លិខិតមិត្តអ្នកអាន៖ ប្រជាជាតិខ្មែរមានភ័ព្វសំណាងបានរស់នៅក្នុងយុគសម័យសុខសន្តិភាព និងការអភិវឌ្ឍ

ថ្ងៃសៅរ៍ ទី ៦ កក្កដា ២០១៩​
6

ក្នុងឱកាសបំពេញបេសកកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ​ឡើង វិញជាសកាលលើកទី៧ ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម នៅទីស្នាក់ការអង្គការពាណិជ្ជកម្ម ពិភពលោក ក្រោមប្រធានបទ ការគាំទ្រដល់ការធ្វើពិពិធកម្ម និងការផ្តល់អំណាចសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និង ចីរភាពតាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម ដើម្បីចែករំលែករបស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយ ពា ណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយពេលដែលកម្ពុជា បានក្លាយជាសមាជិកនៃ អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ ព្រមទាំងតួរនាទីរបស់កម្ពុជានាបច្ចុប្បន្ន និង​ទៅអនាគតក្នុង ការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្តរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល។

កត្តាសុខសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យ កម្ពុជាទាំងមូលមានសន្តិភាពពេញបរិបូរណ៍ទូទាំងប្រទេសមានឯកភាពជាតិនិងឯកភាពទឹកដីក្រោមរដ្ឋ ធម្ម នុញ្ញមួយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ដោយនយោបាយឈ្នះឈ្នះ មានគុណតម្លៃជា ប្រវត្តិសាស្រ្ត ដ៏ធំធេង រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជា​ជនកម្ពុជាបានកសាងវិមានឈ្នះឈ្នះ ព្រមទាំងកំណត់ យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាទិវានយោបាយឈ្នះឈ្នះដើម្បីចារិក និងតម្កល់ទុកជានិមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយតរៀងទៅ។

ថ្លែងក្នុងវេទិកាមួយធ្វើឡើងនៅទីក្រុងហ្សឺណែវថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញយ៉ាង​ច្បាស់បំផុត អំពីសមិទ្ធផលនៃការអភិវឌ្ឍ និងវឌ្ឍនភាពនៃសេដ្ឋកិច្ចសង្គមរបស់ប្រទេស កម្ពុជាក្នុងរយៈពេល ពីរ​ទសវត្សចុងក្រោយនេះ ឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនូវវិស័យឧស្សាហកម្ម កម្មន្ត​សាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យជាដើម។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​បានចង្អុលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបានកើនជាមធ្យមរង្វង់៧,៧%ក្នុងមួយឆ្នាំ ប្រកបដោយបរិយាប័ន្ន និង សមធម៌ ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។ ហើយកម្ពុជាថែមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិ​សាស្រ្ត គឺការឆ្លងពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិត​ទាបជា​ផ្លូវការក្នុង​ឆ្នាំ​២០១៥។ សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧,៥% និង​ត្រូវបាន​ព្យាករណ៍ថា អាចបន្តរក្សាបាននូវកំណើនក្នុងរង្វង់៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេលមធ្យមទៅមុខ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅក្រោម១០% ក្នុងឆ្នាំ២០១៨។

ជាមួយគ្នានេះដែរ កម្ពុជាបានធ្វើពិពិធកម្មទាំងផលិតផល និងទីផ្សារនាំចេញដែលផ្តោតសំខាន់​លើទីផ្សា​រសហ​រដ្ឋ​អាមេរិក ទៅផ្តោតលើទីផ្សារអ៊ឺរុប ជប៉ុន តំបន់អាស៊ាន និងប្រទេសដទៃទៀត។ បច្ចុប្បន្នការនាំចេញ​របស់​កម្ពុជាកើនឡើងពី ៥,៧ប៊ីលានដូល្លារ(ស្មើនឹង៤០,៥% នៃផសស) នៅឆ្នាំ២០១២ និងកើនដល់១៣​ប៊ីលាន​ដុល្លារ(ស្មើនឹង៥៣,២% នៃផសស)នៅឆ្នាំ២០១៨។ សមិទ្ធផលទាំងនេះ បានកើតឡើងពី​ការផ្លាស់​ប្តូរ​រច​នា​សម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីប្រទេសពឹងផ្អែកលើកសិកម្ម មកជាប្រទេសពឹងផ្អែកលើឧស្សាហកម្ម និងសេវាកម្ម ដែល​បានធ្វើឱ្យ​មានការផ្លាស់ប្តូរ យ៉ាងជ្រាលជ្រៅនូវជីវភាពរបស់ប្រជាជន ទាំងខាងសម្ភារៈ និង​ទាំង​ខាង​ស្មារតី។

ជាការពិត សមិទ្ធផលសម្រេចបានដ៏ថ្លៃថ្លារទាំងនេះបានកើតឡើងពីការខិតខំប្រឹងប្រែងរប​ស់រាជរដ្ឋាភិបាល​ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ពិសេសចក្ខុវិស័យ ទស្សនវិស័យ កម្មវិធីនយោបាយដ៏ច្បាស់​លាស់ ព្រម​ទាំងបទពិសោធន៍ និងសមត្ថភាពដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជា​មាន​វឌ្ឍនភាព វិបុលភាព ក្រោមយុគសម័យសន្តិភាព ដែលលោកនាយករដ្ឋមន្រ្តី គឺ ពិតជានិមិត្តរូបនៃ សន្តិ​ភា​ព​និយម និងការអភិវឌ្ឍ ក្នុងយុគសម័យមាសមួយនេះហើយយុគសម័យមាស ឬ យុគសម័យសន្តិភាព និងការអភិវឌ្ឍនេះ ពិតជាបាន និងកំពុងលើកស្ទួយកិតិ្តយស កិត្យានុភាពជាតិនៃកម្ពុជាឡើងវិញ លើឆា​ក​អន្តរជាតិ មានចំណងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស ដោយមិនប្រកាន់របបនយោបាយ ហើយបានធ្វើឱ្យមានទំនាក់ទំនងជាប្រក្រតីជាមួយអង្គការអន្តរជាតិនានា ទាំងក្នុងក្របខណ្ឌតំបន់ ក៏ដូច​ពិភព​លោក ដែលបាននាំមកនូវការគាំទ្រ និងជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍ។ ជាមោទនភាពបំផុត ដែលកម្ពុជានាពេលបច្ចុប្បន្ន បានក្លាយជាប្រទេសដែលស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេស ក្នុងការ​ចូលរួមដល់កិច្ចការអន្តរជាតិ ដោយបានបញ្ជួនកងកម្លាំងរបស់ខ្លួន ទៅជួយថែរក្សាសន្តិភាពនៅក្នុង​ប្រទេស​មួយ​​ចំនួន ក្នុងក្របខណ្ឌប្រតិបត្តិការនៃអង្កការសហរប្រជាជាតិ។

ឆ្លងតាមសមិទ្ធផលដ៏វិសេសវិសាល ជាមួយនឹងមោទនភាពជាតិកម្ពុជាដែលទទួលបាននាពេលបច្ចុប្បន្ននេះ បាន​បង្ហាញយ៉ាងច្បាស់ថា ផ្តើមចេញពីជ័យជម្នះ៧មករា ១៩៧៩កន្លងមក ដែលកម្ពុជា សម្រេចបាន​នូវ​ការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលពុំអាចនឹកស្មានដល់។ ហើយជាថ្មីម្តងទៀតនេះ រាជ​រដ្ឋាភិបាលដឹកនាំ​ដោយគណបក្សប្រជាជកម្ពុជាមានកាតព្វកិច្ចអនុវត្តច្បាប់ការពាររដ្ឋធម្មនុញ្ញ ការពារអធិបតេយ្យភាពជាតិ និង​ឯករាជ្យជាតិ ពិសេស រដ្ឋាភិបាលបានកំទេចចោលនូវឧបាយកលបដិវត្តន៍ពណ៌របស់អតីតបក្សប្រឆាំង ដែល​ជ្រោ​មជ្រែងដោយមជ្ឈដ្ឋានអគតិខាងក្រៅ ប៉ុនប៉ងផ្តួលរំលំរាជដ្ឋាភិបាលស្របច្បាប់ ដែលផ្ទុយទាំង​ស្រុង​ពីរដ្ឋ​ធម្មនុញ្ញ ពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងពីឆន្ទៈប្រជាជន ត្រូវបានរាំងស្កាត់ទាន់ពេលវេលា តាមរយៈវិធានការអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់ និងប្រសិទ្ធភាព។

ដូច្នេះ ដើម្បីការពារបាននូវសមិទ្ធផលនៃសង្គមជាតិទាំងនេះ ការពារឯករាជ្យ និងអធិបតេយ្យជាតិ ការពារ​ឆន្ទៈ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រជាជន និងធានាឱ្យកម្ពុជាបានបន្តដើរទៅមុខយ៉ាងរឹងមាំ តាម​គន្លង​​នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមា​ន​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្រកាន់យកទស្សនៈ កែទម្រង់ខាងក្នុង ពង្រី​ក​មិត្តខាងក្រៅ ដោយត្រូវឈរលើការការពារអធិបតេយ្យភាពជាតិ និងដោយមិនត្រូវយកអធិបតេយ្យភាព​ជាតិ​ដោះដូរជាមួយនឹងជំនួយអ្វីឡើយ។ ហើយក្នុងឋានៈជារដ្ឋអធិបតេយ្យ គឺ រដ្ឋជាសមាជិកនៃ​អង្កការសហប្រ​ជា​ជា​តិត្រូវគោរពសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន ដោយ​មិនអនុញាតិឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យពីសំណា​ក់បរទេសណា​មួយ​បាន​ឡើយ។

ជារួម ប្រជាជាតិខ្មែរមានភ័ព្វសំណាងបានរស់នៅក្នុងយុគ្គសម័យសុខសន្តិភាព និងការអភិវឌ្ឍ ហើយប្តេជ្ញា​ជ្រោងទង់សន្តិភាព និងការអភិវឌ្ឍនេះឱ្យបានឋិតឋេរគង់វង្សជារៀងរហូតទៅ

 ដោយ៖ ឡុង បូរិតា

 

ចែករំលែក

បញ្ចេញយោបល់