បេសកជនពិសេសរបស់កម្ពុជា ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ នាំលិខិតតែងតាំងពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនអគ្គលេខាធិការ OIC

ថ្ងៃអង្គារ ទី ២៨ ឧសភា ២០១៩​
10

(អារ៉ាប៊ីសាអ៊ូឌីត)៖ ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជាប្រចាំអង្គការ OIC លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក Yousef A Al Othaimeen អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងបាននាំលិខិតតែងតាំង លោកជាបេសកជនពិសេសរបស់កម្ពុជាប្រចាំ OIC ដែលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើជូនអគ្គលេខាធិការអង្គការ OIC។

ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញចូលរួមសន្និសីទឥស្លាមពិភពលោកស្តីពី «គុណតម្លៃ នៃការនិយមកណ្តាល» នៅទីក្រុងម៉ាកាស់ ក្រោមព្រះរាជអធិបតីភាពព្រះចៅ Khalad Al-Faisal Bin Abdulaziz Al-Saud ព្រះប្រមុខរដ្ឋក្រុងម៉ាកាស់ ព្រះរាជតំណាង ព្រះចៅ Salman Bin Abdulaziz Al-Saud ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិ ចំនួន១,១៥០នាក់ និងមាន១៣៩ជាតិសាសន៍។

អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេសជាសមាជិក ចំនួន៥៧ប្រទេស តំណាងឲ្យប្រជាជនជាង ១ភាគ៥ នៅលើសកលលោក និងជាអង្គការធំទីពីរ បន្ទាប់ពីអង្គការ UN។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែឧសភាថ្មីៗនេះ ក្នុងពិធីអារហារស្រាយបួស នៃសាសនិកឥស្លាម នៅមជ្ឈមណ្ឌលកោះពេជ្យ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសតែងតាំង ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC។

បន្ទាប់មក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោក Yousef A Al Othaimeen អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) ក៏បានឆ្លើយតបលិខិតមួយមកកាន់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយកិច្ចស្វាគមន៍ អបអរសាទរ ដែលលោកនាយករដ្ឋមន្ត្រី បានផ្តល់សេចក្តីទុកចិត្ត តែងតាំងទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសតំណាងកម្ពុជា ប្រចាំនៅអង្គការ OIC ៕

ចែករំលែក

បញ្ចេញយោបល់