យុទ្ធនាការដាក់ថ្នាំអាបែត និងអប់រំពលរដ្ឋពីការលុបបំបាត់ជម្រកមូសខ្លា និងការចុះសួរសុខទុក្ខអ្នកជំងឺគ្រុនឈាមក្នុងខេត្តកំពង់ធំ

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
5

កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ព្រមទាំងសហការី បានដឹកនាំយុទ្ធនាការដាក់ថ្នាំអាបែត និងអប់រំប្រជាពលរដ្ឋ ពីការលុបបំបាត់ជម្រកមូសខ្លា នៅមណ្ឌលសុខភាពស្រយ៉ូវ នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៩ ដើម្បីចូលរួមចំណែក ទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ ជាមួយគ្នានេះ ក៏មានការបន្តដំណើរចុះសាកសួសុខទុក្ខ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ខេត្តកំពង់ធំផងដែរ។

លោកអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ជម្រកមូសខ្លា គឺនៅតាមកន្លែងដក់ទឹកថ្លា ដែលមានក្នុងពាងទឹក អាងទឹក សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប ចានស្នោរ និងសំបកវត្ថុដក់ទឹកភ្លៀងផ្សេងៗ ដូច្នេះយើងបានរួមគ្នា ជាមួយមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានប្រឹងប្រែងចុះមកដាក់អាបែត ដើម្បីសម្លាប់ដង្កូវទឹក និងអប់រំប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងអំពី ការលុបបំបាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារ ជំងឺគ្រុនឈាម មកគ្រួសាររបស់គាត់ឡើយ ហើយគាត់បានចូលរួមចំណែកដ៏សំខាន់ក្នុងការលុបបំបាត់ជំងឺគ្រុនឈាមផងដែរ។

ជាមួយគ្នានោះដែរ លោក សុខ លូ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខដោយសេចក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា និងបាននាំយកថវិកា និងសម្ភារមួយចំនួនចែកជូនដល់ពលរដ្ឋ ដែលមានជំងឺទូទៅ និងកុមារតូចៗមានជំងឺគ្រុនឈាម។ លើសពីនេះទៀត លោកអភិបាលខេត្ត បានណែនាំឲ្យប្រជាពលរដ្ឋត្រូវសំអាតបរិស្ថានជុំវិញមជ្ឈដ្ឋានរស់នៅ ឲ្យបានស្អាត ត្រូវបំបាត់ជម្រកមូសខ្លា ជាពិសេស ត្រូវដេកក្នុងមុងជាប្រចាំ ហើយប្រសិនបើកូនតូចៗ មានអាការៈក្តៅខ្លួនខ្លាំង សង្ស័យថាមានជំងឺគ្រុនឈាម ត្រូវប្រញាប់យកមកមន្ទីរពេទ្យជាបន្ទាន់៕

ចែករំលែក

បញ្ចេញយោបល់