ក្រសួងសង្គមកិច្ចរៀបចំ សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ស្វែងរកធាតុចូល ក្នុងការរៀបចំសៀវភៅគោលការណ៍ណែនាំសម្រាប់ជួយជនអនាថា

ថ្ងៃសុក្រ ទី ១៤ មិថុនា ២០១៩​
15

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសបានរៀបចំសិក្ខាសាលាការពិគ្រោះយោបល់ស្វែងរកធាតុចូល ក្នុងការរៀបចំសៀវភៅគោល ការណ៍ណែនាំសម្រាប់ជួយជនអនាថា ក្រោមអធិបតីភាពលោក ឈាង បាក់ អនុរដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួង ស.អ.យ. ។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងអនុវត្តការងារឱ្យមានសង្គតិភាព នាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាសេនាធិការនៃរាជរដ្ឋាភិបាល ក្នុងការអនុវត្តសកម្មភាពការងារផ្ដោតជាសំខាន់លើយន្តការបង្ការ ទប់ស្កាត់ ការពារ ឆ្លើយតប និងអន្តរាគមន៍ សម្រាប់ជនទីទ័លក្រ ដែលគ្មានទីជម្រក តែលតោល គ្មានទីពឹង តាមរយៈកិច្ចសហការជាមួយ ស្ថាប័នដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ ក្នុងការបង្កើតបទដ្ឋានគតិយុត្ត និងយន្តការដោះស្រាយនានា ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាគាំទ្រសង្គមពេញលេញដូចជា ទីជម្រក ច្បាប់ ប្រឹក្សាយោបល់ និងវេជ្ជសាស្ត្រ…។ល។

តាមរយៈ សិក្ខាសាលាពិគ្រោះយោបល់ ដែលរៀបចំឡើង គឺក្នុងគោលបំណង ស្វែងរកធាតុចូលបន្ថែមទៀត ក្នុងការរៀបចំចងក្រងសៀវភៅគោលការណ៍ណែនាំសម្រាប់ជួយជនអនាថា នេះបានគ្រប់ជ្រុងជ្រោយ ធ្វើឱ្យមានសង្គតិភាពនៃអង្គឯកភាពដែលមានលក្ខណៈប្រមូលផ្តុំតែមួយ ហើយផ្តល់នូវតម្លៃដ៏សំខាន់សម្រាប់ការប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាល និងការផ្តល់សេវាសង្គមបានទូលំទូលាយ។

លោក ឈាង បានលើកឡើងថា ដោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស បានបង្ហាញនូវមុខមាត់ថ្មីប្រកបដោយភាពរឹងមាំ មានការរីកចម្រើនជាលំដាប់ ក្នុងការបោះជំហានលើមាគ៌ានៃការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ដែលប្រជាជនកម្ពុជាបាននិងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្នុងអត្រាមធ្យមប្រមាណ ៧.៧% នាអំឡុងពីរទសវត្សកន្លងមកនេះ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី៥៣% នៅឆ្នាំ២០០៤ មក១៣.៥ភាគរយនៅឆ្នាំ២០១៤។

ទាំងនេះគឺជាសមិទ្ធផលពិតមិនអាចបដិសេធបាន ជាមោទនភាពសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ការបោះជំហានឆ្ពោះទៅសម្រេចបានគោលដៅនាពេលខាងមុខ ក្នុងការពន្លឿនសេដ្ឋកិច្ច ការបង្កើនឱកាសការងារ និងកសាងសង្គមមួយប្រកបដោយសមធម៌ ដោយផ្ដោតទៅលើការអនុវត្ត ការទ្រទ្រង់គោលនយោបាយសង្គមកិច្ច និងជំរុញការកែទម្រង់ចាំបាច់នានាលើគ្រប់វិស័យ។
តាមរយៈនេះ ប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះទទួលបាននូវការគាំពារក្រោមរូបភាពផ្សេងៗដូចជា ការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលជនពិការ មជ្ឈមណ្ឌលគាំពារសុខភាពមាតានិងទារក ការឧបត្ថម្ភចំពោះប្រជាជនក្រីក្រដែលមកសម្រាកព្យាបាល ឬសម្រាលកូនដោយឥតបង់ថ្លៃជាដើម សកម្ម ភាពទាំងនេះ មានសង្គតិភាពទៅនឹងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច គោលនយោបាយកាត់បន្ថយភាពក្រីក្រ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ៕

បញ្ចេញយោបល់