លោកស្រី ភឿង សកុណា កោតសរសើរចំពោះលទ្ធផលផ្លូវការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរលើកទី៣២

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
16

កិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ប្រកបដោយលទ្ធផលជាវិជ្ជមាន ក្រោមអធិបតីភាពសហប្រធាន លោក Guillaume NARJOLLET ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍នៅក្នុងពិធីបិទកិច្ចប្រជុំនេះលោកស្រី ភឿង សកុណា បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីកិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃអាយស៊ីស៊ី-អង្គរ គឺខាងអ្នកបច្ចេកទេសជាន់ខ្ពស់ជាតិ-អន្តរជាតិ បានពិនិត្យមើលឡើងវិញនូវអនុសាសន៍ដែលបានធ្វើកាលពីកិច្ចប្រជុំពេញអង្គលើកទី៣០និងបច្ចេកទេសលើកទី៣១។ ក្នុងនោះដែរ តាមរយៈដំណើរទស្សនកិច្ចនៅតាមប្រាសាទនានា ចំនួន២០គម្រោង ត្រូវបានអ្នកជំនាញជាន់ខ្ពស់ថ្លែងកោតសរសើរដែលអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសជួសជុល និងផ្តល់អនុសាសន៍ថ្មីៗបន្ថែមទៀតក្នុងការអភិរក្សប្រាសាទក្នុងតំបន់អង្គរជាបន្ត។

លោកស្រីរដ្ឋមន្ត្រី បានចាត់ទុកថា នេះជាជោគជ័យដ៏ធំមួយនៃដំណើរការកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ពិសេសអ្នកជំនាញអន្តរជាតិបានវាយតម្លៃដ៏ខ្ពស់ចំពោះសមត្ថភាពអ្នកជំនាញខ្មែរក្នុងកិច្ចការជួសជុលប្រាសាទ ដែលមានសមត្ថភាពអាចកាន់កិច្ចការបានដោយខ្លួនឯង និងធ្វើការជាមួយអន្តរជាតិ៕

បញ្ចេញយោបល់