លិខិតមិត្តអ្នកអាន៖ «សន្ទុះហូបនំបញ្ចុកថ្ងៃនេះ បញ្ជាក់ពីសាមគ្គីភាពនៃមហាគ្រួសារខ្មែរដែលខ្លាំងជាងទឹកបាក់ទំនប់!»

ថ្ងៃអាទិត្យ ទី ៩ មិថុនា ២០១៩​
16

ថ្ងៃអាទិត្យទី៩ មិថុនា នេះ គឺពិតជាថ្ងៃដ៏មហាអស្ចារ្យមួយសម្រាប់ការហូបនំបញ្ចុកទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក។

ខ្ញុំជិះឡានបើកឆ្លងកាត់ខេត្តមួយចំនួនដែលជាប់ទីក្រុងភ្នំពេញគួបផ្សំនឹងមើលការបង្ហោះផ្សាយតាមវេបសាយ និងហ្វេសប៊ុក គឺឃើញនៅគ្រប់ទិសទី និងពេញផ្ទៃប្រទេស កន្លែងណាក៏មានការជួបជុំហូបនំបញ្ចុកដែរ។ ខ្មែរទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ ទាំងព្រះសង្ឃទាំងគ្រហស្ថនៃព្រះពុទ្ធសាសនារហូតដល់ឥស្លាមសាសនិក និងអ្នកកាន់សាសនាផ្សេងទៀតសុទ្ធតែបានសប្បាយរីករាយក្នុងការជួបជុំបរិភោគនំបញ្ចុកជាមួយមហាគ្រួសារខ្មែរយ៉ាងសប្បាយរីករាយ។

ខ្ញុំឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក នំបញ្ចុកបានវាយលុកលុបទាំងស្រុងដែលធ្វើឲ្យលុបបាត់អស់នូវព្រឹត្តិការណ៍ផ្សេង។ មហាទិវាហូបនំបញ្ចុកថ្ងៃនេះពិតជាមានអត្ថន័យយ៉ាងច្រើន និងធំធេងសម្រាប់ប្រទេសខ្មែរយើង៖

អត្ថន័យទី១៖ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកម្លាំងសាមគ្គីនៃមហាគ្រួសារខ្មែរក្រោមម្លប់សុខសន្តិភាពដែលប្រទេសកម្ពុជាកំពុងទទួលបានពីការដឹកនាំរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា។ កម្លាំងសាមគ្គីនៃមហាគ្រួសារខ្មែរបែបនេះ គឺជាចលករ ដែលពិតជាអាចជំរុញប្រទេសជាតិឲ្យរីកចម្រើនទៅមុខបានគ្រប់ពេលវេលា។

អត្ថន័យទី២៖ ជាការឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏ធំធេង និងខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយដោយឡែក និងការគោរពដ៏ម៉ឺងម៉ាត់ដាច់ខាត របស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាពិសេស គឺការជឿជាក់ និងទុកចិត្តទាំងស្រុងលើភាពត្រឹមត្រូវ និងឆ្លៀសវៃនៃការដឹកនាំរបស់លោក ហ៊ុន សែន និយាយជារួម។ ហើយបើយើងមើលលើការ
ជាក់ស្តែងវិញ គឺក៏អញ្ចឹងមែន។ គ្រាន់តែលោក ហ៊ុន សែន អំពាវនាវមួយប្រាវសោះបានធ្វើឲ្យសកម្មភាពហូបនំបញ្ចុកនៅថ្ងៃនេះភ្លូកទឹកភ្លូកដីទូទាំងប្រទេស។ ប្រការនេះហើយដែលបានឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាដែលខ្ញុំកត់សំគាល់និងតែងតែយល់ថា រាល់ការប៉ុនប៉ងណាមួយក្នុងការបំបែកបំបាក់បក្សនេះ ជាពិសេសការចង់បំបែកបំបាក់រវាងអ្នកដឹកនាំក្នុងបក្សនេះតែងតែជួបការបរាជ័យ។

អត្ថន័យទី៣៖ ស្នៀតមួយក្បាច់នេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកម្ចាត់ពិស «នំបញ្ចុកនយោបាយ» ឬ «នំបញ្ចុកបំបែកបំបាក់ជាតិ» របស់លោកសម រង្ស៊ី ពិតជាមានប្រសិទ្ធភាពហួសពីការស្មាន។ តែមួយពព្រិចភ្នែកសោះ ពិសដែលបង្កប់ក្នុង «នំបញ្ចុកនយោបាយ» របស់ សម រង្ស៊ី ត្រូវបានសាបរលាបទាំងស្រុង។ ពេលនេះ នំបញ្ចុកគ្មានពិសនយោបាយបង្កប់ក្នុងនោះទៀតទេ គឺមានតែនំបញ្ចុកខ្មែរ នំបញ្ចុកឯកភាពជាតិ និងនំបញ្ចុកសប្បាយរីករាយតែប៉ុណ្ណោះ។

អត្ថន័យទី៤៖ ប្រជាពលរដ្ឋខ្មែរនៅតែឈរយ៉ាងរឹងមាំនៅខាងអំពើល្អឈរនៅខាងសន្តិភាព និងការអភិវឌ្ឍន៍ គឺមិនឈរខាងអ្នកអុកឡុក រុកគួន ឈ្នានីស និងបង្ករឿងឡើយ។ ចលនាគាំទ្រអំពើល្អនេះ គឺពិតជាសញ្ញាបញ្ជាក់ថា ពលរដ្ឋខ្មែរបានធ្វើសេចក្តីសម្រេចចិត្តយ៉ាងត្រឹមត្រូវមួយសម្រាប់អនាគតរបស់ខ្លួន និងកូនចៅខ្លួន។

អត្ថន័យទី៥៖ កម្លាំងសាមគ្គីនៃមហាគ្រួសារខ្មែរក្នុងថ្ងៃហូបនំបញ្ចុកនេះ គឺជាដំបងដែលសំពងយ៉ាងដំណំទៅលើក្រុមប្រឆាំងជ្រុលនិយមដែលគ្រោងបង្កើតរចនាសម្ព័ន្ធនយោបាយខុសច្បាប់នៅកម្ពុជាដោយប្រើប្រាស់រូបភាពជួបជុំហូបនំបញ្ចុក។ ខ្ញុំគិតថា ចលនាប្រឆាំងរប៉េះរប៉ោះដែលនៅសេសសល់នេះប្រហែលជាអាចភ្លឺភ្នែកហើយនៅពេលឃើញសន្ទុះនៃសាមគ្គីភាពជាតិខ្មែរក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។

អត្ថន័យទី៦៖ ខ្ញុំយល់ថា ទិវាជួបជុំហូបនំបញ្ចុកថ្ងៃនេះ គួរតែជំរុញ និងពង្រីកអោយក្លាយជាចលនាជាតិមួយដើម្បីបន្តលើកស្ទួយនំបញ្ចុកខ្មែរទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ យើងគួរនាំគ្នាចាប់ពីពេលនេះតទៅ យកនំបញ្ចុកខ្មែរជាអាហារសម្រាប់កម្មវិធីតូចធំផ្សេងៗដើម្បីទទួលភ្ញៀវ ដូចជា បុណ្យខួបកំណើត មង្គលការ ពិធីជប់លៀងផ្សេងៗ ជាពិសេសការទទួលភ្ញៀវបរទេសគ្រប់ប្រភេទដែលបានឈានជើងជាន់ទឹកដីខ្មែរយើង។

ជាការពិត ក្រោយពេលលោក ហ៊ុន សែន ប្រកាសឲ្យពលរដ្ឋទូទាំងប្រទេសនាំគ្នាហូបនំបញ្ចុកថ្ងៃទី៩ មិថុនា ខ្ញុំបានតាមដានឃើញក្រុមប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី ក៏មានផែនការចង់ឲ្យការប្រកាសរបស់លោក ហ៊ុន សែន ទទួលបរាជ័យដែរ ដោយបញ្ជាឲ្យកូនចៅខ្សឹបខ្សៀវតៗគ្នាកុំឲ្យនាំគ្នាហូបនំបញ្ចុកនៅថ្ងៃ៩ មិថុនា។ ប៉ុន្តែ ការខ្សឹបខ្សៀវនេះហាក់គ្មានឥទ្ធិពលអ្វីទាំងអស់។ ហើយនៅទីបំផុត ដោយឃើញសន្ទុះខ្លាំងក្លាពេកដូចទឹកបាក់ទំនប់នៃចលនាហូបនំបញ្ចុក ខ្ញុំក៏ឃើញពួកគេបណ្តោយឲ្យកូនចៅរបស់ខ្លួននៅកន្លែងខ្លះនាំគ្នាហូបនំបញ្ចុកយ៉ាងរប៉េះរប៉ោះដែរទៅ។ នេះក៏ជាចំណុចដែលអាចបញ្ជាក់ថា ឥទ្ធិពលរបស់លោក សម រង្ស៊ី និងកម្លាំងគាំទ្រគាត់កាន់តែចុះខ្សោយទៅៗ ព្រោះម្យ៉ាងដោយសារការបែកបាក់ផ្ទៃក្នុងបន្ទាប់ពីមានអំពើបក្សប្រហារ ដណ្តើមអំណាចពីលោក កឹម សុខា និង ម្យ៉ាងទៀត ក៏ដោយសារតែភាពតក់ស្លុតនៅចំពោះមុខសន្ទុះនៃមហាគ្រួសារខ្មែរទូទាំងប្រទេសដែលឈរយ៉ាងរឹងមាំនៅខាងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន។

ដូច្នេះ ចលនាហូបនំបញ្ចុកថ្ងៃនេះអាចចាត់ទុកជាវិញ្ញាសារសាកល្បងដ៏សំខាន់មួយទៀត ដើម្បីវាស់ស្ទង់គំនិតជាតិនិយមរបស់ពលរដ្ឋខ្មែរក្នុងការការពារអត្តសញ្ញាណជាតិរបស់ខ្លួនមិនឲ្យមានអ្នកណាមកបំផ្លាញបានឡើយ។ ហើយវិញ្ញាសារនេះ ក៏បានស្តែងចេញជាលទ្ធផល សម្រាប់ក្រុមប្រឆាំងថា ល្មមដល់ពេលដែលពួកគេភ្លឺភ្នែកភ្ញាក់រលឹកហើយ ពីព្រោះចលនាការពារសន្តិភាព ការពារស្ថិរភាព នយោបាយ ការពារអធិប្បតេយ្យ និងការពារផលប្រយោជន៍ជាតិខ្មែរពិតជាមានសន្ទុះខ្លាំងជាងទឹកបាក់ទំនប់ទៅទៀត៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

បញ្ចេញយោបល់