ជារដ្ឋអធិបតេយ្យ កម្ពុជាត្រូវការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្រោមច្បាប់ជាតិរបស់ខ្លួនដាច់ខាត

ថ្ងៃចន្ទ ទី ៨ កក្កដា ២០១៩​
15

ការជឿជាក់និងធ្វើតាមទណ្ឌិតសម រង្ស៊ី ជាមេឧទ្ទាមក្រៅវច្បាប់បាននិងកំពុងបង្កើត និងធ្វើចលនាបំបះបំបោរប្រឆាំងនឹងសន្តិសុខសង្គម ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រ​ជាជនដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន របស់ជនបរទេសមួយចំនួនក្នុងបំណងជួយឬបំណ​ងរំលោភច្បាប់របស់ប្រទេសកម្ពុជា គឺផ្ទុយទៅនឹងគោលការណ៍រួមនៃនីតិអន្តរជាតិ។ ទណ្ឌិតរត់ចោលស្រុកមួយនេះបានប្រកាសដដែលៗពីការវិលត្រឡប់របស់ខ្លួនជាមួយនឹងការសន្យាហែរហមការវិលត្រឡប់ជាមួយនឹងទណ្ឌិតរូបនេះពីសំណាក់សមាជិកសភាអឺរ៉ុបមួយចំនួនតូចបានបង្កើតឱ្យមានចម្ងល់មួយចំនួនលើកឡើងថា តើការហែរហមការវិលត្រឡប់របស់ពួកគេជាមួយនឹងទណ្ឌិតដែលតុលា​ការ​កម្ពុជាកំពុងតាមចាប់ខ្លួន អាចជាអំពើត្រឹមត្រូវតាមច្បាប់កម្ពុជា និងច្បាប់ការទូតដែរឬទេ?

កម្ពុជាជារដ្ឋអធិបតេយ្យមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស មានសិទ្ធិអំណាចអនុវត្តច្បាប់របស់​ខ្លួនក្នុ​ងដែនអធិបេតយ្យរបស់ខ្លួន ដោយមិនត្រូវមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការរំលោភបំពាន​លើឯករាជ្យ និងសិទ្ធិអធិបតេយ្យជាតិរបស់ខ្លួនបានឡើយ។ ជាការពិត ការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋ​មួយ និងការមិនរំលោភបំពានលើឯករាជ្យ និងអធិបេតេយ្យជាតិនៃរដ្ឋមួយពីបរទេសណាមួយ មិនថាប្រ​ទេ​សតូច ឬធំឡើយ គោលការណ៍គ្រឹះនៃនីតិអន្តរជាតិដែលបានកំណត់ក្នុងសន្ធិសញ្ញាទីក្រុងវីយ៉េនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូតរវាងរដ្ឋ និង រដ្ឋ។ មាត្រា៤១ នៃសន្ធិសញ្ញានេះបានតម្រូវឱ្យបុគ្គលទាំងអស់ ដែលទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ត្រូវគោរពច្បាប់ និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ ហើយបុគ្គលទាំងនោះក៏ត្រូវមានកាតព្វកិច្ច មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះផងដែរ។

ដោយឡែកច្បាប់ស្តីពីអន្តោប្រវេសន៍កម្ពុជាឆ្នាំ១៩៩៤ បានចែងអំពីកាតព្វកិច្ចដែលត្រូវបំពេញមុនចូលកម្ពុជា ការអនុញាតឱ្យចូលត្រូវគិតគូរពីសន្តិសុខជាតិ និងផលវិបាកចំពោះការចូលដោយលបលាក់ បន្លំ ឬ ដោយម​ធ្យោបាយខុសច្បាប់ផ្សេងៗទៀត ដែលផ្ទុយនឹងច្បាប់ជាធរមានរបស់កម្ពុជា។ ក្នុងន័យនេះ ទណ្ឌិតដែលតុ​លាកា​រកម្ពុជាមានដីការតាមចាប់ខ្លួន ហើយក៏ជាបុគ្គលដែលត្រូវប្រឈមមុខនឹងបណ្តឹងជាច្រើនករណីទៀតដែលប្រ​ឆាំងនឹងសនិ្តសុខជាតិ និងការបរិហាកេរ្តិ៍អ្នកដទៃទៀត។ល។ នឹងត្រូវបានចាប់ខ្លួន វ៉ៃខ្នោះ យកទៅដាក់គុក។

ដូច្នេះ សមាជិកសភាអឺរ៉ុបទាំងនោះត្រូវគិតអំពីនិយាមការទូតរវាងរដ្ឋ និងរដ្ឋ ពិសេសពីនីតិរដ្ឋរបស់រដ្ឋអធិ​បតេយ្យ​មួយជាសំខាន់ ដោយមិនត្រូវប្រព្រឹត្តអំពើបោកបញ្ឆោត ឬអំពើបង្កប់ដោយឧបាយលទុច្ចរិតទាំង​ឡាយដែលនឹងធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់កម្ពុជា ពិសេសបង្ករឱ្យមានអស្ថេរ​ភាព​សង្គម ដែលអាចនឹងកើតឡើងដោយការរំលោភបំពានចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យ។

ក្នុងឋានៈជារដ្ឋអធិបតេយ្យ កម្ពុជាត្រូវតែអនុវត្តច្បាប់របស់ខ្លួនជាដាច់ខាត ឱ្យមានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់ និងការថែរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់សង្គម ដែលប្រជាជន និងប្រជាជាតិកម្ពុជា​សម្រេចបានជាងពីរទសវត្សចុងក្រោយនេះ គឺ សន្តិភាពពេញលេញ ដែលបាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ហើយដែលបាននិងកំពុងប្រែក្លាយកម្ពុជាជាប្រទេសមានវឌ្ឍនភាព វិបុលភាព​ រុងរឿង ថ្កុំថ្កើង។ ហើយប្រជាជនកម្ពុជាបានប្តេជ្ញាជ្រោងទង់សន្តិភាព ដើម្បីការអភិវឌ្ឍឱ្យមានភាពគង់វង្សរហូតតវៀងទៅ។

ដូច្នេះ បំណងនៃការហែរហមការវិលត្រឡប់ជាមួយនឹងទណ្ឌិតរូបនេះ គឺជាទង្វើផ្ទុយទាំងស្រុងទៅនឹងសន្ធិស​ញ្ញាទីក្រុងវីយ៉េន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត រវាងរដ្ឋ និងរដ្ឋ និងក៏ជាទង្វើរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយដែលជាទង្វើរគ្មានលក្ខណៈការទូត មិនគោរពអធិបតេយ្យជាតិ និងគោលការណ៍នីតិរដ្ឋរបស់កម្ពុជា ក្នុងឋានៈជារដ្ឋអធិបតេយ្យមួយ៕

ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់