អគារការិយាល័យរដ្ឋបាលថ្មី ត្រូវបានសម្ភោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
6

ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការអាគាររដ្ឋបាលនៃការិយាល័យច្រកចេញចូលតែមួយសាលាស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តមេបញ្ជាការកងកម្លាំងទាំងខេត្តនិងប្រជាពលរដ្ឋផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្តខេត្តព្រះវិហារ បានអបអរសាទរនូវសមិទ្ធផលដែលបម្រើដល់ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលឆាប់រហ័សនាពេលនេះ ។ អាគាររដ្ឋបាលការិយាល័យច្រកចេញចូលតែមួយស្រុករវៀងនេះគឺឆ្លើយតបនឹងតម្រូវការចាំបាច់របស់នៃដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសអនុវត្តទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្ដីពីការដាក់ឲ្យដំណើរការយន្តការច្រកចេញចូលតែមួយនៅតាមបណ្តាលរាជធានីខេត្តក្រុងស្រុកខណ្ឌទូទាំងប្រទេស។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើការប្រតិភូកម្មធនធានសិទ្ធិអំណាចជូនរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តព្រះវិហារបានដាក់ឲ្យដំណើរការ និងយន្តការច្រកចេញចូលតែមួយនៅគ្រប់សាលាក្រុងស្រុកទូទាំងខេត្តរួចរាល់ហើយនិងបានបន្តសាងសង់អាគាររដ្ឋបាលការិយាល័យជាបន្តបន្ទាប់ដើម្បីសម្រួលដល់កន្លែងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលគោលបំណងសំខាន់នៃការបង្កើតយន្តការច្រកចេញចូលតែមួយនេះគឺការបង្ខិតសេវារដ្ឋបាលនេះកាន់តែជិតនិងឆាប់រហ័សជូនប្រជាពលរដ្ឋប្រកបដោយត្រឹមត្រូវតម្លាភាពនិងប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀតយន្តការនេះនឹងលុបបំបាត់ការិយាធិបតេយ្យនិងអំពើពុករលួយលើការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្នផងដែរ។

បន្ថែមពីនោះទៀត លោកអភិបាលខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំស្រុកត្រូវរៀបចុះផែនការបណ្ដុះបណ្ដាលដល់មន្ត្រីជួបមុខនិងជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយរបស់ខ្លួនឲ្យកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀតឆ្លើយតបនឹងតម្រូវការនិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់ល្អបន្ថែមទៀតនាថ្ងៃអនាគត៕

បញ្ចេញយោបល់