លិខិតមិត្តអ្នកអាន៖ «យុទ្ធសាស្ត្រតាមវ៉ៃដល់ផ្ទះរបស់លោក ហ៊ុន សែន ដាក់ សម រង្ស៊ី ឲ្យស្ថិតក្នុងភាពឯកោ!»

ថ្ងៃសៅរ៍ ទី ៦ កក្កដា ២០១៩​
11

ខ្ញុំយលថា បើនិយាយនៅស្រុកខ្មែរអាចលោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចយល់ច្រឡំ ហើយបកស្រាយមកវិញថា លោក ហ៊ុន សែន ហ៊ានតែពីចម្ងាយ។ ប៉ុន្តែ កាលពីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅនិយាយនៅលើទឹកដីអឺរ៉ុបតែម្តងនៅក្បែរកន្លែងដែលលោក សម រង្ស៊ី កំពុងរស់នៅ។ ពីទីនោះ លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗដូចថ្ងៃអំពីជំហររបស់រដ្ឋាភិបាលក្រុងភ្នំពេញពាក់ព័ន្ធនឹង «សិទ្ធិស័្វយការពារ និងស្វ័យសម្រេចរបស់កម្ពុជា» ក្នុងចំណាត់ការប្រឆាំងលោក សម រង្ស៊ី ដែលកំពុងមានទោសជាប់ខ្លួន ហើយរត់គេចពីគុក។

សម្រាប់លោកនាយករដ្ឋមន្ត្រី វាជារឿងគួរឲ្យត្រេកអរ ប្រសិ បើទណ្ឌិតដែលរត់ចោលគុកយល់ព្រមវិលមកឲ្យសមត្ថកិច្ចចាប់ដាក់គុក ព្រោះលោក ហ៊ុន សែន បានប្រាប់ថា គុក និងខ្នោះដៃបាននិងកំពង់រង់ចាំឈ្មោះ សម រង្ស៊ី ដែលមានដីកាចាប់ខ្លួនរបស់តុលាការរួចហើយ។

ខ្ញុំកត់សំគាល់ឃើញថា មួយរយៈចុងក្រោយនេះ លោក សម រង្ស៊ី ដែលតែងតែយកបរទេសជាទីពឹងបានឃោសនាថានឹងមានតំណាងរាស្ត្រអឺរ៉ុប ៦នាក់ អមដំណើររូបគាត់ទៅកាន់ប្រទេសកម្ពុជាវិញនៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ ប៉ុន្តែ លោក សម រង្ស៊ី ហាក់ដូចជាភ្លេចគិតថា ចេញពីប្រទេសមួយចូលទៅប្រទេសមួយទៀតជនបរទេសមិនអាចដើរចេញចូលប្រទេសផ្សេងបានស្រេចតែតាមក្បាលវ៉ាល់ខ្លួនឯងចង់នោះឡើយ ប្រសិនបើគ្មានទិដ្ឋាការចូល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាស្រេចថា ប្រសិនបើកម្ពុជាមិនចេញទិដ្ឋាការឲ្យទេ តំណាងរាស្ត្រអឺរ៉ុបដែលចង់ដង្ហែ សម រង្ស៊ី ទៅចូលគុកនោះមិនអាចមកកម្ពុជាបានឡើយ។ ហើយទោះជាកម្ពុជាជ្រុលផ្តល់ទិដ្ឋាការជូនរួចហើយក៏ដោយចុះ ប៉ុន្តែ ពេលទៅជាន់ទឹកដីកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចនឹងនាំខ្លួនតែទណ្ឌិត និង​អ្នកផ្សេង​ទៀត ​ដែលមានដីកាចាប់ខ្លួនរបស់តុលាការទៅញាត់ក្នុងគុក ចំណែកឯជនបរទេស ឬអ្នកមិនពាក់ព័ន្ធផ្សេងទៀត អាចទៅសម្រាក​នៅសណ្ឋាគារយ៉ាងរំភើយ និងអាចធ្វើទេសចរណ៍បានពេញផ្ទៃប្រទេសកម្ពុជាបានតាមចិត្តចង់។ និយាយដោយខ្លី បើហ៊ានជាន់ដីកម្ពុជាពេលណា សម រង្ស៊ី នឹងត្រូវសមត្ថកិច្ចក្រៀកចូលគុកនៅពេលនោះភ្លាមដោយគ្មានការលំបាកឡើយ ពោលគឺងាយស្រួល ដូចបកចេកមិនថា គុកព្រៃស ត្រពាំងផ្លុង ឬគុកណាមួយផ្សេងទៀតនោះឡើយ។

សារដ៏ច្បាស់លាស់ជាថ្មីម្តងទៀតនេះរបស់លោក ហ៊ុន សែន ដែលឥតមានអ្វីប្រែប្រួលសោះនោះគឺ «កម្ពុជាដាច់ខាតមិនយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំនួយឡើយ» ព្រោះសម្រាប់រដ្ឋាភិបាលភ្នំពេញ គឺមានការយល់ និងសន្មត់ច្បាស់ណាស់ថា៖ «ទោះមាន EBA ក៏កម្ពុជាមិនក្លាយជាអ្នកមាន ហើយបើអត់ EBA ក៏កម្ពុជាមិនដាច់ពោះស្លាប់នោះដែរ។ កម្ពុជាមិនបារម្ភពី EBA ទេ តែបារម្ភពីភាពស្ពឹកស្រពន់របស់មន្ត្រី»។ នេះជាសម្តីបង្កប់ដោយភាពម៉ឺងម៉ាត់មុតស្រួចរបស់លោក ហ៊ុន សែន ទៅកាន់ពលរដ្ឋខ្មែរក្នុងប្រទេសស្វីស និងនៅអឺរ៉ុបដែលបានមកជួបជុំគ្នាទទួលគាត់។ ហើយ​សារគន្លឹះរបស់លោក ហ៊ុន សែន ដែល​បរទេសតែងតែហៅគាត់ថា ជាបុរសខ្លាំង ~Strongman ~ នោះគឺ «បើអឺរ៉ុបផ្តាច់ EBA មានន័យថា អ្វីដែលសហ​ភាពអឺរ៉ុប បានជួយកម្ពុជាកន្លងទៅប្រៀបដូចជាអំបិលត្រូវទឹក»។ សំខាន់ជាង​នេះ សហភាពអឺរ៉ុបនឹងរួមចំណែកធ្វើឲ្យក្រុមប្រឆាំងផ្កាប់មុខចប់សព្វគ្រប់តែម្តង ពីព្រោះសហភាពអឺរ៉ុបគ្មានមុខអ្វីមកនិយាយជាមួយរដ្ឋាភិបាលភ្នំពេញទៀតឡើយ»។

ការប្រកាសគោលជំហរច្បាស់លាស់របស់លោកនាយករដ្ឋមន្ត្រីនៅលើទឹកដីអឺរ៉ុបអាចចាត់ទុកថា ជាយុទ្ធសាស្ត្រតាមវ៉ៃដល់ផ្ទះ គឺវ៉ៃក្រុមប្រឆាំងដល់ក្បែរជម្រករបស់ពួកគេតែម្តង។ ហើយសារនេះទៀតសោត ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ពលរដ្ឋខ្មែរនៅអឺរ៉ុបប្រមាណជាជាង ១០០០នាក់ ដែលមកទទួលលោកនាយករដ្ឋមន្ត្រីនៅ ប្រទេស​ស្វីសផងដែរ។ ចំនួនអ្នកចេញមកទទួលដែលមានច្រើនសន្ធឹកសន្ធាប់បែបនេះ ក៏អាចសបញ្ជាក់ថា បងប្អូនខ្មែរ នៅក្រៅប្រទេសភាគច្រើន​លើសលប់លែងឆោតល្ងង់ចាញ់បោកលោក សម រង្ស៊ី ទៀតហើយ ដោយពួកគេបានងាកមកគាំទ្ររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលកំពុងខិតខំការពារ និងកសាងប្រទេសឲ្យរីកចម្រើនជារៀងរាល់ថ្ងៃ។ ការបាត់បង់ការគាំទ្រយ៉ាងគំហុគនេះហើយ ដែលធ្វើឲ្យលោក សម រង្ស៊ី រកមនុស្សមកធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន លែងបានខុសឆ្ងាយកាលពីមុន។ នេះជាសញ្ញាបញ្ជាក់ថា ក្រុមប្រឆាំងប្រហែលជាបានដើរដល់ថ្ងៃអវសាន្តហើយ។ អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅឯទីក្រុងហ្សឺណែវកាលពីយប់ថ្ងៃទី៤កក្កដា ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីសិទ្ធិស្វ័យសំរេចរបស់កម្ពុជា ចំពោះសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចដែលគាត់បានតាំងចិត្តយ៉ាង​មុតមាំថា ត្រូវតែការពារឲ្យបានទោះជាក្នុងតម្លៃណាក៏ដោយ។ ម្យ៉ាងទៀត ប្រការនេះក៏បានបញ្ជាក់អំពីសិទ្ធិស្វ័យសម្រេចរបស់កម្ពុជាដោយឈរលើផលប្រយោជន៍ជាតិ និងប្រជាជនដោយគ្មានអ្នកណាមានឥទ្ធិពលមកលើសិទ្ធិ​នេះបានឡើយ។

ខ្ញុំយល់ថា សម្តីម៉ាត់ៗរបស់លោកនាយករដ្ឋមន្ត្រីពីហ្សឺណែវ ក៏ជាសារដែលដាក់ឲ្យ សម រង្ស៊ី និងគូកនមួយក្តាប់តូចស្ថិត​ក្នុងភាពទល់ជញ្ជាំង និងឯកោកាន់តែខ្លាំង។ ខ្ញុំហ៊ានសន្និដ្ធានថា ឯកោដោយសារការរំពឹងថា អាចមានតំណាងរាស្ត្រ​អឺរ៉ុបហែរហមទៅកាន់ប្រទេសកម្ពុជា គឺមិនអាចទៅរួចនោះឡើយបើសិនជាកម្ពុជាមិនផ្តល់ទិដ្ឋាការឲ្យតំណាងរាស្ត្រអឺរ៉ុបទាំងនោះចូល។ ហើយទោះជាមានទិដ្ឋាការ ក៏ពួកគេមិនអាចការពារ សម រង្ស៊ី និងគូកនដែលមានដិកាចាប់ខ្លួនបានដែរ ពីព្រោះទី១ គឺគ្មានសិទ្ធិ និងទី២ គឺមិនអាចធ្វើបាន ពីព្រោះទីនេះជាដែនអធិបតេយ្យភាពរបស់កម្ពុជាដែលស្ថិតក្រោមច្បាប់របស់កម្ពុជា។ ហើយ​ឯកោម្យ៉ាងទៀត គឺអ្នកគាំទ្ររបស់លោក សម រង្ស៊ី បានបាត់បង់ស្ទើរទាំង​ស្រុង​ទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស។ នៅក្រៅប្រទេសរកមនុស្សមកធ្វើបាតុកម្មលែងចង់បានហើយខណៈដែលនៅក្នុងប្រទេសក៏គ្មានអ្នកណាចេញមកគាំទ្រលោក សម រង្ស៊ី ទៀតដែរ ដោយសារតែការបែកបាក់ និងអស់ជំនឿ។

សរុបមកវិញ ខ្ញុំឃើញបុរសខ្លាំងរបស់កម្ពុជាពិតជាមនុស្សសម្បូរដោយយុទ្ធសាស្ត្រ និងយុទ្ធវិធី បែងភាគមែន។ មិនថា នៅក្នុង ឬក្រៅប្រទេស លោក ហ៊ុន សែន តែងតែដាក់គូរប្រយុទ្ធឲ្យចុះខ្សោយ និងឯកោជានិច្ច។ ដូច្នេះ តើលោក សម រង្ស៊ី បានអ្វីមក​អួតក្អែងក្អាងទៀតអំពីផែនការវិលត្រឡប់របស់ខ្លួន បើពេលនេះតំណាងរាស្ត្រសហភាពអឺរ៉ុប ក៏មិន​អាចដង្ហែមកបាន ចំណែកពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏កាន់តែអស់ជំនឿ ហើយងាកមកគាំទ្រលោកនាយករដ្ឋមន្ត្រីវិញអស់​ទៅហើយនោះ? រីនៅឯក្នុងប្រទេសឯណេះវិញ អាជ្ញាធរមានសមត្ថកិច្ចនៅតែឈរយ៉ាងរឹងមាំដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយមិនអនុញ្ញាត​ឲ្យមានអ្នកណាមកបង្កភាពចលាចលបានឡើយ។

ខ្ញុំយល់ថា នេះហើយជាតម្លៃពិតនៃសិទ្ធិស្វ័យការពារ និងស្វ័យសម្រេចរបស់កម្ពុជាដែលលោក ហ៊ុន សែន បាននិងកំពុងអនុវត្ត៕

ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

ចែករំលែក

បញ្ចេញយោបល់