ទស្សនៈមិត្តអ្នកអាន៖ ប្រកាសសង្គ្រាម បន្តអនុវត្តនូវវិធានការច្បាប់ចំពោះជនល្មើស គឺជារឿងត្រឹមត្រូវ !

ថ្ងៃចន្ទ ទី ៣ មិថុនា ២០១៩​
6

ពី​ប្រទេស​ជប៉ុន កាល​ពី​​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ​ឆ្នាំ​២០១៩​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ផ្ញើ​​សារ​ប្រកាស​ជំហរ​យ៉ាង​ម៉ឹង​​ម៉ាត់ក្នុង​ការ​អនុវត្តនូវ​​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះអតីត​​អ្នក​នយោបាយ​ដែល​​កំពុ​ង​​ជាប់​​បម្រាម​​ក៏​ដូច​​ជា​​អ្នក​​ដែល​​កំពុង​​ជាប់​​ទោស​​ទណ្ឌពី​អំពើ​ក្បត់​ជាតិ​​​ ដោយ​គ្មាន​ការ​លើក​លែង​​ណា​​មួយ​ឡើយ​​។​​​​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក៏បាន​ប្រកាស​ទប់​ទល់​ជាមួយ​នឹង​គំនិត​ដ៏ទុច្ច​រិត​របស់​ទណ្ឌិត​រត់​ចោលស្រុក​ ដែល​មាន​ផែន​ការ​ និង​គម្រោងចូល​មក​ចាប់​ខ្លួន​នាយក​រដ្ឋ​មន្ត្រី​កំពុង​កាន់​តំណែង​ស្រប​ច្បាប់​ផង​ដែរ​។ តើ​ការ​ប្រកាសសង្គ្រាម​ប្រឆាំង​ទប់​ទល់​នឹង​ចលនា​ឧទ្ទាម​ខុសច្បាប់​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​​ជាការ​ខុស​​ឆ្គង​ឬ​?​ តើ​ការ​ប្រឆាំង​តទល់​នឹង​មេឧទ្ទាម​ក្រៅ​ច្បាប់​ដែល​បង្កើត​ចលនា​ជ្រុល​និយម​នៅ​ក្រៅ​​ប្រទេស​​​ប្រឆាំង​នឹង​​ប្រជា​ជនខ្លួន​ឯង​ ប្រ​ឆាំងនឹង​​​ការ​អភិវឌ្ឍ​​ និង​​សុខ​​សន្តិភាព​​ជាការខុស​ឆ្គង​ឬ​?​

 

មាន​ហេតុ​ផល​ជាច្រើន​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​អាច​អត់​ឱនឱ្យ​​បាន​​ចំពោះទ​ង្វើ​​ខុស​​ច្បាប់​​របស់​​ក្រុម​​អតីត​​អ្នក​​នយោបាយ​ប្រឆាំង និង​ទណ្ឌិត​រត់​ចោល​ស្រុក​ គេច​វេស​ពី​សំណាញ់​ច្បាប់​។​

ទី១-​ អំពើក្បត់​ជាតិ​​ឃុប​ឃឹត​​ជាមួយ​​បរទេស​ក្នុង​បំណង​ចង់ផ្តួល​រំលំ​រាជ​​រដ្ឋាភិបាល​​កើត​ចេញ​​ពី​​ការ​​បោះ​ឆ្នោតស្រប​ច្បាប់​​ ដោយ​យក​លំនាំ​តាម​ការ​ធ្វើ​បដិវត្ត​ពណ៌​នៅ​ប្រទេស​ស៊ើប៊ី​ និង​ប្រទេស​យូ​ហ្គោ​ស្លាវី​​​​ ហើយ​ដែល​ផែន​ការ​នោះ​ត្រូវ​បាន​សារ​ភាព​ដោយ​​សម្តី​ផ្ទាល់មាត់​​​របស់​​​អតីត​​មេ​​បក្ស​​ប្រឆាំង​​ ក្រោម​​ការ​​​រៀប​​ចំ​ផែន​ការ​ ​និង​ហ្វឹក​ហាត់​ដោយ​ប្រទេស​មហាអំណាច​មួយនោះ​​។

 

ទី២- អំពើ​ក្បត់​ជាតិ​ ក្នុង​ការ​លប​លួច​ចុះ​កិច្ច​​ព្រម​ព្រៀង​ជាសម្ងាត់របស់​ទណ្ឌិត​រត់​ចោល​ស្រុក​​ក្នុង​ការ​​កាត់​ទឹក​ដី​នៅ​ភូមិភាគ​ឥសាន្ត​ឱ្យ​ទៅអតី​ត​មេដឹកនាំជន​ជាតិ​ម៉ុងតាញ៉ា​​វៀត​ណាម​ ឈ្មោះ​ កុក ស​ ដែល​​​​មាន​​​ភស្តុតាង​ជា​ឯកសារ និង​វីដេអូ​ ​​​បង្ហាញ​​​​​​ពី​​ការ​ចុះ​ហត្ថលេខា​​រវាង​​ទណ្ឌិត​រូបនេះ​ និង​​​មេខ្លោង​​ចលនា​​​ប្រឆាំង​ជាតិ​វៀតណាម​​​​ ដែល​បាន​ធ្វើ​​នៅ​​ថ្ងៃ​ទី​១៤ ខែ​​មេសា ​ឆ្នាំ​២០១៣​ នៅ​ក្នុង​​ក្រុង​ Green​​sboro​​ រដ្ឋ​ North Carolina សហរដ្ឋអាមេរិក​។​ ​​ទណ្ឌិត​រត់​ចោល​ស្រុក​​​​ក្បត់​ជាតិ​​បាន​សន្យា​ជា​មួយ​​អតី​ត​​មេដឹក​នាំ​​ចលនា​បះបោរ​វៀតណាម ​​​​​ដេ​ហ្គា ឈ្មោះ កុក ស នេះ​ថា ពេលដែល​ខ្លួន​​បាន​​ជាប់​ឆ្នោត​​ធ្វើ​​​ជា​​រដ្ឋាភិបាល​​ដឹកនាំ​​ប្រទេស​​កម្ពុជា​ ខ្លួន​​នឺង​​ប្រគល់​​អោយ​​ផ្ទះ​ ដីធ្លី​ ភ្នំ​ ទាំង​ឡាយ​ ក្នុង​​ខេត្ត​​​​​៤​​ នៅ​ភាគ​​ឥសាន្ត​​​កម្ពុជា​​​នោះ​​សម្រាប់​​​ពួក​​គេ​​​​រស់​​នៅ​​​។​​

 

ទី​៣-​ ដោយ​នៅ​តែ​គឃ្លើន​មិន​ទទួល​ស្គាល់ទោស​​កំហុស​ ទណ្ឌិត​រត់​ចោល​ស្រុក​បាន​បន្ត​ប្រព្រឹត្តិ​អំពើ​​ខុស​ច្បាប់​​ជា​ច្រើន​​ទៀត​​ តាម​រយៈ​​ការ​​បង្កើត​​ជា​ចលនា​​ឧទ្ទាម​​ខុស​​ច្បាប់​​នៅ​ក្រៅ​​ប្រទេស​ ដែល​មាន​ឈ្មោះ​ថា​ចលនា​សង្គ្រោះ​ជាតិ ហើយ​ក្រោយ​មក​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ដោយ​គ្មាន​ការ​គាំទ្រ​ពី​អន្តរជាតិនិង​សមាជិក​របស់​ខ្លួន​ក៏​បង្ខំ​ចិត្ត​ប្លន់​តំណែង​ក្នុង​អតីត​គណបក្ស​ស្រមោល​​ ដើម្បីធ្វើ​ចលនា​ប្រឆាំងតទៅទៀត​ដោយ​ឥតអៀន​ខ្មាស់​ បើ​ទោះ​បី ជា​អតីត​មន្ត្រី​បក្ស​ស្រមោល​ភាគ​ច្រើន​មិនគាំទ្រក្តី​​​​។

 

ទី៤- ការ​រំលោភ​លើ​សាល​ដីការបស់​តុលាការ​កំ​ពូល ដែល​បាន​រំលាយ​អតីត​គណបក្ស​សង្គ្រោះជាតិ​​បាត់​ទៅ​ហើយ​ ប៉ុន្តែ​ទណ្ឌិត​ទុច្ច​រិត​​នេះ​​ក្រៅពីគេច​វេស​ពី​សំណាញ់​ច្បាប់​​គេ​នៅ​តែបន្ត​ប្រើ​សង្គ្រាម​​ចិត្ត​សាស្ត្រ​​ដើម្បី​ញុះ​ញង់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​បង្កើត​ចលនា​ឧទ្ទាម​ខុសច្បាប់​ ទាំង​នៅ​ក្រៅ​ប្រទេស​​​​​​ និង​ក្នុង​ប្រទេស​។​

 

ទី៥- ជន​ក្បត់​ជាតិ​រត់​គេច​ពីសំណាញ់​ច្បាប់​​​​​គ្មាន​ការ​​​អៀន​ខ្មាស់​ក្នុងការ​​ទៅ​អុជអាល​​សហគមន៍​​អឺរ៉ុប​​​​ឱ្យ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ឡើយ​ ទោះ​បី​ដឹង​ថាទង្វើ​ដ៏ឆ្កួត​លីលា​នេះ​​ជាការ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​​ជាតិ​ និង​ផល​ប្រយោជន៍​ប្រជាជន​ ជាពិសេស​ផល​ប្រយោជន៍​កម្មករ​កម្មការិនី​ និង​កសិករ​ក៏ដោយ​។ ​ជន​ក្បត់​​​ជាតិ​ និង​ជាទណ្ឌិត​រុំ​ព័ទ្ធ​ដោយ​ទោស​រូប​នេះ​មិន​ខ្វល់ខ្វាយ​អំពី​ការ​អំពាវ​នាវ​ និង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​​កម្ពុជា​នោះទេ​​ ទោះបី​ជា​​ប្រជាពលរដ្ឋ​ទាំង​អស់​ទាម​ទារ​កុំ​ឱ្យ​សហភាព​អឺរ៉ុប​​ព្យួរ​ការ​អនុគ្រោះពន្ធ​ EBA ពី​កម្ពុជា​​ក៏ដោយ​​។​

 

យោង​តាម​ហេតុ​ផល​នៃ​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់ និង​អំពើ​ក្បត់​ជាតិ​ ម្តងហើយ​ម្តង​ទៀត និង​ទង្វើ​អុជអាល​ចំពោះ​សហគមន៍​អឺរ៉ុប ​​​ដើម្បី​កាត់​ផ្តាច់​ដង្ហើម​សេដ្ឋ​កិច្ច​ជាតិ​​​របស់​អតី​ត​អ្នក​នយោបាយ​ប្រឆាំង​ទាំង​​នេះ​ហើយ​ដែល​ក្នុង​នាម​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ជាស្ថាប័ន​នីតិ​ប្រតិបត្តិ​គឺត្រូវ​តែ​ចាត់​​វិធាន​ការ​ច្បាប់​ដើម្បី​គ្រប់​គ្រង​ និង​ថែរក្សា​សណ្តាប់​ធ្នាប់​សង្គម​ក្នុង​ន័យ​ប្រឆាំង​នឹង​ការ​ញុះញង់​ពី​ក្រុម​​ឧទ្ទាម​ក្រៅប្រទេសតាម​រយៈការ​ធ្វើ​សង្គ្រាម​ចិត្ត​សាស្ត្រ​​ចង់​​ឱ្យ​ប្រជាពលរដ្ឋ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ងើប​​ឡើង​បះបោរ​ប្រឆាំង​និង​រដ្ឋ​អំនាច​ស្រប​ច្បាប់​ ទម្លាក់​នាយករដ្ឋ​មន្ត្រី​ តាម​បែប​មិន​ប្រជាធិបតេយ្យ​។​​​​​

 

ជារួម​ សារ​ប្រកាស​ជំហរ​យ៉ាង​ម៉ឹង​​ម៉ាត់របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ក្នុង​ការ​អនុវត្តនូវ​​វិធាន​ការ​ផ្លូវ​ច្បា​ប់​​ចំពោះអតីត​​អ្នក​នយោបាយ​​ដែល​​កំពុ​ង​​ជាប់​​បម្រាម​​ ក៏​ដូច​​ជា​​អ្នក​​ដែល​​កំពុង​​ជាប់​​ទោស​​ទណ្ឌពី​អំពើ​ក្បត់​ជាតិ​​​ ដោយ​គ្មាន​ការ​លើក​លែងនាពេល​ថ្មីៗ​នេះ​ គឺ​ពិត​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ពង្រឹង​នីតិរដ្ឋ​នៅកម្ពុជា​ពិតៗ​។ ក្នុង​ន័យ​នេះ​ ត្រូវបាន​ឆ្លុះបញ្ចាំង​ដោយ​បទពិសោធន៍​នៃ​ការ​អនុវត្តនូវ​វិធាន​ការ​​ច្បាប់ប្រកប​ដោយ​ជោគជ័យ​ ​ពី​កា​រ​ប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌​នៅកម្ពុជា​​ តាម​រយៈការ​បំពុល​បរិយាកាស​នយោបាយ​ទាំង​ក្នុង​ និងក្រៅប្រទេស​ ការ​ញុះញង់​ឱ្យ​មាន​ការ​បែក​បាក់​ជាតិ​ ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​ ដោយ​យក​លេស​ពីការ​គោរពសិទ្ធិ​មនុស្ស​ ឬលទ្ធិប្រជាធិបតេយ្យ​សំដៅផ្តួលរំលំ​រាជរដ្ឋាភិបាលដែល​កើត​ចេញ​ពីការ​បោះ​ឆ្នោត​​ស្រប​​ច្បាប់​ និង​ឆន្ទៈគាំទ្រ​របស់​​ប្រជាពលរដ្ឋដ៏ច្រើន​លើស​លប់​។​

 

ក្នុង​នាម​ប្រជាពលរដ្ឋ​ភាគ​ច្រើន​លើស​លប់​ យើង​ខ្ញុំ​សូម​​គាំ​ទ្រ​​ជំហរ​​ដ៏ម៉ឹង​ម៉ាត់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​​ បន្ត​អ​នុវត្ត​នូវ​វិធាន​ការ​ច្បាប់​ចំពោះ​ជន​ល្មើស​ទាំង​អស់​ ដោយ​មិន​ត្រូវ​រាថយ​ចំពោះ​ការ​ប៉ុន​ប៉ង​លូក​​ដៃ​​ចូល​​កកូរ​​កកា​យ​​​កិច្ចការ​​ផ្ទៃ​​ក្នុង​របស់​កម្ពុជា​ពី​សំណាក់​បរទេស​ខ្លះ​ជាដាច់​ខាត។ ម្យ៉ាង​ទៀត​ក៏​​ដើម្បី​​រក្សា​ឱ្យ​បាន​នូវ​ឯករាជ្យ​ភាព អធិបតេយ្យ​ភាព​ ដោយ​ភាព​ថ្លៃ​ថ្នូរ​ក្នុង​នាម​ជា​ប្រទេស​នីតិរដ្ឋ​ ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​បន្ត​ពង្រឹង​ និងពង្រី​ក​នូវ​ដំណើរការ​នៃលទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ស្រប​តា​ម​រដ្ឋ​ធម្ម​នុញ្ញ​ជាចំបង​៕​​​​

ដោយ​៖ សួន ចំរើន​

បញ្ចេញយោបល់