ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី៣

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
5

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ក្រោមអធិបតីភាពដ៏លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំខេត្ត ប្រធានអង្គភាពជុំវិញខេត្ត លោកលោកស្រី អភិបាលក្រុង ស្រុក សរុបចំនួនប្រមាណជាង១០០នាក់។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ដោយគូសបញ្ជាក់ថា ក្នុងរយៈ៥ឆ្នាំគណៈអភិបាលខេត្តបានសហការល្អជាមួយក្រុមប្រឹក្សាដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រទទួលបាននូវសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាពិសេសចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗនិង លុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួនដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អ។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងមានចំនួនចំនួន ២៣ រូប ស្រី៣រូប និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុកសរុបចំនួន ១៤០ រូប ដែលមានអង្គរបោះឆ្នោតសរុបចំនួន៤២២ រូប ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។

យោងតាមព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៤៧ ចុះថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានត្រាស់បង្គាប់តែងតាំង លោក ឡុង ឈុនឡៃ ជាប្រធានក្រុមប្រឹក្សាកំពង់ឆ្នាំង អាណត្តិទី៣ និង សមាជិកចំនួន២២នាក់ក្នុនោះស្រីចំនួន៣រូប។

លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន នឹង ប្តេជ្ញា គោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាអនុវត្តអោយបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្តេជ្ញា បំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ ប្តេជ្ញាចូលរួមពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល លោក បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកំពង់ឆ្នាំងឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយពូជសាសន៍និងប្រកាន់និន្នាការនយោបាយ។

លោកបានថ្លែងបន្តថាការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

បញ្ចេញយោបល់