កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រគល់អណ្តូងទឹកថ្មី ជូនប្រជាពលរដ្ឋជួបទុក្ខលំបាកខ្វះខាតទឹកប្រើប្រាស់

ថ្ងៃអាទិត្យ ទី ៧ កក្កដា ២០១៩​
10

ប៉ៃលិន៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ លោក​ ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកស្រី ជា លាភ អភិបាលរងខេត្ត និងលោក ឃ្លោក នួយ អភិបាលរងខេត្ត បានអញ្ជើញប្រគល់អណ្តូងស្នប់ទឹក ចំនួន ២ ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រី​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលមានលោកស្រី​ បាន ស្រីមុំ ជាប្រធាន។

នៅក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ពៅ សុខ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ែលិន រួមដំណើដោយសមាជិកសមាជិកាសាខា អនុសាខាក្រុងប៉ៃលិន និងក្រុមការងារ ព្រមទាំងយុវជន សសយក យុវជនកាកបាទផងដែរ។

លោកស្រី ពៅ សុខ អនុប្រធានគណៈកម្មាធិការសាខា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ លោកស្រី បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខា ជាពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកស្រីបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដោយបានចាត់ឲ្យក្រុមការងារចុះធ្វើ និងប្រគល់ឲ្យភ្លាមៗ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនឲ្យពួកគាត់ទន្ទឹងចាំយូរឡើយ។

លោក​ ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ការប្រគល់អណ្តូងទឹកនាពេលនេះ គឺដើមី្បផ្គត់ផ្គង់ទឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសក្នុងរដូវប្រាំងដែលតែងតែប្រឈមនឹងការខ្វះទឹកប្រើប្រាស់។ លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បញ្ហាសុខភាព គឺជាកត្តាចម្បងសម្រាប់មនុស្សយើងគ្រប់រូប ដូច្នេះបញ្ហាទឹកស្អាត ក៏ជាកត្តាដ៏ចាំបាច់សម្រាប់មនុស្សជាតិយើងគ្រប់រូប ក្នុងការរស់នៅប្រចាំថ្ងៃ ដើមី្បបរិភោគ និងប្រើប្រាស់ជាអចិន្ត្រៃយ៍ ព្រោះទឹកគឺជាថាមពលចិញ្ចឹមសរីរាង្គកាយមនុស្ស សត្វ និង រុក្ខជាតិ ។

នៅក្នុងឱកាសនោះផងដែរ លោក​ ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះសម្អាត និងថែរក្សាអណ្ដូងទឹកស្អាតនេះ ដើម្បីបានប្រើប្រាស់យូរអង្វែងតរៀងទៅ សមនឹងពាក្យស្លោកថា “ការប្រើប្រាស់ទឹកស្អាត និងមានអនាម័យ នាំឱ្យគ្រួសារមានសុខភាពល្អ និងមានសុភមង្គល” ហើយដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន គឺត្រូវប្រយ័ត្នចំពោះ សុខភាព អនាម័យ ជាពិសេសកុមារតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។

ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានសំដែងនូវការដឹងគុណដោយក្តីរំភើប និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងនេះ និងសូមប្តេជ្ញាខិតខំថែរក្សារាល់សមិទ្ធផលទាំងនេះឲ្យបានជាប្រយោជន៍រួមដ៏យូរអង្វែងទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា៖ អណ្តូងទឹកស្អាតដែលប្រគល់ឱ្យប្រើប្រាស់នាពេលនេះ គឺមានលេខរៀងទី២៧ ដោយ អណ្តូងនីមួយៗ មានជម្រៅចាប់ ៤០ម៉ែត្រ ដល់៥០ម៉ែត្រ មានកម្ពស់ទឹកមធ្យម ៦ម៉ែត្រគូប និងធានាទឹកប្រើប្រាស់បាន ៤ម៉ែត្រគូប៕

បញ្ចេញយោបល់