កិច្ចប្រជុំស្តីពីវិធានការតាមដានបន្ទាន់ ដើម្បីត្រួតពិនិត្យទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េសជ្រូកអាហ្រ្វិក

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
8

ស្វាយរៀង: នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក សុខ រស អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការ អនុវត្តសារាចរណ៍ណែនាំលេខ២៣២ សរណន កសក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសេចក្តីណែនាំលេខ០០២/១៩ សណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺបេសជ្រូកអាហ្វ្រិក របស់រដ្ឋបាលខេត្តស្វាយរៀង។

អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះមានប្រតិភូនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកអភិបាលក្រុង-ស្រុក ប្រធានមន្ទី អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងលោក លោកស្រីនាយរង រដ្ឋបាលសាលាខេត្តស្វាយរៀង។

យោងតាមសេចក្តណែនាំរដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញនូវវិធានការជាក់លាក់មួយចំនួនដើម្បី ទប់ស្កាត់ជម្ងឺបេស្តជ្រូកអាហ្វ្រិកមានដូចខាងក្រោម៖

១.ត្រូវបន្តជំរុញការអនុវត្តវិធានការចាំបាច់ និងបន្ទាន់នានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺបេស្តជ្រូកអាហ្វ្រិក តាមដានស្រាវជ្រាវទៅលើសុខភាពជ្រូកទូទាំងខេត្ត និងត្រូវអនុវត្តវិធានការជីវសុវត្ថិភាព អនាម័យនៅគ្រប់កន្លែងចិញ្ចឹមជ្រូក កន្លែងប្រមូលផ្តុំជ្រូក និងទីផ្សារជ្រូកជាដើម។

២.ទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកតាមគ្រប់រូបភាព មធ្យោបាយដឹកជញ្ជូន ពីប្រទេសវៀតណាមដែលគ្មានច្បាប់អនុញ្ញាត ពិសេសមិនបានពិនិត្យត្រឹមត្រូវពីសុខភាពសត្វ។

៣.បង្កើនការអង្កេតតាមដានឃ្លាំមើលសុខភាពសត្វជ្រូកនៅតាមមូលដ្ឋាន កន្លែងចិញ្ចឹម និងកសិដ្ឋានជាប្រចាំ។

៤.ធ្វើការសហការអោយបានល្អជាមួយភាគីវៀតណាម ក្នុងការផ្លាស់ប្តូរពត៌មានទាក់ទងនឹងជម្ងឺ ដើម្បីធ្វើការទប់ស្កាត់ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៥.អប់រំណែនាំដល់ប្រជាជន ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមជ្រូកគ្រប់កម្រិតពីការរៀបចំទ្រុង ការថែទាំផ្តល់ចំណី តាមដានសុខភាព និងវិធានសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

៦.បន្តការផ្សព្វផ្សាយដល់ប្រជាជនអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជម្ងឺបេស្តជ្រូក អាហ្វ្រិក។

៧.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពពាក់ព័ន្ធត្រូវរួមគ្នាពិនិត្យ និងរកដំណោះស្រាយនូវរាល់បញ្ហា និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

បញ្ចេញយោបល់