១០ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់រដ្ឋបាលស្រុកស្វាយជ្រុំ

ថ្ងៃពុធ ទី ១៩ មិថុនា ២០១៩​
7

ស្វាយរៀង៖ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលាស្រុកស្វាយជ្រំ មានការបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តប្រចាំឆមាសទី២ របស់រដ្ឋបាលស្រុកស្វាយជ្រុំ ក្រោមអធិបតីភាព លោក ហែម សារិទ្ធ អភិបាលស្រុកស្តីទី។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក កងកម្លាំងទាំងបី លោក លោកស្រីប្រធាន ឬតំណាងការិយាល័យជំនាញជុំវិញសាលាស្រុក លោក លោកស្រី ប្រធានការិយាល័យចំណុះសាលាស្រុក លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ លោក លោកស្រី មេឃុំ ស្មៀនឃុំ សរុបចំនួន ៧១នាក់។

មានមតិក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុកស្តីទីបានដាក់ចេញនៅចំណុចសំខាន់មួយចំនួនដូចជា៖
១- បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស គ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន។
២- បន្តអនុវត្តសេចក្តីណែនាំលេខ ៖ ០០២/១៩ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េសជ្រូកអាហ្វ្រិក។
៣- បន្តខិតខំអនុវត្តការងារអត្រានុកូលដ្ឋាន ការកែតម្រូវ ខ្វះសៀវភៅ ខ្វះសំបុត្រកំណើត បាត់សំបុត្រកំណើត និងមិនទាន់បានចុះបញ្ជី។
៤- បន្តការខិតខំ និងពន្លឿនការដោះស្រាយករណីទំនាស់ដីធ្លីនៅឃុំស្វាយធំ និងឃុំឈើទាល។
៥- ជម្រុញផ្សព្វផ្សាយ ស.ជ.ណ លេខ ១២២១ ស្តីពីការទប់ស្កាត់លើការសាងសង់ផ្ទះ និងសំណង់ផ្សេងៗ ឬដាំដំណាំដើមឈើហូបផ្លែ នៅតាមដីចំណីផ្លូវជាតិ។
៦- គ្រប់គ្រងសភាពការណ៍ និងក្តាប់ឱ្យបាននូវក្រុមអគតិដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
៧- គ្រប់ឃុំត្រូវត្រៀមរៀបចំវេទិកាសាធារណៈថ្នាក់ជាតិចុះមូលដ្ឋាន និងធ្វើការទំនាក់ទំនងទៅក្រុមការងារផ្ទាល់ ដោយរៀបចំប្រតិទិន្នចុះតាមភូមិផ្ញើជូនក្រុមការងារ។
៨- សហការជ្រើសរើសមុខសញ្ញាគ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ ដែលត្រូវទទួលដីសម្បទានសង្គមកិច្ចជំហ៊ាន២ នាពេលខាងមុខនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក មានចំនួន ២០០ខ្នង។
៩- ត្រូវជម្រុញកម្មវិធីវិនិយោគឃុំអោយបានទាន់ពេលវេលាទៅតាមជំហ៊ាននិមួយៗ។
១០- ចាត់វិធានការណ៍លុបបំបាត់ឱសថក្លែងក្លាយ និងការដើរព្យាបាលប្រជាពលរដ្ឋដោយខុសច្បាប់៕

ចែករំលែក

បញ្ចេញយោបល់