ទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ក្នុងវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
3

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរលើវិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍រវាងខេត្តយូណាន-អាស៊ាន និងអាស៊ីខាងត្បូងលើកទី២ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ និងការទុកចិត្តគ្នាដើម្បីការអភិវឌ្ឍរួមគ្នា»។

ជាមួយគ្នានោះ ក៏មានវេទិកាស្តីពីកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរកម្មវិធីអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញទេសចរណ៍ រវាងខេត្តយូណាន អាស៊ាន និងអាស៊ីខាងត្បូង ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល រដ្ឋបាលខេត្ត ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ សាស្រ្តាចារ្យនៃសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងដៃគូសហប្រតិបត្តិការពាក់ព័ន្ធនានា មកពីបណ្តាប្រទេសមួយចំនួន ដែលជាសមាជិកអាស៊ាន និងពីតំបន់អាស៊ីខាងត្បូង ដូចជាព្រុយណេ ម៉ាឡេស៊ី ឡាវ ភូមា ថៃ វៀតណាម ស្រីលង្កា បង់ក្លាដេស អាមេរិក។

នៅក្នុងវេទិកាដែលធ្វើឡើងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក ថោង ខុន បានថ្លែងសុន្ទរកថាបើកវេទិកាទាំងពីរនេះ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងបានបង្ហាញពីផែនការយុទ្ធសាស្រ្តបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយខិតខំជំរុញការអនុវត្តច្បាប់ស្តីពីទេសចរណ៍ ដូចជា ការជំរុញបង្កើត វិទ្យាស្ថានជាតិ ទេសចរណ៍សកលវិទ្យាល័យទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមកម្មវិធីសិក្សាអាស៊ាន ការបណ្តុះបណ្តាលជាលក្ខណៈនៅនឹងកន្លែង ការដាក់ចេញនូវយុទ្ធនាការបុគ្គលិកម្នាក់ជំនាញមួយការសិក្សាពេញមួយជីវិតជាដើម។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសចូលរួមសម្រេចទិសដៅយុទ្ធសាស្រ្តនៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ដែលបានដាក់ចេញដូចជា៖
– នៅឆ្នាំ២០២០៖ សម្រេចឲ្យអ្នកជំនាញទេសចរណ៍យ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាព ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាព ស្របតាមស្តង់ដារជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាព ខណៈគិតត្រឹមឆ្នាំ២០១៨ ក្នុងចំណោមបុគ្គលិកជំនាញផ្ទាល់សរុបក្នុងឧស្សាហកម្មទេសចរណ៍ប្រមាណ ៦២ម៉ឺននាក់ ទើបមានប្រមាណ ៤០% ដែលមានសមត្ថភាពឆ្លើយតបនឹងស្តង់ដារអាស៊ាន។

– នៅឆ្នាំ២០២៥៖ ក្នុងចំណោមបុគ្គលិកជំនាញទេសចរណ៍ប្រមាណជាង ១.២លាននាក់ ត្រូវសម្រេចឲ្យបាន ១០០% នៃអ្នកជំនាញ ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាពឆ្លើយតបនឹងស្តង់ដាអាស៊ាន។

– នៅឆ្នាំ២០៣០៖ ក្នុងចំណោមបុគ្គលិកជំនាញទេសចរណ៍ប្រមាណជាង ១.៥លាននាក់ និងសម្រេចឲ្យបានគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ SDG4: ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតដល់ជនគ្រប់រូប (Lifelong Learning) និង SDG8: ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ទាំងក្នុងបរិបទជាតិ និងតំបន់។

កន្លងមក ក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍ បដិសណ្ឋារកិច្ច និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ ជាពិសេសមគ្គុទ្ទេសក៍ទេសចណ៍បានប្រមាណជាង ៥,៧៤៣នាក់ ក្នុងនោះមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិនមានចំនួន ១,៤០៩នាក់ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តទីផ្សារចិន សៀវភៅសស្ដីពី China Ready ហើយនឹងបន្តខិតខំបណ្តុះបណ្តាលបុគ្គលិកជំនាញនិយាយភាសាចិន ក្នុងឧស្សាហកម្មទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនទេសចរចិនដែលកិច្ចការនេះទាមទារឲ្យមានការជួយជ្រោមជ្រែងពីបណ្តាដៃគូសហការនានារបស់មិត្តចិនពិសេសពីសំណាក់វិទ្យាស្ថានទេសចរណ៍យូណាន។

គួរបញ្ជាក់ថា ឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរចិនមានចំនួនប្រមាណជាង ២លាននាក់ ឈរលំដាប់លេខ១ ក្នុងចំណោមទីផ្សារធំៗទាំង១០។ រយៈពេល៤ ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២.៤លាននាក់ កើន ១១% ក្នុងនោះទេសចរចិនមានចំនួន ៨៨៧,០៣៩នាក់ កើន ៣៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ នៅឆ្នាំ២០២០ កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ក្នុងនោះទេសចរចិនប្រមាណ ៣លាននាក់៕

បញ្ចេញយោបល់