កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
5

ស្វាយរៀង៖ លោកយាយ សឹង យ៉ា អាយុ ៨៣ឆ្នាំ និងលោកតា កឹម ញឹល អាយុ ៨៣ឆ្នាំ ដូចគ្នា ត្រូវជាប្តីរស់នៅភូមិ រាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានកូន ៤ នាក់ ក្នុងនោះស្រីម្នាក់ ហើយកូនប្រុសរបស់គាត់ ដែលដេកឈឺនៅនឹងកន្ទេលនោះមានឈ្មោះ កឹម ព្រុន អាយុជាង៥០ ឆ្នាំ មានជម្ងឺលើសឈាមស្លាប់មួយចំហៀងខ្លួន អស់រយៈពេលជាង ៣ ឆ្នាំមកហើយ មានប្រពន្ធ និងកូន ៦នាក់។ តែចាប់តាំងពីកូនប្រុសរបស់គាត់ធ្លាក់ខ្លួនឈឺមក បា នមករស់នៅជាមួយគាត់ប្រពន្ធ និងកូនៗ បានអញ្ជើញឲ្យត្រឡប់ទីទៅរស់នៅជាមួយក្រុមគ្រួ សារវិញដើម្បីងាយស្រួលមើលថែជម្ងឺ តែគាត់មិនព្រមទៅបានប្រពន្ធ និងកូនៗ យកអាហារមកឲ្យជាប្រចាំ ដែលគ្រួសាររបស់គាត់មានជីវភាពសមរម្យដែរ។

បន្ទាប់ពីទទួលបានព័ត៌មាននេះពីអាជ្ញាធរភូមិ ឃុំ នៅថ្ងៃពុធទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយលោក សរ វណ្ណា នាយកសាខា នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសាររបស់ពួកគាត់ ។

លោកបានមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក សរ វណ្ណា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកនាយកសាខា បានបន្តទៀតថា ថ្វីត្បិតតែអំណោយដែលបាននាំយកមកជូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល»។

លោកនាយកសាខា ក៏បានលើកទឹកចិត្ត និងសំណូមពរដល់ក្រុមគ្រួសារ សូមកុំអស់សង្ឃឹម ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ លេបថ្នាំតាមវេជ្ជបញ្ជាឆាប់បានជាសះស្បើយ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបន្តទៀត។

អំណោយដែលបានផ្តល់ជូនទាំងពីរគ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស កន្ទេលបត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៥០,០០០ រៀល៕

បញ្ចេញយោបល់