លិខិតចំហរជូនសមាជិកគណៈប្រតិភូសហភាពអឺរ៉ុប៖ សូមវិនិច្ឆ័យស្ថានការណ៍កម្ពុជាដោយឈរលើការពិត និងប្រកបដោយសតិសម្បជញ្ញៈ ដើម្បីភាពយុត្តិធម៌ជូនពលរដ្ឋខ្មែរមិនមែនឈរលើនិន្នាការនយោបាយលម្អៀងឡើយ

ថ្ងៃព្រហស្បតិ៍ ទី ៦ មិថុនា ២០១៩​
16

ក្នុងនាមប្រជាជនកម្ពុជាមួយរូប ខ្ញុំពិតជាថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ការអនុគ្រោះព័ន្ធលើទំនិញកម្ពុជាលើកលែងតែអាវុធ (EBA) ដែលបានធ្វើឱ្យកម្ពុជាមានការនាំចេញផលិតផលជាច្រើនទៅកាន់ទីផ្សារសហភាពអឺរ៉ុប នាំមកនូវចំណូលចូលជាតិ និងបង្កើនជីវភាពកម្មករកម្មការិនីខ្មែរនិង ចូលរួមធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនាពេលកន្លងទៅនេះ។ ប៉ុន្តែការជួយនេះមិនត្រូវធ្វើការបកស្រាយថា កម្ពុជាស្ថិតក្រោមការបង្គាប់បញ្ជារបស់អឺរ៉ុប អឺរ៉ុបឱ្យធ្វើអ្វីកម្ពុជាត្រូវតែ ធ្វើតាមការបញ្ជារបស់ខ្លួនឡើយ។ កម្ពុជាជារដ្ឋអធិបតេយ្យ និងឯករាជ្យ ចាំបាច់ត្រូវតែទទួលបាននូវការគោរពយ៉ាងពេញលេញដូចមានចែងនៅក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ និងការធ្វើទំនាក់ទំនងការទូតដោយស្មើភាពនិងស្មើសិទ្ធិ មិនមែនរវាងចៅហ្វាយនាយ និងកញ្ជះដាច់ថ្លៃ ដូចក្រុមប្រឆាំងមួយចំនួនកំពុងលក់ឧត្តមគតិជាតិ និងយកអធិបតេយ្យជាតិដាក់ក្រោមបាតជើងបរទេសឡើយ។ កម្ពុជាជាប្រទេសនីតិរដ្ឋ និងមិនអនុញ្ញាតឱ្យនរណាម្នាក់រំលោភបំពានបានទេ ហើយកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចាត់វិធានការប្រឆាំងនឹងផែនការបំផ្លាញជាតិតាមរយៈបដិវត្តន៍ពណ៌ ទាញកម្ពុជាចូលក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយ។

កម្ពុជាត្រូវបានគេមើលឃើញថា គឺជាជនរងគ្រោះនៃការអនុវត្តច្បាប់របស់ខ្លួនប្រឆាំងនឹងបដិវត្តន៍ពណ៌ និងប្រឆាំងនឹងក្រុមកញ្ជះបរទេស និងជាជនរងគ្រោះនៃការបង្ក្រាប និងទប់ស្កាត់បដិវត្តន៍ពណ៌មិនឱ្យបំ ផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស ជាជនរងគ្រោះនៃការការពារជាតិ និងការពារសេចក្តីសុខ របស់ប្រជាជនខ្លួន។ កាលដែលតុលាការកម្ពុជាបានរកឃើញថាគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តអំពើឃុបឃិតជាមួយនឹងបរទេស អនុវត្តផែនការបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិដែលជាអង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ និងបានហាមឃាត់ ដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំចំពោះសមាជិកនៃគណៈអចិន្ត្រៃយ៍ និងគណៈកម្មការកណ្តាលគណបក្សសង្គ្រោះជាតិ ស្របតាមនីតិវិធីច្បាប់ កម្ពុជាខ្លួនឯងបែរជាត្រូវបានចោទប្រកាន់ពីបស្ទឹមប្រទេស ថាជាអ្នកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបិទសិទ្ធិសេរីភាព សិទ្ធិនយោបាយទៅវិញ។ ការចោទ ប្រកាន់ និងមួលបង្កាច់កម្ពុជាដោយអយុត្តិធម៌នេះធ្វើឡើងដោយក្រុមជនល្មើសច្បាប់ និងក្រុមជនបរទេស មួយចំនួនដែលមាននិន្នាការលម្អៀងគាំទ្រ បុព្វហេតុបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងនៅកម្ពុជា។

ក្រុមជនបរទេសមួយចំនួនបានធ្វើជាខ្វាក់និងថ្លង់ មើលមិនឃើញពីទង្វើក្បត់ជាតិរបស់ក្រុមប្រឆាំង និងមិនឃើញពីអ្វី ដែលជាភាពចាំបាច់នៃវិធានការច្បាប់របស់កម្ពុជា ប្រឆាំងនឹងនយោបាយបំផ្លាញជាតិរបស់ក្រុមប្រឆាំង។ពួកគេបានដាក់បន្ទុកមកលើកម្ពុជាថា ជាអ្នកដែលធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាចុះដុនដាប និងគាបសង្កត់សិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្សប្រជាជនខ្លួនឯងទៅវិញ។ ក្រុមប្រឆាំងដែលប្រព្រឹត្តល្មើសច្បាប់ និងមានចេតនាទុច្ចរិតបំផ្លាញជាតិ ត្រូវបានលើកតម្កើង និងផ្តល់ពានរង្វាន់ ព្រមទាំងទទួលបានការស្តាប់សម្តីបោកប្រាស់របស់ពួកគេទៀត។ ពួកគេត្រូវបានលើកទឹកចិត្តឱ្យបន្តបំផ្លាញផលប្រយោជន៍ជាតិខ្មែរតាមរយៈ នយោបាយបីកុំរបស់ខ្លួន គឺពួកគេបានលត់ជង្គង់អ្វង្របរទេសកុំវិនិយោគ កុំផ្តល់ជំនួយ និងកុំទិញទំនិញពីកម្ពុជា ដែលនេះ គឺជានយោបាយវាយបំបោកឆ្នាំងបាយរបស់ប្រជាពលរដ្ឋ។ នយោបាយបំផ្លាញជាតិនេះ ត្រូវបានទទួលយកដោយមន្ត្រីមួយចំនួននៃសហភាពអឺរ៉ុប ដោយមិនឈរលើមូលដ្ឋានប្រាកដនិយម។
ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈប្រតិភូ នៅពេលនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាដែលក្រុមបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីបរទេស និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកកំពុងលាបពណ៌ថាប្រជាធិបតេយ្យស្លាប់ និងមានបំបិទសិទ្ធិសេរីភាព និងរំលោភសិទ្ធិមនុស្ស។

តើស្ថានភាពកម្ពុជាដែលអស់លោកកំពុងស្ថិតនៅវាអាក្រក់ដូចដែលក្រុមប្រឆាំងបានលាបពណ៌ទេ? ពលរដ្ឋខ្មែរបច្ចុប្បន្ននេះបាននិងកំពុងតែរីករាយនឹងកំណើនសេដ្ឋកិច្ច សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងចូលរួមយ៉ាងសកម្មក្នុងដំណើរការប្រជាធិបតេយ្យ។ មានតែក្រុមឧទ្ទាមខុសច្បាប់ទេដែលមានវិបត្តិ ព្រោះពួកគេបានព្យាយាមបំពានច្បាប់និងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌ ហើយមន្ត្រីមួយចំនួននៃសហភាពអឺរ៉ុបក៏បានជឿ និងកាន់ជើងក្រុមប្រឆាំងព្រមទាំង បានស្រែកថ្កោលទោសកម្ពុជាសព្វបែបយ៉ាងថាប្រជាធិបតេយ្យនៅកម្ពុជាមានវិបត្តិ និងទាមទារឱ្យមានការដោះលែង និងទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យនានា ជាពិសេស កឹម សុខា ដែលបានសារភាពដោយផ្ទាល់មាត់ថា «អាមេរិកជួយខ្លួន ដើម្បីផ្តួលរំលំរបបដឹកនាំនៅកម្ពុជាដែលយកគំរូអនុវត្តបានជោគជ័យ ពីប្រទេសយូហ្គោស្លាវី និងស៊ែប៊ីមកអនុវត្ត»។

ហេតុអ្វីបានជាកម្ពុជា ត្រូវចាំបាច់កម្ទេចអង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌? រឿងអាស្រូវនៅប្រទេសអូទ្រីសសមាជិកមួយរបស់សហភាពអឺរ៉ុបដែលអនុអធិការបតី បានសន្យាផ្តល់ផលប្រយោជន៍ឱ្យរុស្សី ប្រសិនបើរុស្ស៊ីជួយខ្លួនឱ្យឈ្នះការបោះឆ្នោតឡើងកាន់អំណាច បានធ្វើឱ្យកក្រើកសហភាពអឺរ៉ុបរបស់អស់លោក ហើយអធិកាបតីអាឡឺម៉ង់ អង់ហ្គាឡា ម៉ាគែល ក៏ បានព្រមានអ្នកនយោបាយអឺរ៉ុបកុំឱ្យលក់ក្បាលឱ្យបរទេសដែលចង់បំផ្លាញអឺរ៉ុបដែរ។ រឿងអាស្រូវនេះបាន ធ្វើឱ្យអធិការបតី នៅក្នុងតំណែងបាត់បង់សេចក្តីទុកចិត្តពីសភា ហើយមន្ត្រីជាច្រើនរូបបានលាលែងចេញពីតំណែងដើម្បីបើកឱ្យមានការស៊ើបអង្កេត។

សំណុំរឿងនេះមិនខុសពីករណី កឹម សុខា ប្រធានខ្មោចគណ បក្សសង្គ្រោះជាតិដែលបង្ហាញយ៉ាងលម្អិតពីផែនការក្បត់ជាតិនោះឡើយ។ អាជ្ញាធរកម្ពុជាមានកាតព្វកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើក្បត់ជាតិនិងប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងខ្លួន។

រឿងអាស្រូវនេះគឺជាកញ្ចក់សម្រាប់ឱ្យមន្ត្រីនៃសហភាពអឺរ៉ុបឆ្លុះបញ្ចាំង គិតពិចារណាថា កម្ពុជាពិតជាមានភាពចាំបាច់ដើម្បីកម្ចាត់ជនក្បត់ជាតិដូចអ្វីដែលប្រទេសអូទ្រីសបានធ្វើ។ វិធានការនេះ មិនមែនជាការបំបិទសិទ្ធិសេរីភាពរំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យនោះឡើយ។ ប៉ុន្តែជាវិធានការដើម្បី ការពារសន្តិភាព និងការអភិវឌ្ឍចេញពីការបំផ្លាញរបស់បដិវត្តន៍ពណ៌ និងការពារផលប្រយោជន៍ពលរដ្ឋស្លូតត្រង់់រាប់លាននាក់។ ប្រសិនបើអ្វីដែលកម្ពុជា ធ្វើជាការសម្លាប់ប្រជាធិបតេយ្យ ដូច្នេះសហភាពអឺរ៉ុបគួរហ៊ានរិះគន់និងថ្កោលទោសប្រទេសអូទ្រីសថាបាន សម្លាប់ប្រជាធិបតេយ្យក្នុងប្រទេសនេះ ហើយរំលោភសិទ្ធិមនុស្ស និងបិទសិទ្ធិសេរីភាពដែរព្រោះរឿងរ៉ាវនៅប្រទេសកម្ពុជាដូចនឹងអ្វីដែលប្រទេសអូទ្រីសកំពុងជួបប្រទះ។

ចុះហេតុអ្វីបានជាស្រែករិះគន់វាយប្រហារនិងរហូតដល់ព្រមានដាក់ទណ្ឌកម្មនយោបាយ សេដ្ឋកិច្ចនិងដកប្រព័ន្ធអនុគ្រោះពន្ធចេញពីទំនិញកម្ពុជា? សហភាពអឺរ៉ុបដែលត្រូវបានគេដឹងថាជាសម្ព័ន្ធមិត្រចាក់ទឹកមិនលិចរបស់អាមេរិក អាចនឹងធ្វើអ្វីៗតាមខ្សែញាក់របស់សម្ព័ន្ធមិត្ររបស់ខ្លួន ដើម្បីសងសឹកកម្ពុជាជាពិសេសសងសឹកជំនួសកូនចឹងបក្សប្រឆាំងរបស់ខ្លួន ដែលរដ្ឋាភិបាលបានវាយបំបាក់ផែនការបដិវត្តន៍ពណ៌ ផ្លាស់ប្តូរ របបដឹកនាំស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ដែលជាមធ្យោបាយមិនប្រជាធិបតេយ្យ។ មន្ត្រីសហភាពអឺរ៉ុប មួយចំនួនដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតសភាអឺរ៉ុបបានដំឡើងនូវសំឡេងរិះគន់វាយប្រហារ គំរាមកំហែងចំពោះកម្ពុជា។

អ្វីដែលសហភាពអឺរ៉ុបបាននិងកំពុងតែធ្វើមកលើកម្ពុជាត្រូវបានគេជឿថា មានរបៀបវារៈនយោបាយច្បាស់លាស់នៅពីក្រោយខ្នងមួយ។ សហភាពអឺរ៉ុបថា ប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះដែលត្រូវតែស្តារឡើងវិញ ប៉ុន្តែតាមពិតគឺក្រុមមន្ត្រីខ្មោចគណបក្សសង្គ្រោះជាតិទេដែលជាអ្នកសម្លាប់ប្រជាធិបតេយ្យ ដូចជាការហាមពលរដ្ឋមិនឱ្យទៅបោះឆ្នោតជាដើម។ បេសកកម្មរបស់ចៅហ្វាយនាយ គឺធ្វើយ៉ាងណាស្តារក្រុមប្រឆាំងឡើងវិញ និងជួយប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់វិញ។

ឯកឧត្តមលោកជំទាវ លោកលោកស្រីសមាជិកគណៈប្រតិភូ អ្វីដែលកម្ពុជាបាននិងកំពុងធ្វើគឺការឆ្លើយតបបំណងដ៏ពិសិដ្ឋ របស់ពលរដ្ឋខ្មែរដែលចង់រស់នៅក្នុង
សុខសន្តិភាពនិងការអភិវឌ្ឍ មិនមែនបដិវត្តន៍ពណ៌ដែលក្រុមប្រឆាំងបាននាំចូលកម្ពុជានោះឡើយ។ លើកនេះគឺជាលើកទី ២ ហើយដែលក្រុមការងារស្វែងរកការពិតរបស់សហភាពអឺរ៉ុបបានមកដល់កម្ពុជា។ នៅប៉ុន្មានថ្ងៃមុននឹងបេសកកម្មរបស់គណៈប្រតិភូអឺរ៉ុបចាប់ផ្តើម មន្ត្រីសហភាពអឺរ៉ុប បានថ្លែងប្រាប់មន្ត្រីបក្សប្រឆាំងថាខ្លួននៅតែរក្សាគោលជំហរដដែលចំពោះកម្ពុជាគឺការទាមទារឱ្យ មានការស្តារលទ្ធិប្រជាធិបតេយ្យ និងដោះលែង កឹម សុខា និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ។ បេសកកម្មស្វែងរកការពិតទាំងលើកទី១ និងលើកទី២ នេះទំនងមិនមានភាពខុសគ្នាឡើយ ព្រោះក្រុមប្រតិភូដែលមកចូលរួមក្នុងការវាយតម្លៃនេះ គឺមានបុរេវិនិច្ឆ័យចំផ្នែកនយោបាយពោះកម្ពុជារួចស្រេចទៅហើយ ហើយក៏ទំនងជាមកជួបប្រជុំជាមួយមន្ត្រីកម្ពុជា បានត្រឹមតែបំពេញកិច្ចប៉ុណ្ណោះ ប៉ុន្តែអ្វីៗត្រូវបានគេរៀបចំរួចស្រេចទៅហើយរួមទាំងសារសំខាន់ៗដែលមន្ត្រីត្រូវនិយាយថែមទៀតផង។

ទោះជាមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងធ្វើយ៉ាងណាក៏ដោយ ក៏មន្ត្រីសហភាពអឺរ៉ុបធ្វើមិនដឹងមិនឮនូវសមិទ្ធផលនានារួមនឹងដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិជាក់ស្តែងដែរ។ ពួកគេសូត្រតាមតែអ្វីដែលគេរៀបចំឱ្យប៉ុណ្ណោះ និងនិយាយតែអ្វីដែលក្រុមប្រឆាំងបានប្រាប់។
នេះមិនខុសពីនិយាយជាមួយមនុស្សវិញ្ញាណល្អ ភ្នែកមើលឃើញ ត្រចៀកស្តាប់ឮ ប៉ុន្តែធ្វើជាមើលមិនឃើញ ស្តាប់មិនឮនោះទេ!

ខ្ញុំសង្ឃឹមថាឯកឧត្តមលោកជំទាវ លោកលោកស្រីសមាជិកគណៈប្រតិភូ ដែលកំពុងមានវត្តមាននៅកម្ពុជានេះនឹងមិនលុះដោយអគតិទាំង ៤ ឡើយហើយប្រាកដជានឹងប្រកាន់នូវភាពសច្ចៈទៀងត្រង់និង គោរពឆន្ទៈប្រជារាស្ត្រភាគច្រើនតាមគោលការណ៍ប្រជាធិបតេយ្យ មិនលម្អៀងក្នុងការសម្រេចចិត្តឡើយ។ អ្វីដែលកម្ពុជាចង់បានគឺភាពត្រឹមត្រូវ និងសច្ចៈធម៌ប្រវត្តិសាស្ត្រ។ កម្ពុជាបានប្រកាន់នូវបាវចនាដឹកនាំមួយ គឺ«ធ្វើកំណែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» ហើយមិនយកប្រទេសណាមួយជាសត្រូវឡើយ។ ទំនងនៅពេលនេះ សហភាពអឺរ៉ុបដែលតែងតែកាន់ជើងថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិបានដឹងច្បាស់ថា ខ្លួននឹងមិនងាកក្រោយវិញឡើយចំពោះការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន គ្រាន់តែធ្វើតាមនីតិវិធីប៉ុណ្ណោះព្រោះអ្វីៗបានរៀបចំរួចស្រេចទៅហើយ។ ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាលប្រមាណ៨០ ក៏បានចូលរួមសម្តែងរឿងនេះដែរ។

អង្គការសង្គមស៊ីវិលទាំងនេះដែលធ្លាប់បម្រើតិចឬច្រើននូវនយោបាយក្រុមប្រឆាំងបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្ទន់ឥរិយាបថចរចាជាមួយនឹងសហភាពអឺរ៉ុប ដើម្បីអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះព័ន្ធលើទំនិញកម្ពុជា។ ចំណែកក្រុមមន្ត្រីបក្សប្រឆាំងនៅក្រៅស្រុក ក៏បានស្រែកអំពាវនាវដូចគ្នានេះដែរ។ តាមពិត ពេលនេះគេបានដឹងច្បាស់ហើយថាសង្គមស៊ីវិលមួយចំនួនរួមនឹងក្រុមមន្ត្រីបក្សប្រឆាំងគឺជាខ្ញុំបម្រើដាច់ថ្លៃរបស់ជនបរទេស។ ពួកគេសរសេរសំបុត្រទៅសួរសហភាពអឺរ៉ុប ពួកគេចេញសេចក្តីថ្លែងការណ៍និយាយអាក្រក់ពីកម្ពុជា គឺជាសេណារីយូរបស់ក្រុមប្រឆាំងក្នុងការបង្កើតព្រឹត្តិការណ៍ចិញ្ចឹមព្រឹត្តិការណ៍ បង្ករឿង ហុចដងដាវឱ្យគណៈប្រតិភូអឺរ៉ុបរបស់លោកលោកស្រីដើម្បីចាក់មកលើកម្ពុជា។

ប៉ុន្តែសូមឯកឧត្តមលោកជំទាវ លោកលោកស្រីសមាជិកគណៈប្រតិភូសហភាពអឺរ៉ុប មេត្តាជ្រាបថា កម្ពុជាបានប្រកាសដាច់ខាតហើយថា «មិនយកអធិបតេយ្យភាពជាតិទៅប្តូរជំនួយទេ និងមិនយកអធិបតេយ្យភាពទៅប្តូរការគាំទ្ររបស់សហភាពអឺរ៉ុបដើម្បីទទួលបានប្រព័ន្ធអនុគ្រោះព័ន្ធអ៊ីប៊ីអេឡើយ ចំណាត់ការគឺអាស្រ័យលើសហភាពអឺរ៉ុប។ កម្ពុជាក៏មានកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនដែរ។ បើសិនសហភាពអឺរ៉ុបមានរបៀបវារៈនយោបាយ នៅពីក្រោយការដកប្រព័ន្ធអនុគ្រោះពន្ធរួចស្រេចទៅហើយ ទោះបីជាកម្ពុជាធ្វើល្អយ៉ាងណា មានការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងមានប្រជាធិបតេយ្យ យ៉ាងណា ក៏សហភាពអឺរ៉ុបធ្វើមិនដឹងមិនឮដែរ!» ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩

 

បញ្ចេញយោបល់