ខេត្តស្វាយរៀង រៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុករំដួល អាណត្តិទី៣

ថ្ងៃពុធ ទី ១៩ មិថុនា ២០១៩​
9

ស្វាយរៀង: នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុករំដួល មានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុករំដួល អាណត្តិទី៣ ក្រោមអធិបតីភាពលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោក លោកស្រី មន្រ្តីរាជការសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរនានាជុំវិញខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុកអាណត្តិថ្មី គណៈអភិបាលស្រុក មន្រ្តីសាលាស្រុក មេបញ្ជាការកងកម្លាំងទាំង៣ក្នងស្រុក ប្រធាន អនុប្រធានការិយាល័យជំនាញនានាជុំវិញស្រុក ក្រុមប្រឹក្សាឃុំទាំង១០ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប្រធានមណ្ឌលសុខ ភាពទាំង៤ក្នុងស្រុក សរុបចំនួន ១១២នាក់ ស្រី៣១នាក់។

លោក តូច ប៉ូលីវ៉ា ក្នុងនាម​លោកអភិបាលខេត្ត សូម​សំដែង​នូវ​ការ​អបអរសាទរកោតសរសើរចំពោះ​ក្រុមប្រឹក្សា​ស្រុករំដួល ដែល​ត្រូវបាន​តំណាងប្រជាពលរដ្ឋ ដែលជា​សមាជិក សមាជិការ ​ក្រុមប្រឹក្សាឃុំ ដែលជា​អង្គ​បោះឆ្នោត បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ស្រុក ឲ្យ​កាន់​រីកចម្រើនលើ​គ្រប់​វិស័យ​ថែមទៀត ម្យ៉ាងវិញទៀតការពង្រឹង​សាមគ្គីភាព​ឯកភាព ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ដោយ​ឈរលើ​មូលដ្ឋាន លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាពជា​ម្ចាស់របស់​មន្ត្រី​នៅក្នុង​បំពេញ​តួនាទីភារកិច្ច​របស់ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការរបរបស់ប្រជាពលរដ្ឋ ដើម្បីជីវភាពរស់នៅកាន់តែ​ប្រសើរ​ឡើង។​

លោកបានបញ្ជាក់ថា គណៈបញ្ជាការ​ឯកភាព​ស្រុក ត្រូវដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ឲ្យ​បង្កើន​ការ​ថែរក្សា​ការពារសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុង​ក្របខណ្ឌ​ស្រុកទាំងមូល ដោយ​ត្រូវ​យកចិត្តទុកដាក់ លើ​វិធាន​ការសំខាន់ៗ​ក្នុងនោះ ត្រូវ​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួមគ្នា​បង្ការ ទប់ស្កាត់ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន៕

ចែករំលែក

បញ្ចេញយោបល់