លោក សរ វណ្ណា ដឹកនាំក្រុមការងារចុះអប់រំអំពីការថែទាំអនាម័យបរិស្ថាន ជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាម

ថ្ងៃព្រហស្បតិ៍ ទី ១១ កក្កដា ២០១៩​
11

ស្វាយរៀង : នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំមន្រ្តីសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព សរុបចំនួន ២៥នាក់ បានចុះអប់រំអំពីការថែទាំអនាម័យបរិស្ថាននៅជុំវិញបរិវេណផ្ទះ ពិនិត្យដង្កូវទឹកក្រោយពេលដាក់ថ្នាំអាបែតរួច និងបាញ់ថ្នាំកម្ចាត់មូសខ្លា ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម នៅសាលាបឋមសិក្សាចេក និងវិទ្យាល័យ ហ៊ុន សែន ចេក។

ក្នុងពិធីនោះចំនួនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមសរុប ៧៧៣នាក់ ស្រី ៣៨១នាក់ និងចុះតាមខ្នងផ្ទះនៅភូមិធ្មល់ និងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង បានចំនួន ៨៨ខ្នងផ្ទះ។

ក្នុងគោលបំណងនៃការអប់រំអំពីការថែទាំអនាម័យអំពីបរិស្ថាននេះ ដើម្បីការពារបង្ការជម្ងឺគ្រុនឈាម ដែលអាចឆ្លងតាមរយៈនៃមូសខ្លាខាំ ការកម្ចាត់ជម្រកមូសខ្លា យុទ្ធនាកានេះ ក៏បានធ្វើការបែងចែកជាក្រុមធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានដូចជា៖

១៖ សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេណផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ ។ល។

២៖ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ធ្វើយ៉ាងណាឲ្យមានពន្លឺ ចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស ។
៣៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។
៤៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជាមុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម៕

បញ្ចេញយោបល់