សមាគមពាណិជ្ជករចិន ខេត្តស៊ីឈួន ប្រចាំខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
3

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមសម្ពោធសមាគមពាណិជ្ជករចិន ខេត្តស៊ីឈួនប្រចាំខេត្តព្រះសីហនុ នៅសណ្ឋាគារ ព្រីនស៍ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមដោយអភិបាលរងខេត្ត អភិបាលក្រុង មន្ត្រីរាជការ និងអ្នកវិនិយោគចិន ។

លោក វៃ ហុងបូ ប្រធានសមាគមណិជ្ជករចិនខេត្តស៊ីឈួន ប្រចាំខេត្តព្រះសីហនុ បានលើកឡើងថា ការបង្កើតសមាគមពាណិជ្ជករស៊ីឈួនសាខាខេត្តព្រះសីហនុ ផ្ដោតលើចក្ខុវិស័យសម្រាប់ក្រុមហ៊ុន និងអាជីវកម្មរបស់ខេត្តស៊ីឈួននៅក្នុងប្រទេសកម្ពុជា ។ សមាគមពាណិជ្ជករខេត្តស៊ីឈួនប្រចាំកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹងសាមគ្គីរបស់សហគ្រិន និងសហគ្រាសខេត្តស៊ីឈួននៅក្នុងប្រទេសកម្ពុជា ។ នេះជាប្រវត្តិសាស្ត្រសម្រាប់សភាពាណិជ្ជករស៊ីឈួនប្រចាំកម្ពុជា ក្នុងខេត្តព្រះសីហនុ ដែលមានសហគ្រាស និងបងប្អូនខេត្តស៊ីឈួនជាច្រើនបង្កើតជាគ្រួសារថ្មី ។ សមាគមសភាពាណិជ្ជករស៊ីឈួនសាខាខេត្តព្រះសីហនុ ប្រកាន់ភ្ជាប់នូវគោល នយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយ សាមគ្គីជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍បងប្អូនស៊ីឈួន ក្នុងខេត្តព្រះសីហនុ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ផ្អែកលើគោលនយោបាយផ្លូវមួយ ខ្សែរក្រវ៉ាត់មួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់ ។ ផ្ដើមចេញពីគោលនយោបាយនឹងភាពជោគជ័យដែលយើងទទួលបាននាពេលនេះ ចាត់ទុកថា មានការលូតលាស់ខ្លាំង ក្រោមគោលនយោបាយ នៃប្រទេសទាំងពីរ ខេត្តរបស់យើងទទួលអ្នកវិនិយោគគិនមកពីប្រទេសចិន ពិសេសមកពីខេត្តស៊ីឈួន កំពុងជំរុញចូលរួមការវិនិយោគនៅខេត្តព្រះសីហនុ ហើយប្រជាជនខេត្តព្រះសីហនុ ទទួលបានផលផ្លែផ្កាដូចគ្នា ដូច្នេះសមាគមស៊ីឈួន និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាដើម្បីភាពថ្កុងថ្កើងរុងរឿងទាំងអស់គ្នា ។

លោកអភិបាលខេត្ត ក៏បានស្នើសុំប្រធានសមាគមថ្មី បន្តកិច្ចសហការល្អថែមទៀត ជំរុញអ្នកវិនិយោគខេត្តស៊ីឈួន អនុវត្តតាមច្បាប់ នៃកម្ពុជា ទោះបីនៅទីនេះ ជាលំនៅដ្ឋានទី២ របស់សមាគមស៊ីឈួន យើងបានរស់នៅលើទឹកដីតែមួយជាមួយគ្នា យើងធ្វើសកម្មភាពនៅកន្លែងតែមួយជាមួយគ្នា ចាំបាច់មានការឈ្វេងយល់ពីគ្នាទៅវិញទៅមកឱ្យបានល្អ ទាំងច្បាប់ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីចែករំលែកឱ្យមានប្រសិទ្ធភាព ។ លោកបានបន្តថា តួនាទីរបស់សមាគមពិតជាចាំបាច់ ដល់ការផ្សព្វផ្សាយ ចែករំលែកអ្វីដែលប្រជាជនខេត្តព្រះសីហនុមាន ជូនទៅដល់បងប្អូនអ្នកវិនិយោគិនមកពីខេត្តស៊ីឈួន ចែករំលែកវប្បធម៌ និងប្រពៃណីអ្វីដែលខ្លួនមាន ដល់ប្រជាជនខេត្តព្រះសីហនុ បានដឹងមានការយល់ពីគ្នា ទៅវិញទៅមក យើងពិតជាអាចរស់នៅក្នុងសហគមន៍មួយដែលមានភាពសុខដុមរមណី ។ ចាំបាច់ត្រូវធ្វើការចែករំលែកទាំងការងារសន្តិសុខ ការងារអភិវឌ្ឍន៍ ការងារមនុស្សធម៌ យើងជឿជាក់ថា សមាគមស៊ីឈួន និងផ្ដល់ក្តីស្រឡាញ់ដល់ខេត្តព្រះសីហនុ និងកសាងភាពរុងរឿងនៅលើទឹកដីខេត្តព្រះសីហនុក្នុងគោលដៅយូរអង្វែង ប្រកបដោយចីរភាព ៕

ចែករំលែក

បញ្ចេញយោបល់