លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា បច្ចុប្បន្នស្ដ្រី និងយុវជន មានឱកាស និងជម្រើសច្រើនជាងមុន

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
7

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទទិវាប្រជាជនពិភពលោកលើកទី៣០ និងខួបទី២៥ឆ្នាំ នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍនៅមជ្ឈមណ្ឌល CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនិងនិសិត្សជាច្រើនផងដែរ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ថា រយៈពេល២៥ឆ្នាំចាប់តាំងពីការអនុម័តកម្មវិធីសកម្មភាព នៃសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍនៅទីក្រុងគែរប្រទេសអេហ្ស៊ីប ឆ្នាំ១៩៩៤ ដោយទទួលស្គាល់ថា សិទ្ធិនិងសុខភាពបន្ដពូជ និងការផ្ដល់ភាពអង់អាចល់ស្ដ្រី និងយុវជន គឺជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព និងប្រកបដោយបរិយាប័ន្ន ដែលមានដំណើរការវិវត្តជាច្រើនគួរឲ្យកត់សម្គាល់។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបន្តថា បច្ចុប្បន្នស្ដ្រី និងយុវជន មានឱកាសនិងជម្រើសច្រើនជាងមុន ហើយស្ដ្រីបានទទួលការអប់រំប្រសើរជាងមុន និងបានចូលរួមក្នុងការងារសង្គម សេដ្ឋកិច្ចច្រើនជាងមុនដូចគ្នា។ សំខាន់ជាងនេះ ស្ដ្រីអាចកំណត់អំពីចំនួនកូន និងគួរមានកូននៅពេលណា ដោយសារស្ដ្រីអាចទទួលបានព័ត៌មាន និងសេវាពន្យាកំណើតរួមទាំងការថែទាំសុខភាពក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូនជាមួយឆ្មបមានជំនាញកន្លែងដែលមានសុវត្ថិភាព។ លោកបានរំលឹកថា នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ថា កម្មវិធីសុខភាពបន្ដពូជ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏នៅតែបន្ដទទួលស្គាល់ថា ការដែលស្ដ្រី និងក្មេងស្រីបានទទួលសិទ្ធិពេញលេញនេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាពបាននៅកម្ពុជា។

លោក ស ខេង ក៏បានផ្ដល់នូវការណែនាំមួយចំនួនផងដែរ ដោយឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការសង្គមស៊ីវិលក្នុងការជំរុញការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្ដរជាតិស្ដីពីការប្រជាជន និងការអភិវឌ្ឍសំដៅសម្រេចបានជោគជ័យ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដោយ «គ្មាននរណាម្នាក់ ត្រូវបានទុកចោល»។ លោកក៏បានណែនាំឲ្យក្រសួងផែនការ តាមរយៈអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ ត្រូវបន្ដកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេស UNFPA រៀបចំទិវាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រជាជន និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេសសុខភាពបន្ដពូជរបស់ស្ដ្រី និងក្មេងស្រី៕

ចែករំលែក

បញ្ចេញយោបល់