ទស្សនៈមិត្តអ្នកអាន៖ ក្រុមប្រឆាំងបង្ហាញពីភាពទាល់ច្រកកាន់តែខ្លាំង

ថ្ងៃពុធ ទី ១០ កក្កដា ២០១៩​
17

ដោយ​ដឹង​ខ្លួន​កាន់​តែច្បាស់​ថា​នឹង​មិន​អាច​វិល​ត្រឡប់​មក​កាន់​ជីវិត​នយោបាយឡើង​វិញ​បាន​ និង​​​មិន​​មាន​​អ្នក​ហែ​ហម​ច្រើន​ទៅ​តាម​ខ្លួន​ទៀត​នោះ​ ​ទណ្ឌិត សម រង្ស៊ី​ និង​យាយ ហួរ​ (មួរ សុខហួរ) ​តែ​ពីរ​​នាក់​​គត់​​ បាន​​បង្ខំ​​ចិត្ត​​ទៅ​សំពះ​​សុំ​​​​អង្វរ​​សមាជិក​សភា​សហភាព​អឺរ៉ុប​ដែល​ធ្លាប់​ស្គាល់​ចំនួន​ប្រមាណ​ប្រាំ​​មួយ​​​​ទៅ​​ប្រាំពីរ​នាក់​​​ឱ្យ​​ជួ​យ​​​ជូន​គាត់​ត្រឡប់​​មក​ស្រុក​ខ្មែរ​វិញ​ព្រោះ​ខ្លាច​អាជ្ញាធរមាន​សមត្ថកិច្ច​​​​ចាប់​ខ្លួន​។ ​​ដូច្នេះ​​ហើយ​ទើប​​ប៉ុន្មាន​​​ថ្ងៃ​​មុន​នេះ​ គេ​ឃើញ​មាន​សមាជិក​សភាសហភាព​អឺរ៉ុប​ប្រមាណប្រាំមួយ​ទៅ​ប្រាំ​ពីរ​​​នាក់​​ដែល​ជា​ចំនួន​​ដ៏​តិច​តួច​នៃ​ស​មាជិក​សភា​សហភាព​អឺរ៉ុប​ទាំង​មូល​ បាន​បង្ហាញ​បំណង​របស់​ពួក​គេ​​ថា​​ចង់​ហែហម​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ទាំងនេះ ត្រឡប់​មក​កម្ពុជា​វិញ​​ដើម្បី​ជាខ្នង​បង្អែក​ការពារ​មិន​ឱ្យ​មាន​ការ​ចាប់​ខ្លួនពួកគេ តាម​សាល​ដីកា​​របស់​តុលា​ការ​ពីសមត្ថកិច្ច​កម្ពុជា​ ​ដែលការ​បង្ហាញ​បំណង​នោះ​​គ្មាន​​ការ​​ប្រកាស​ពី​កាល​​បរិច្ឆេទ​​ពិតប្រាកដ​ណា​មួយ​នោះ​ឡើយ​។​ បើសិន​​​ជាមាន​រឿងដូច្នេះ​មែន​នោះ វា​ជា​​រឿង​​ដែល​គួរ​ឱ្យ​ហួស​ចិត្ត​ និង​ដែល​មិន​អាច​កើត​មាន​បាន​ឡើយ​ ដោយ​ហេតុ​ថាទង្វើ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទង្វើ​ខុស​​ច្បាប់​​អន្តរជាតិ​ ដោយ​មិន​គោរព​​អធិបតេយ្យ​​ និ​ង​នីតិរដ្ឋ​របស់​កម្ពុជា​ និង​ជា​ពិសេស​ជាង​នេះ​គឺ​​ជា​​ទង្វើ​ដែល​គ្មាន​លក្ខណៈ​ការ​ទូត​ទាល់​តែ​សោះ​ ដែល​ក្នុង​នាម​ពួក​គេ​ជា​អ្នក​ចេះ​ដឹង​​ និង​​ធ្វើ​​ការ​​ងារ​​ខាង​​ផ្នែក​​​ច្បាប់​ត្រូ​វ​តែគោរព​នោះ​។​​

សមាជិក​សភា​សហភាព​អឺរ៉ុបមួយចំនួន​តូច​ទាំង​នោះ​​គួរ​មើល​ឱ្យ​ឃើញ​ថា​ ក្រុមឧទ្ទាមនេះ បាន​​​​​រត់​​​គេច​ខ្លួន​​​​ពី​បទ​ត្រូវ​ចោទ​ ​​និង​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​ជាច្រើន​ករណីនៅកម្ពុជា​ដូចជា​អំពើ​​​ក្បត់​ជាតិ​ឃុប​ឃិត​ក្នុ​ង​​ការ​លួច​ចុះ​ហត្ថលេខា​ជាមួយ​បរទេស ​ក្នុង​ការ​កាត់​ទឹក​ដី​កម្ពុជាចំនួន​បួន​ខេត្ត​​នៅ​​​ភាគ​ឥសាន្តឱ្យ​ទៅ​ពួក​​យួ​ន​​​សេរី​​ «ដេហ្គា» បទ​ប្រមាថ​​អង្គ​ព្រះ​មហាក្សត្រ​ បទញុះញង់​ឱ្យ​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​ និងបទ​​ញុះ​ញង់​ឱ្យ​យោ​ធិន​មិ​ន​​ស្តាប់​បញ្ជារជាដើម​។​​ ដូច្នេះហើយ​​​សមាជិក​សភា​សហ​ភាព​​​អឺរ៉ុប​​ទាំង​នោះ​​មិន​ត្រូវ​លូក​​ដៃ​​ចូល​​មក​​រារាំងសក​ម្ម​ភាពស្របច្បាប់ ​របស់​​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​នោះ​​ឡើយ​​។​

ទោះបី​​ជា​បែប​នេះ​​ក្តី​​ក៏​​ក្រុម​​អ្នក​​វិភាគ​​​នៅ​​តែ​វាយ​​តម្លៃ​​ដដែល​​ថា​​ ទណ្ឌិត​រូប​នេះ​នឹងនៅ​តែ​​មិន​ហ៊ាន​វិល​ចូល​ស្រុក​នោះឡើយ​ ដរាប​ណា​គ្មាន​សញ្ញាភ្លើង​ខៀវ​​ពីបុរសខ្លាំង​ គឺ​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ។​​ មាន​ហេតុ​ផល​ជាច្រើន​ដែល​ការ​វិភាគអាច​វាយ​តម្លៃ​បានយ៉ាងៗ​​ថា ​ទណ្ឌិត​ សម រង្ស៊ី​ មិន​​អាច​ចូល​ស្រុក​​​វិញ​​បា​ន​នៅ​ក្នុង​​ខែ​កញ្ញា​ខាង​មុខ​នេះ​ ហើយ​បំណង​ចង់​ឱ្យ​បរទេស​ហែហមរបស់​ទណ្ឌិតរត់​ចោល​ស្រុក​​នៅ​ពេល​​នេះ​​ បង្ហាញ​ពី​ភា​ព​ទាល់​ច្រក​កាន់​តែខ្លាំង​របស់​ក្រុម​ប្រឆាំង​។

តើមូលហេតុអ្វីខ្លះដែលមេឧទ្ទាម មិនហ៊ាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​ដូច​អ្វី​ដែល​ខ្លួន​អះអាង​នោះ​?

ទី១-​ ជាអ្នក​នយោបាយ​ដែល​មិនហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ហេតុ​ការណ៍​​​​កើត​ឡើង​ក្រោយ​ពេល​​​ដែល​ខ្លួន​​បា​​ន​​ប្រព្រឹត្ត។ រៀង​រាល់​លើក​ដែល​ទណ្ឌិត​រូប​នេះ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​ខុស​ច្បាប់ ​ហើយ​តែង​រត់​ចោល​សមរភូមិ​យក​រួច​ខ្លួន​​ ហើយ​តែង​បន្សល់​ទុក​ឱ្យ​អ្នក​ដែល​ជឿ​តាម​ការ​ញុះ​ញង់​​រង​​ទុក្ខ​ទោស​​​​​ជាដរាប​។​ ទី​បំផុត​ប្រ​ជាពលរដ្ឋ​​ដែល​ត្រូវ​ច្បាប់​ចាប់​យក​មក​អនុវត្តទោស​ ត្រូវ​ជាប់​គុគ​ច្រវ៉ាក់​និង​បាត់​បង់​ឱកាស​ការងារ​ចិញ្ចឹម​ជីវិត​ និ​ង​ទ្រទ្រង់​ជីវភាព​គ្រួសារ​​ដោយ​សារ​​តែ​ការ​ជឿ​តាម​ការ​ឃោសនា​របស់​ទណ្ឌិត​រូប​នេះ​។​ ជាក់​ស្តែង​ ការ​ប្រកាស​ថ្មីៗនេះ​ថានឹង​មក​កម្ពុជា​លុះត្រា​តែ​មាន​គេ​ហែហម​ ដូច្នេះ​បើ​គ្មានអ្នក​​ហែហម​​​ទេ​​នឹងមិនវិលចូលស្រុកទេឬ?។

ទី២- ការ​ប្រកាស​វិល​ចូល​ស្រុក​របស់​ទណ្ឌិត​រត់​ចោល​ស្រុក​​នៅពេលនេះ គឺគ្រាន់​តែជាយុទ្ធវិធី​​ធ្វើ​ឱ្យ​គេ​ចាប់​​​អា​រម្មណ៍​​ ទទួលស្គាល់ថាខ្លួន​នៅ​តែ​សកម្ម​ក្នុង​នយោបាយ​ខ្មែរ​ និង​ដើម្បី​វាស់​ស្ទង់​សម្លេង​​អ្នក​គាំ​ទ្រ​ដែល​​​នៅ​សេស​​សល់​​ដ៏​តិច​តួច​​របស់​ខ្លួន​​។ ប៉ុន្តែ​ ពេល​ដែល​សម្លេង​ទាំង​នោះ​នៅ​តែ​ខ្សត់​ខ្សោយ​ ទណ្ឌិត​រត់​​ចោល​​ស្រុក ​និង​គូកន​​​នឹង​បន្តបោក​ប្រាស់​ ​​ភូត​កុហក់​​ដដែល​​​ហើយ​ក៏នៅតែ​បន្ត​ប្រមូល​ថវិកា​ពី​អ្នក​ដែល​​ចាញ់​​​​​ការ​​​​បោក​ប្រាស់​​ដើម្បី​យក​ទៅ​បំពេញ​ការ​ធ្វើ​ទេសចរណ៍​របស់​ទណ្ឌិត​រូប​នេះ​ និង​បរិវា​ពីរ​ ឬបី​នាក់​​​នៅ​ក្បែរ​​ខ្លួន​ដើម្បី​កំដរ​ជីវិត​នយោបាយ​ចុងក្រោយ​ នៅពេល​ដែល​វ័យ​កាន់​តែចាស់​ណាស់​ទៅហើយ​ប៉ុណ្ណោះ​​។​

ទី៣-​ក្នុង​វ័យ​ជាង​៧០ឆ្នាំ​ទៅហើយ​ ប្រាជ្ញា កម្លាំង ​​ស្មារតី កាន់​តែ​ខ្សោយ និង​ត្រូវ​រួម​រឹត​ដោយ​ជំងឺ​មួយចំនួន​ថែម​ទៀត​​​ ម្យ៉ាង​ជាមនុស្ស​មាន​ប្រវត្តិ​ជាត្រកូល​អភិជន​ មិន​ធ្លាប់​ឆ្លង​កាត់​ភាព​លំបាក​ វេទនា​ ជា​ពិសេស​​​ជីវិត​​នៅ​ក្នុង​ពន្ធនា​គារដែល​ត្រូវ​ទទួល​ការ​អប់​រំ​កែប្រែ​​​ ដូច្នេះ​ ច្បាស់​ណាស់​ថា​ទណ្ឌិត​រូប​នេះ​នឹង​មិន​ហ៊ាន​មក​ប្រឈម​មុខ​ទទួលទោសនោះ​ទេ​។ ជាង​នេះ​​ទៀត​​​ប្រពន្ធ​ និង​កូន​​របស់​ទណ្ឌិត​រត់​ចោល​ស្រុក​នេះ​ ក៏​មិន​ចង់​ឃើញ​ប្តី​ និង​ឪពុក​របស់​ខ្លួន​ ត្រូវ​បាន​សមត្ថ​កិច្ច​វាយ​ខ្នោះ​ និងញាត់​​​គុក​​នៅ​កម្ពុជា​ឡើយ​ គឺ​សុខចិត្តឱ្យ ដេក​ផ្ទះ​​​នៅ​ស្រុក​បារាំង​​​វិញ​​វា​​ប្រសើរ​​ជាង​​មក​ជាប់​គុក​នៅកម្ពុជា។

ទី៤​-ក្រុម​អ្នក​វិភាគក៏​​​បាន​កំណត់​ និង​វាយ​តម្លៃ​នូវ​ចំណុច​ដ៏​រស៊ើប​បំផុត​មួយ​ទៀត​គឺ​ ប្រសិន​បើ​ទណ្ឌិត​រត់​​ចោល​ស្រុក​រូប​នេះ​ ក្លាយ​ទៅ​ជា​កាក​សំណល់​អាយ៉ង​របស់​បរទេស​នៅ​នាទី​ចុង​ក្រោយ​នៃ​ជីវិត​នយោ​បាយ​​ហើយ​​នោះ​ ក្រុម​បរទេស​ទាំង​នោះ​នឹង​ជំរុញ​ឱ្យ​ទណ្ឌិត​រូប​នេះ​ចូល​ស្រុក​វិញ​មែន​​ដោយ​អះ​អាង​ថា​ពួក​​គេ​នឹង​ហែហម​ដំណើរ ហើយ​នៅពេល​ដែល​ទណ្ឌិត​រូប​នេះ​ជាន់​ទឹក​ដី​កម្ពុជា​ភ្លាម​ ​​គឺ​​អាច​​នឹង​​មាន​​អំពើ​ឃាត​កម្ម​បាញ់​ប្រហារសម្លាប់​​ពី​ក្រុម​ភេវរករ​ទៅ​លើ​ទណ្ឌិត​រូប​នេះ​តែ​ម្តង​ បន្ទាប់​មកក្រុម​បរទេស​ទាំង​នោះនឹង​ចោទ​ប្រកាន់​​ និង​ទម្លាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាល​តែ​ម្តង​។ ករណី​នេះ​ក៏​ធ្លាប់​បាន​កើត​មាន​ចំពោះ​អតី​ត​ប្រធា​នា​ធិបតី​​ប្រទេស​ហ្វីលីពីន​ដូច្នោះ​​ដែរ​។​​

ទាំង​នេះ​គ្រាន់​តែ​ជា​ហេតុ​ផល​ធំ​ៗ​ ដែល​បញ្ជាក់​អំពី​លក្ខខណ្ឌ​ដែល​ទណ្ឌិត​រត់​ចោល​ស្រុក​​​​ នឹង​គ្មាន​​ភាព​​ក្លា​ហាន​​ចូល​​ស្រុក​​តាម​ការ​សន្យានោះ​​ឡើយ​ ហើយ​អ្វី​ដែល​ទណ្ឌិត​រូបនេះ​ប្រកូក​ប្រកាស​នោះ​គឺ​គ្រាន់​តែ​ជាសារ​នៃ​សង្គ្រាមចិត្ត​សាស្ត្រ​ និង​បង្ហាញ​ពី​ភាព​ទាល់​ច្រក​កាន់​តែខ្លាំង​ក្នុង​ការ​ចង់​វិល​ត្រឡប់​មក​ឆាក​នយោបាយ​វិញ​តែ​ប៉ុណ្ណោះ​។ ទោះ​បី​ជា​ទណ្ឌិត​រូប​នេះ និង​បរិវា​​​ខិត​ខំទៅ​សំពះ​អង្វរ​សមាជិក​សភា​សហភាព​អឺ​រ៉ុប​មួយចំនួន​តូច​ម​ក​ហែហម​ចង់​ត្រឡប់​មក​កម្ពុជា​វិញ​យ៉ាង​ណា​ក្តី​ ក៏ក្រុម​​អ្នក​វិភាគ​នៅ​តែ​វាយ​តម្លៃ​ថាទណ្ឌិត​​រូបនេះ នឹង​មិន​ហ៊ាន​វិល​ត្រឡប់​មក​ជាប់​គុគ​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ដូច​ការ​សន្យា​​​របស់​ខ្លួន​​ដែរ​ ដរាប​ណា​គ្មានសញ្ញាភ្លើង​ខៀវ​ពី​​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ ពិសេស​ជាង​នេះ​​ទៀត​​ដរាប​​ណា​​គ្មាន​​​ការ​​លើក​​លែង​​ទោស​​ពី​​ព្រះ​មហាក្សត្រ​​៕​

 ដោយ៖ សួន ចំរើន​​

បញ្ចេញយោបល់