ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៣

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
8

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៣ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តីឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធនឹងកិច្ចការនេះ រដ្ឋបាលខេត្ត ត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងារ របស់ក្រុមការងារដែលចុះបំពេញការងារនៅគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានាសំដៅរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ព្រមទាំងជំរុញផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់អំពីកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយតាមវិស័យក៏ដូចជាសភាពការណ៍នានារបស់ប្រទេសជាតិដោយផ្សាភ្ជាប់ជាមួយសភាពការណ៍នៅមូលដ្ឋានឲ្យបានជាប់ជាប្រចាំ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានា របស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ២ចំណុចដល់ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តអោយចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់នូវកត្តា២ចំនុចដើម្បីលើកស្ទួយសន្តិភាពដែលកម្ពុជាកំពុងតែមានសព្វថ្ងៃដែលកត្តាទី១នោះគឺ សុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងការរឹងមាំផ្នែកសេដ្ឋកិច្ចគឺធ្វើអោយសេដ្ឋកិច្ចមានកំណើនមានសមធម៌សង្គម និងការកាត់បន្ថយភាពក្រីក្រ៕

បញ្ចេញយោបល់