រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
13

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏បានធ្វើការបញ្ជាក់នូវលទ្ធផល ការងារសំខាន់ៗ ដែលបានសម្រេចបានរយៈពេលកន្លងមក ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត រយៈពេល៥ឆ្នាំ។

តាមការអាននូវព្រះរាជក្រឹត្យរបស់លោក ឈឹម កាន អគ្គនាយករងនៃអគ្គនាយករដ្ឋបាលមូលដ្ឋាន ស្តីពីការ ទទួលស្គាល់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលមាន២៧អសនៈ រួមមាន មកពីគណបក្សប្រជាជនកម្ពុជា ២៦រូប និង គណបក្សរួបរួមជាតិ ១រូបផងដែរ។ ក្នុងនោះលោក អ៉ឹង ហឿន ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ រួម និងឯកឧត្តម លោកជំទាវ ចំនួន ២៦រូបទៀត ជាសមាជិកក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់នូវព្រះរាជក្រឹត្យ ទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ និង ការធ្វើ ចំណាប់អារម្មណ៍របស់លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី៣រួចមក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់នូវសេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ជាសមាជិកក្រុម ប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បបន្តដឹកនាំខេត្ត និង បន្តអភិវឌ្ឍន៍ឲ្យមានការីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត ។

លោក ក៏បានបន្តទៀតថា ទោះបីឯកឧត្តម លោកជំទាវ ដែលមានសមាសភាពមកពីគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន តែគោលការណ៍ ច្បាប់ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងការបម្រើនូវផលប្រយោជន៍ និង សេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ មិនប្រកាន់និន្នាការ គណបក្សនយោបាយឡើយ ។ ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានសាទរផងដែរទៅសមិទ្ធផលស្នាដៃដែលខេត្តសៀមរាប សម្រេចបានកន្លងមក សំខាន់លើការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សង្គម ជាហេតុធ្វើឲ្យកម្ពុជា មានការគាំទ្រពីសំណាក់មជ្ឈដ្ឋាន ជាតិ អន្តរជាតិ និង ដៃគូអភិវឌ្ឍន៍ ក៏ដូចអ្នកវិនិយោគនានា ដែលជាមូលដ្ឋានធ្វើឲ្យជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង ។

លោកក៏បានធ្វើការវាយតម្លៃនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ កន្លងមកនេះ គឺមានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោត ត្រូវបានទទួល ស្គាល់ពីគណបក្សនយោបាយដែលបានចូលរួម ផងដែរ ។ លោកក៏បានលើកផងដែរ ពីការកំណែទម្រង់តាមបែប វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៃកិច្ចដំណើរការរៀបចំ ដឹកនាំ គ្រប់គ្រងរដ្ឋបាល តាមបែបប្រជាធិបតេយ្យ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ដើមី្បពង្រឹងការទទួលខុសត្រូវ និង គណនេយ្យភាពរបស់មន្ត្រីបុគ្គលិក ខែ្សបណ្តោយរបស់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយ ការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្ត្រីគ្រប់ថ្នាក់ អំពីការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ក៏ត្រូវបានរៀបចំទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏លើកឡើងនូវទិសដៅសំខាន់ៗ សម្រាប់ការអនុវត្តរបស់ក្រុមប្រឹក្សាអាណត្តិទី៣ ក្នុងការបន្តការដឹកនាំរដ្ឋបាលរបស់ខ្លួន ឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យបន្ថែមទៀត ព្រមទាំងបានគូសបញ្ជាក់ថា ក្នុងនាមជាតំណាងរាជ រដ្ឋាភិបាល ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សា និង គណៈអភិបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវកិច្ចការ ឲ្យស្រប ច្បាប់ និង លិខិតបទដ្ឋាននានា ទាំងការផ្តល់សេវាសាធារណៈ ការបង្កាទប់ស្កាត់ និង បង្រ្កាបបទល្មើសនានាទៀតផង ។ លោកក៏បាន លើកឡើងពីភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ គឺដើមី្បរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ព្រមទាំងជម្រុញការផ្សព្វផ្សាយ ឲ្យបានទូលាយដល់ ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពីកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយឃុំ ភូមិមានសុវត្ថិភាព នយោបាយតាមវិស័យ ដោយផ្សាភ្ជាប់ជាមួយសភាពការណ៍នៅមូលដ្ឋាន ឲ្យបានជាប់ជាប្រចាំ ។

លោក ទៀ បាញ់ ក៏បានលើកឡើងថា ដើមី្បសម្រេចបានភារកិច្ចទាំងនេះ ត្រូវខិតខំពង្រឹងស្មារតី សាមគ្គីឯកភាពផ្ទៃក្នុង ឲ្យបានល្អក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និង កងកម្លាំង សមត្ថកិច្ច ដើមី្បលើកកម្ពស់ការទទួលខុស ត្រូវ ភាពម្ចាស់ការ ក្នុងការបំពេញតួនាទីភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ព្រមទាំងផ្តាំផ្ញើ ដល់ឯកឧត្តម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ត្រូវយកចិត្ដទុកដាក់បំពេញភារកិច្ច ដើម្បី ការពារផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និង សម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ៕

បញ្ចេញយោបល់