អបអរសាទរ ខួបលើកទី១១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ​ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ថ្ងៃអាទិត្យ ទី ៧ កក្កដា ២០១៩​
16

ព្រះវិហារ៖​ នៅព្រឹកថ្ងៃទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​ព្រះវិហារ សហការជាមួយអាជ្ញាធរព្រះវិហារ រៀបចំពិធីអបអ​សាទរខួបលេីក ទី១១​ឆ្នាំ​ នៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក៧ កក្កដា ២០០៨~៧ កក្កដា ២០១៩ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​លោក ជុច ភឿន រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ចឹក ហេង អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក​ គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ ក្នុងឱកាស​នោះក៏មានការចូលរួមដាំកូនឈេី នៅវត្តមរកត​តេជោ​បុរី​ស្វរះ ភូមិធម្ម​ជាតិ​សម្តេច​តេ​ជោ​ ឃុំស្រអែម​ ស្រុកជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ។

ក្នុងឱកាសនោះលោកស្រី ចឹកហេង អភិបាលរងខេត្តបាន អំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួបរួមគ្នាការពារឲ្យបានរឹងមាំនូវកេរមរតកដ៏ថ្លែថ្លារបស់យើង ព្រមទាំងត្រូវបន្តថែរក្សា អភិរក្សប្រាសាទ ស្ថានីយបុរាណវិទ្យា បូជនីយដ្ឋានប្រវត្តិសាស្ត្រ តំបន់រមណីយដ្ឋានធម្មជាតិ ធនធានធម្មជាតិ និងបរិស្ថានឲ្យបានគង់វង្ស និងបានល្អស្អាតគ្រប់ទីកន្លែងផងដែរ។ យើងចាំបានថា ប្រជាជនខ្មែរទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រះវិហារធ្លាប់ទទួលរងនូវការភិតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រាសាទព្រះវិហារ និងប្រជាជនរស់នៅក្នុងតំបន់ជិតប្រាសាទព្រះវិហារ គ្រាដែលមានជម្លោះប្រដាប់អាវុធកន្លងមកតាមបន្ទាត់ព្រំដែនទិសប្រាសាទព្រះវិហារ។ ក៏ប៉ុន្តែ បន្ទាប់ពីមានការដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវបំផុត ទាំងផ្នែកការទូត ទាំងផ្នែកយោធារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះវិហារបច្ចុប្បន្ននេះពោរពេញទៅដោយសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ផ្នែក។

លោកស្រីអភិបាលរងក្នុងនាមគណៈអភិបាលខេត្តសូមគាំទ្រ និងសហការពេញទំហឹងចំពោះការដាក់ស្នើសុំបញ្ចូលរមណីយដ្ឋានប្រាសាទកោះកែរស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារជាសម្បត្តិបេតិកភណ្ឌពីភពលោកក្នុងពេលខាងមុខ ហើយជំរុញដល់មន្ទីរ ស្ថាប័នជំនាញពាក់ពន្ធ័ក្នុងខេត្តចូលរួមសហការយ៉ាងសកម្មក្នុងដំណើរការរៀបចំឯកសារដើម្បីស្នើដាក់រមណីយដ្ឋានប្រាសាទកោះកែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះអោយបានជោគជ័យ៕

បញ្ចេញយោបល់