ប្រសិនបើគណនី Facebook ណាប្រឌិតព័ត៌មានក្លែងក្លាយ ធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
24

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា គណនី Facebook ទាំងឡាយណា ដែលប្រឌិតព័ត៌មានអាក្រក់លើស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រី នៅក្នុងតំណែងនាំឱ្យមានការជ្រួលច្របល់មតិសាធារណៈ ប៉ះពាល់ដល់សន្តិសុខជាតិ គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកបានលើកឡើងថា ប្រសិនបើគណនីហ្វេសប៊ុកណាមួយ ប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈ ជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។

ជាការកត់សម្គាល់ ការដាក់ចេញវិធានការច្បាប់ចំពោះជនបំភ្លៃព័ត៌មាន ពាក់ព័ន្ធសុខភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ បានធ្វើឡើងបន្ទាប់ពីមានជនទុច្ចរិតមួយចំនួន នៅលើបណ្តាញសង្គម Facebook តែងតែបង្ហោះព័ត៌មានប្រឌិត និងប្រមាថមកលើអាយុជីវិតរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅនេះ គ្រាន់តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចេញទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី មានក្រុមជនទុច្ចរិតលើបណ្តាញសង្គម បង្ហោះព័ត៌មានបំភ្លៃការពិតជាច្រើនពាក់ព័ន្ធសុខភាពរបស់លោក។ ការបង្ហោះសារប្រឌិតរបស់ក្រុមជនទុច្ចរិតនេះ ត្រូវបានគេចាត់ទុកជាការប្រមាថដល់អាយុជីវិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រូវបានមើលឃើញថា មានចេតនាបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសផងដែរ៕

ចែករំលែក

បញ្ចេញយោបល់