អភិបាលខេត្តបន្ទាយមានជ័យ ប្រកាសការចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ

ថ្ងៃពុធ ទី ១៩ មិថុនា ២០១៩​
9

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ ជាក្រុមការងារខេត្តចុះជួយស្រុកព្រះនេត្រព្រះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ដែលមានចំនួនក្រុមប្រឹក្សា ២១រូប។

នាឱកាសនោះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានអានអំពី វឌ្ឍនភាពការងាររបស់រដ្ឋបាលស្រុក ដែលបានខិតខំបំពេញតួនាទីភារកិច្ច កិច្ចការងាររដ្ឋបាលការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុក សម្រេចបាននាពេលកន្លងទៅ។

ក្នុងនាមលោកជាគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនលោកផ្ទាល់ សូមសំដែងនូវការអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត។

លោកអភិបាលខេត្តបានបន្តទៀតថា ការពង្រឹងសាមគ្គីភាព ឯកភាព ផ្ទៃក្នុង ក្រុមប្រឹក្សាគណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សា ការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ក្នុងនោះ ត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់នៅតាមមូលដ្ឋានរៀងៗខ្លួន។ ជាពិសេស បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្សសកម្មភាព លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត៕

ចែករំលែក

បញ្ចេញយោបល់