទ្ធនាការ រួមគ្នាបំបាត់ជម្រក និងប្រភពមូសខ្លា ដើមី្បការពារជម្ងឺគ្រុនឈាម ដែលបានធ្វើនៅសាលាបឋមសិក្សាមុខនាគ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីអស់ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា មន្ត្រីមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កាកបាទក្រហម និង ក្រុមយុវជនកាយរឹទ្ធកម្ពុជា ព្រមទាំងប្រជាពលរដ្ឋប្រមាន១ពាន់៩៣៤នាក់ចូលរួម ។

តាមការបញ្ជាក់របស់មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល២៦សប្តាហ៍ ឆ្នាំ២០១៩ ស្លាប់១១នាក់ ដោយសារគ្រុនឈាមនៅខេត្តសៀមរាប ។ លោកបានបង្ហាញអំពីសភាពការណ៍នៃអ្នកជម្ងឺគ្រុនឈាម ដែលបានចូលមកសម្រាក នៅតាមមន្ទីរពេទ្យទាំងអស់នៅខេត្តសៀមរាប ចាប់ពីសប្តាហ៍ទី១ ដល់សប្តាហ៍ទី២៦ ឆ្នាំ២០១៩ មានអ្នកជម្ងឺចូលមកសម្រាកព្យាបាលចំនួនសរុបទាំងអស់ ១១ពាន់ ២២៣នាក់ ស្លាប់១១នាក់ អត្រាស្លាប់ស្មើ០.០៩% ជាប្រជាពលរដ្ឋមកពី ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ឧត្តមមានជ័យ កំពង់ចាម និងខេត្តមួយចំនួនទៀត ។

ក្នុងនោះមានអ្នកជម្ងឺដែលជាប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមាន ៤ពាន់ ៤២៨នាក់ ស្លាប់៤នាក់អត្រាស្លាប់ស្មើនឹង០.០៩%។ បើតាមការអះអាងរបស់ លោក ប៊ូ សារិន ប្រធានកម្មវិធីជំងឺគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ដោយសារជម្ងឺគ្រុនឈាម បានកើនឡើងរហូតនៅឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាលបានតាមដានសភាពការណ៍ជម្ងឺគ្រុនឈាម តាមរយៈអាជ្ញាធរមូលដ្ឋាន និងបានចុះអង្កេត អេពីដេមីសាស្ត្រ-បាណកសាស្ត្រ របស់មូសខ្លាដែលវាពងដាក់ ពាងទឹក អាងទឹក និង ការវីវដ្តរបស់វា និងបានពន្យល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យពួកគាត់លាងសំអាតពាងទឹក អាងទឹក លុបបំបាត់ និង បំផ្លាញចោលសំបកកំប៉ុង សំបកកង់ឡានចាស់ៗ ដែលមានទឹកដក់ឲ្យបានជាប្រចាំ និង ដាក់ថ្នាំអាបេតក្នុងអាងទឹក ពាងទឹក ជាដើមផង ដើម្បីបំបាត់ជម្រកមូស ជាពិសេសមូសខ្លាញីដែលជាប្រភពចម្លងជម្ងឺគ្រុនឈាម ។

មានប្រសាសន៍សំណេះសំណាល ជាមួយសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និង បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសហែរក្បួនផ្សព្វផ្សាយពីការលុបបំបាត់ជម្រកមូសខ្លា ការពារគ្រុនឈាម លោកស្រី ទាង អេង ទៀសីហា បានសម្តែងក្តីសោកស្តាយបំផុតចំពោះលោកឪពុកអ្នកម្តាយដែលបានបាត់បង់កូនជាទីស្រឡាញ់ដោយសារជម្ងឺគ្រុនឈាម និងបានថ្លែងរំលែកការលំបាកចំពោះអ្នករងនូវជម្ងឺនេះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទាំងអស់ផងដែរ ។ លោកស្រី បានបន្តទៀតថា ជម្ងឺគ្រុនឈាម គឺជាបញ្ហាប្រឈមយ៉ាងស្រួចស្រាល់ និង ជាក្តីកង្វល់របស់អាណាព្យាបាល ក៍ដូចជាអាជ្ញាធរ មន្ទីរស្ថាប័ន កាកបាទក្រហមកម្ពុជា និង រាជរដ្ឋាភិបាលយើងផងដែរ ។

ដើម្បីការពារ និងបញ្ចៀសបានពីបញ្ហាឈឺ និងស្លាប់ដោយសារជម្ងឺគ្រុនឈាមនេះ សូមបងប្អូនពុកម៉ែ និងប្រជាពលរដ្ឋទាំងអស់ សំខាន់យុវវ័យគ្រប់រូប និងសិស្សានុសិស្ស ត្រូវរួមគ្នាបំបាត់ជម្រកមូស ដោយការធ្វើអនាម័យបរិស្ថានជុំវិញលំនៅដ្ឋាន សាលារៀន សំអាតអនាម័យផ្ទាល់ខ្លួនឲ្យបានជាប្រចាំ សម្រានតែក្នុងមុងសុវត្ថិភាព (មុងជ្រលុកថ្នាំ) និង ត្រូវប្រយ័ត្នចំពោះកុមារតូចៗកុំឲ្យគាត់ងូតទឹកលេង និង ដើរលេងក្បែរគុម្ពោតព្រៃផ្តេសផ្តាសជាដើម និង ប្រយ័ត្នពេលពួកគាត់គេងនៅពេលថ្ងៃ ត្រូវដាក់មុងឲ្យគាត់និងក៍ត្រូវប្រុងប្រយ័ត្នចំពោះការពិសារនិងបរិភោគចំណីអាហារ ដើម្បីចៀសវាងពីជម្ងឺរាករូស ចុកឆ្អល់ផ្សេងៗ មកយាយីដល់សុខភាពយើង។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយពីការលុបបំបាត់ជម្រកមូសខ្លា ការពារគ្រុនឈាមនេះ ធ្វើឡើងដោយយោង តាមការណែនាំរបស់កាកបាទក្រហមកម្ពុជា និងបានឆ្លងការពិភាក្សាក្រុមការងារ រួមជាមួយមន្ទីរ ស្ថាប័នអង្គភាព អាជ្ញាធរ មូលដ្ឋានផងដែរ ។ ផ្អែកតារបាយការណ៍របស់ កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបថា សកម្មភាពនេះបានធ្វើ៥លើកមកហើយនៅស្រុកអង្គរជុំ វ៉ារិន្ទ អង្គរធំ និង ក្រុងសៀមរាប ជាលទ្ឋផលអនុវត្តបាន៩៣ភូមិ ដាក់អាបេតបាន១៩ពាន់៨៤៤ពាងទឹក នៃខ្នងផ្ទះចំនួន១៣ពាន់៣៣៨ខ្នងផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់