​​ទស្សនៈមិត្ត​អ្នក​អាន​៖ ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ គ្រាន់​តែជាខែលបិទ​បាំង​មហិច្ឆតា​ពិសពុល​របស់​បរទេសក្នុងការជ្រៀត​ជ្រែក​កិច្ច​ការ​​ផ្ទៃក្នុង​ប្រទេស​ដទៃ

ថ្ងៃសៅរ៍ ទី ៦ កក្កដា ២០១៩​
6

​សហភាពអឺរ៉ុប(EU) កាលពីថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសវៀតណាមដែលគ្មានរបាំងពន្ធគយ ពោលគឺមានទំហំធំជាង EBA ដែលបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាទៀតផង។ សហភាពអឺរ៉ុបដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបែរជាទៅចាប់ដៃធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេស​ដែល​ខ្លួន​ពី​ដើម​រៀង​មកចាត់​ទុកថា ជាប្រទេសកុម្មុយនិស្ត ផ្តាច់​ការ គ្មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅវិញ​។ ត្រង់​ចំណុចនេះ គេអាចគិតយល់បានភ្លាមថា ផលប្រយោជន៍ គឺជារឿងធំបំផុតមិនថា សេដ្ឋកិច្ច ឬភូមិសាស្ត្រ នយោ​បាយ​នោះឡើយ ទើបគេសុខចិត្តបិទភ្នែករឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមែនមកពីប្រទេសវៀតណាមមាន​ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សល្អជាងប្រទេសកម្ពុជាទេ។

បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អាចនិយាយបានថា ក្នុងចំណោមប្រទេសអាស៊ាន កម្ពុជាអនុវត្តបានល្អប្រសើរ​ជាងគេ។ កម្ពុជា ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានការបោះឆ្នោតយ៉ាងទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាដើម ចាប់តាំងពីឆ្នាំ១៩៩៣មក។ ជាក់ស្តែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ មានការចូលរួមពីគណបក្សនយោបាយចំនួន២០ និងមានអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅ ៨៣,២% ជាតួលេខមួយដ៏ខ្ពស់បំផុតបើធៀបនឹងប្រទេសមួយចំនួន ដែលបានអនុវត្តលទ្ធិប្រជាធិបតេយ្យជាយូរមកហើយ ដោយមិននិយាយពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមាន​ចំនួន​រាប់ពាន់នាក់ចូលរួមឃ្លាំមើលការបោះឆ្នោតនេះ។ ចំណុចពិសេសមួយទៀតនោះ ការបោះឆ្នោតនេះគ្មានទេ អំពើហិង្សា និងការគំរាមកំហែង សូម្បីតែមួយករណី។

កម្ពុជា ត្រូវបានចាត់ទុកថា ជាឋានសួគ៌ានៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាពីបរទេស ហើយមិនដែលរាយការណ៍មករដ្ឋាភិបាលអំពីប្រភពថវិកាទេ។ បច្ចុប្បបន្ន អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហា​ផ្ទៃមានជាង ៥៤០០ មានទាំងអង្គការធ្វើការងារដើម្បីជំរុញការអភិវឌ្ឍន៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យជាដើម។

បើនិយាយពីសេរីភាពសារព័ត៌មាន កម្ពុជាមានកាសែតចំនួន៥៥០ វេបសាយចំនួន១៤៨ ស្ថានីយ៍វិទ្យុចំនួន២១១ ទូរទស្សន៍ចំនួន២១ ទូរទស្សន៍ខ្សែកាបចំនួន១១៣ និងសមាគមន៍អ្នកសារព័ត៌មានចំនួន៣៩។ ប្រជាជនកម្ពុជាមានសិទ្ធិទទួលបានព័ត៌មានពីគ្រប់ប្រភព គ្រប់រូបភាព និងមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ ពិសេស​ការបញ្ចេញទស្សនៈ ឬមតិយោបល់​លើបណ្តាញសង្គមនានា មាន Facebook, Instagram, Youtube ជាដើម។ ទោះយ៉ាងណារាល់ការបញ្ចេញមតិទាំងអស់ ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងត្រូវចែកឲ្យដាច់ពីគ្នារវាងសិទ្ធិបញ្ចេញមតិ និងការជេរប្រមាថ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបង្ខូចកេរ្តិ៍ឈ្មោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអំពាវនាវរំលំរដ្ឋាភិបាលស្រប់ច្បាប់ដែលអាចនាំមកនូវភាពចលាចល និងការបែកបាក់សង្គម។

ខាងលើនេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ​ ​ក្នុងចំណោមបញ្ហាជាច្រើនទៀតដែលកម្ពុជាអនុវត្តបានល្អ និងទទួល​​​បាន​ការសាទរពីអន្តរជាតិ។ ​ទោះជា កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដោយប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស មាន​ការបោះឆ្នោតជាទៀងទាត់ និងការគោរពសិទ្ធមនុស្សយ៉ាងណាក៏ដោយ ក៏នៅតែមិនត្រូវទទួល​​បាន​ការស្វាគមន៍ពីបរទេសមួយចំនួនតូច ដែលមានមហិច្ឆតាជ្រៀតជ្រែកកកូរកកាយ​កិច្ចការផ្ទៃក្នុងរបស់កម្ពុជា​​​នោះ​ឡើយ​។ ផ្ទុយទៅវិញពួកគេបានដាក់គំនាបមកលើកម្ពុជាដោយអះអាងថា កម្ពុជាបាន​ដើរ​ថយ​ក្រោយ​លើ​បញ្ហា​​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

​មែនទែនទៅ ​បញ្ហាប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ គ្រាន់​តែជាខែលបិទបាំងមហិច្ឆតាពិសពុលរបស់ពួកគេក្នុងការជ្រៀត​ជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ បញ្ហាសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រូវបានគេមើល​ឃើញជាបញ្ហាដ៏ពេញ​និយមរបស់ប្រទេសលោកសេរី​ តែងតែយកធ្វើជាលេស ដើម្បីគំរាមដាក់ និងដាក់ទណ្ឌកម្ម ឬឈានដល់ផ្តួល​រំលំរបបដឹកនាំនៅបណ្តាប្រទេសមួយចំនួនថែមទៀតផង។ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចគ្នាផងដែរ​ បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ ក្លាយទៅជាចំណោទបញ្ហាមួយដែលលោកសេរីមួយចំនួនទៀត​យកធ្វើបញ្ហាវាយប្រហារ​លើ​រដ្ឋាភិបាលកម្ពុជា។ យ៉ាងណា​ក៏ដោយ​ចុះ សម័យកាលបច្ចុប្បន្ននេះ ជាសម័យកាលដែលប្រទេសទាំងអស់នៅលើពិភពលោកពឹងផ្អែកគ្នាទៅវិញទៅមក ហើយផ្នត់គំនិតចាប់បង្ខំដ៏ចាស់គំរិលនោះ គួរតែត្រូវបានបញ្ចប់។ ​ប្រទេសតូច ប្រទេសធំ ត្រូវ​តែរួមគ្នាគោរព និងលើកតម្កើងវិធាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ​សហប្រជាជាតិ ដែលចែងពីការគោរពគ្នា និងមិនជ្រៀតជ្រែកគ្នា។​

សរុប​មក​វិញ ការ​ប្រកាសជំហរដ៏ហ្មឹងម៉ាត់​ដាច់អហង្ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិន​យក​អធិប​តេយ្យ​ជាតិ​ទៅ​ប្តូរ​នឹង​ជំនួយ គឺ​ពិត​ជា​ត្រឹម​ត្រូវណាស់​ ពី​ព្រោះ​ ជោគវាសនា​របស់​កម្ពុជា វា​អាស្រ័យ​លើ​ខ្មែរ​ខ្លួន​ឯង​ជាអ្នក​កំណត់​តែប៉ុណ្ណោះ។ ដើម្បី​រស់ដោយខ្លួន​ឯង​បាន ​កម្ពុជាក្រោម​ការ​ដឹកនាំ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ខិត​ខំ​ប្រឹង​ប្រែង​ប្រមូល​កៀរគរជំនួយ និង​វិនិយោគ​មក​ពី​គ្រប់​ទិស​ទី​ដោយ​មិន​រើស​អើងប្លុក​កុម្មុយនិស្ត ឬ​សេរី​ឡើយ សំខាន់​​ឲ្យ​តែ​មាន​ប្រយោជន៍ដល់​សេដ្ឋ​កិច្ច​​ជាតិ និង​សេដ្ឋ​កិច្ច​គ្រួសារ​ខ្មែរ​។ ​ផ្ទុយទៅវិញការពឹងលើបរទេស ហើយបើកដៃឲ្យបរទេសលូកដៃកកូរកកាយផ្ទៃក្នុងប្រទេស​ខ្លួនឯង នោះលទ្ធផលចុងក្រោយយើងគួររៀនសូត្រ និងដកពិសោ​ធន៍​ពីប្រទេសទុយនេស៊ី ស៊ីរី លីប៊ី អេហ្ស៊ីប ។ល។ ពោលគឺគ្មានអ្វីក្រៅពីភាពខ្ទេចខ្ទាំ និងសង្គ្រាមវិនាសកម្មគ្រប់បែបយ៉ាង៕

ដោយ៖ សេង កំពូល

ចែករំលែក

បញ្ចេញយោបល់