លោកស្រី ភឿង សកុណា៖ គ្មានជោគជ័យពីក្រៅណាមួយកើតឡើង ដោយគ្មានជោគជ័យពីផ្ទៃក្នុងខ្លួនឯងនោះឡើយ!

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
2

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីគណៈ​កម្មា​ធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិ​អប្សរា បានបញ្ជាក់ថា៖ អាយស៊ីស៊ី-អង្គរ បានដំណើរការយ៉ាងល្អប្រសើរ និងជាគំរូសម្រាប់ពិភពលោករយៈពេល​២៥ឆ្នាំ​មកហើយ និងជាជោគជ័យយ៉ាងត្រចះត្រចង់នៃយន្តការអន្តរជាតិមួយ ដែលមានការចូលរួមពីអង្គ​ការយូណេស្កូ ប្រទេសបារាំង ប្រទេសជប៉ុន ក្នុងនាមជាសហប្រធាន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិជាច្រើនទៀត។ ទន្ទឹមគ្នានេះដែរ ជោគជ័យ​ទាំងនោះ មិនអាចកើតឡើងបានឡើយ បើគ្មានការ ជោគជ័យពីផ្ទៃក្នុងខ្លួនឯងជាមុន។

លោកស្រីបានបន្តថា ជោគជ័យផ្ទៃក្នុងទាំងនោះរួមមាន ឆន្ទៈដ៏មោះមុត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស ព្រមទាំងការចូលរួមដោយផ្ទាល់របស់អង្គព្រះមហាក្សត្រ ដែលព្រះ​អង្គ​គង់​ជា​ព្រះ​ប្រធាន​កិត្តិយសនៃអាយស៊ីស៊ី-អង្គរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែយក​ចិត្តទុក​ដាក់​ខ្ពស់ ព្រមទាំងបានជួយជ្រោមជ្រែងគ្រប់សព្វបែបយ៉ាងលើកិច្ចការថែរក្សាមរតកដូនតាដ៏ឧត្តុង្គឧត្តមនេះ។ ជាពិសេសកត្តាសុខសន្តិភាពពេញលេញក្នុងផ្ទៃប្រទេសនាំមកនូវការអភិវឌ្ឍគ្រប់វិស័យ បានអនុញ្ញាតឱ្យ​យើង​ពង្រឹង​ខ្លួន ដើម្បីធ្វើ​ការជាមួយអ្នកជំនាញអន្តរជាតិផង និងខ្លួនឯងផង។

ការគាំទ្រពីមហាជនទូទៅ ការយល់ដឹងពីតម្លៃនៃបេតិកភណ្ឌជាតិ ក៏ជាចំណុច​យ៉ាងសំខាន់ក្នុងការចូល​រួម​ចំណែក​​នៃជោគជ័យ​នេះដែរ។ ឧទាហរណ៍ជាក់ស្តែង​ គឺការ​សម្រេចព្រះទ័យរបស់ព្រះសង្ឃគង់នៅវត្តលលៃ​ដោយស្ម័​គ្រ​ព្រះទ័យ​ធ្វើការផ្លាស់ប្តូរកុដិ និងសំណង់ក្នុងវត្តពីលើខឿនប្រាសាទលលៃ មកគង់នៅផ្នែកខាងក្រោម​នៃបរិវេណ​ប្រា​សាទ​លលៃវិញ។ នេះគឺជាគំរូដ៏ល្អសម្រាប់ជាតិ និងអន្តរជាតិដើម្បីចៀសវាងការប៉ះពាល់ដល់បុរាណដ្ឋាននានា។

កត្តាជោគជ័យចុងក្រោយគឺការពង្រីក និងពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើរបស់អ្នកជំនាញជាតិ។ បច្ចុប្បន្នអ្នកជំនាញខ្មែរ ពិសេសអ្នកជំនាញវ័យក្មេងមានសមត្ថភាព​ក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរ និង​ពង្រឹ​ង​សមត្ថភាពខ្លួនបន្ថែម ព្រោះថាបើខ្លួនយើងមិនរឹងមាំ យើងមិនអាចសហការជាមួយស្ថាប័ន​ខាងក្រៅបាន​ឡើយ​។ ជាក់​ស្តែងអ្នកជំនាញខ្មែរកំពុងតែបានដឹកនាំនិងអនុវត្តដោយផ្ទាល់នូវគម្រោងជួសជុលយ៉ាង​ច្រើនក្នុងរមណីយដ្ឋាន​អង្គរ៕

បញ្ចេញយោបល់