អភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវឱ្យមន្រ្តីរាជការធ្វើជាគម្រូក្នុងការអនុវត្តច្បាប់ចរាចរណ៍

ថ្ងៃសុក្រ ទី ១៤ មិថុនា ២០១៩​
9

កំពង់ឆ្នាំង៖ លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវ ដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវធ្វើជាគម្រូគេក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអោយប្រជាពលរដ្ឋចូលរួមអនុវត្តន៍តាម។ ការអំពាវនាវរបស់លោកគឺធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឱកាសបើកវគ្គផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់មន្រ្តីរាជការប្រមាណ៧០នាក់ មកពីបណ្តាមន្ទីរអង្គភាពក្នុងខេត្តកំពង់ឆ្នាំង។

លោក អៀង វុធ បានបន្តថា មូលហេតុដែលរៀបចំធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នូវជាបញ្ហាយ៉ាងក្តៅដែលរាជរដ្ឋាភិបាលបកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការលុបបំបាត់ ព្រោះវាជាកត្តាធ្វើឲ្យបាត់បង់ជីវិត ទ្រព្យសម្បត្តិរដ្ឋ ទ្រព្យឯកជន និងធ្វើឲ្យមានការបាត់បង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ កត្តាដែលបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារការធ្វេសប្រហែស ការផឹកគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ ពុំទាន់យល់ច្បាស់ពីច្បាប់ចរាចរណ៍ និងព្រមទាំងមិនគោរពច្បាប់ចរាចរណ៍នៅពេលបើកបរ។

លោក មាស ឈុន លី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា វគ្គផ្សព្វផ្សាយច្បាប់ចរាចរណ៍នាពេលនេះ មាន ការ ចូលរួម ពីមន្ទីរអង្គភាពចំនួន៦ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានមន្រ្តីរាជការចូលរួមចំនួន៧០នាក់៕

បញ្ចេញយោបល់