ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី ទទួលជួបឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំឡុងបំពេញទស្សនកិច្ចនៅសិង្ហបុរី

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
6

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង ស្វ៊ីគាត (Heng Swee Keat) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋសិង្ហបុរី។

ក្នុងជំនួបនេះ លោក ហេង ស្វ៊ីគាត (Heng Swee Keat) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រ​សួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងការអបអរសាទរដែលគណបក្សប្រជាជនក​ម្ពុជា ដឹកនាំដោយលោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានទទួលការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតតំណាងរាស្រ្តនីតីកាលទី៦ កន្លងទៅ។ លោក ក៏បានបញ្ជាក់ផងដែរថា មានតែសន្តិភាព និងស្ថិរភាពទេ ដែលអាចផ្តល់ឱកាសឱ្យប្រជាជាតិអាស៊ាន និង សហគមន៍អាស៊ាន មានការរីកចំរើន និងអភិវឌ្ឍបន្តទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសកម្ពុជា បានកំណត់យកសន្តិភាព និងស្ថិរភាព ជាសរសរស្តម្ភចម្បងពីព្រោះថាបើអស្ថិរភាព និងអសន្តិសុខនោះ ការអភិវឌ្ឍ វិបុ​លភាព ការរីកចំរើនទាំងក្នុងប្រទេស និងតំបន់ក៏គ្មានដែរ។ ជាក់ស្តែង ដោយសារមានសន្តិភា​ព និងស្ថិរភាពរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ ទើបប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចនេះក្នុងតំបន់អាស៊ាន សន្តិភាព និងស្ថិរភាព ជាកត្តាជំរុញតំបន់នេះឱ្យបន្តការអភិ​វឌ្ឍ និងរីកចំរើន។ ផ្ទុយទៅវិញការជំរុញប្រទេសក្នុងតំបន់អាស៊ានឱ្យធ្វើការជ្រើសរើសភាគីម្ខាង​ៗ នឹងនាំឱ្យតំបន់អាស៊ានវិលទៅរកស្ថានភាពដូចសម័យសង្រ្គាមត្រជាក់៕

បញ្ចេញយោបល់