និស្សិតក្រីក្រ ដែលជួបការលំបាក ទទួលសម្ភារៈ និងថវិការពីសប្បុរសជន

ថ្ងៃសុក្រ ទី ១៤ មិថុនា ២០១៩​
12

ត្បូងឃ្មុំ៖ ដើម្បីជួយសម្រួលដល់ជីវភាព និស្សិតក្រីក្រ ចំនួន៤០នាក់ ដែលជួបការលំបាក កំពុងស្នាក់នៅ និងសិក្សារៀនសូត្រ នៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំនោះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្ភារៈសិក្សា សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួន ត្រូវបានព្រះសង្ឃនិមន្តមកពីវត្តមួយចំនួន ក្នុងស្រុកត្បូងឃ្មុំ និង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាំមកប្រគេន និងចែកជូនដល់សិស្សនិស្សិតក្រីក្រទាំង ៤០នាក់ ដែលសម្ភារ: និងថវិការទាំងនេះ ទទួលបានពីសិទ្ធាជ្រះថ្លា របស់សប្បុរសជននានា ប្រគេនដល់វត្តកាលពីពេលកន្លងទៅ។

ពិធីចែកសម្ភារ: និងថវិការ ដើម្បីសម្រួលដល់ជីវភាព ក្នុងនាមជានិស្សិតក្រីក្រខិតខំតស៊ូក្នុងការសិក្សារៀនសូត្រ ប្រព្រឹត្តទៅក្រោមវត្តមាន លោក ពិន វណ្ណារ៉ូ សកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដោយមានការអញ្ជើញនិមន្ត និងចូលរួមពីសំណាក់ ព្រះសង្ឃ សប្បុរសជន សាស្ត្រាចារ្យ បុគ្គលិក និងសិស្សនិស្សិតនៃសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ។

ស្ថិតក្នុងឱកាសនោះ លោក ពិន វណ្ណារ៉ូ បានថ្លែងអំណរគុណដល់សប្បុរសជននានា ពិសេសព្រះតេជគុណទាំងអស់ ដែលបានប្រគេន និងនាំមកផ្តល់ជូនដោយផ្ទាល់ នូវសម្ភារ:នានា និងថវិកាមួយចំនួន ជូនសិស្សនិស្សិត ដែលកំពុងមានជីវភាពខ្វះខាត តែមានចិត្តតស៊ូ អត់ធ្មត់សង្វាតស្រទេញក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជានេះ។ ដោយក្នុងនោះ ម្នាក់ៗទទួលបានសម្ភារៈសិក្សា សម្ភារៈផ្ទះបាយ អង្ករ និងថវិកាចំនួន៣ម៉ឺនរៀល ក៍ដូចជាផ្តល់នូវថវិកាមួយចំនួនដល់សាលាផងដែរ ដើម្បីជួយទ្រទ្រង់ដល់សិស្សនិស្សិត មានជីវភាពខ្វះខាតជាបន្តទៀត។

លោក សាកលវិទ្យាធិការរូបនេះ ក៍បានណែនាំអោយសិស្សនិស្សិតទាំងអស់ ដែលកំពុងសិក្សារៀនសូត្រ នៅទីនេះ ខិតខំប្រឹងប្រែងសង្វាតក្នុងការក្រេបយកចំណេះដឹង ដែលជាស្ពានចំលងឆ្លងដល់ត្រើយនៃអនាគតដ៍ភ្លឺស្វាង ។

លោកក៍បាន សំណូមពរអោយសិស្សនិស្សិតទាំងអស់ សុទ្ធតែស្នាក់នៅ និងសិក្សារៀនសូត្រនៅទីនេះរួមគ្នា ត្រូវចេះស្រលាញ់រាប់អានគ្នា ដាស់តឿន ដឹកដៃណែនាំគ្នាខិតខំប្រឹងប្រែងពង្រីកចំណេះដឹង និងជាសអោយឆ្ងាយនូវល្បែងស៊ីសង និងគ្រឿងញៀនគ្រប់ប្រភេទ ជាពិសេសត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ អោយសាកសមជាសសរទ្រូងប្រទេសជាតិ នាពេលអនាគត ៕

បញ្ចេញយោបល់