ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៣គ្រួសារនៅសង្កាត់ទឹកវិល ក្រុងសៀមរាបបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តសៀមរាប

ថ្ងៃសៅរ៍ ទី ២៥ ឧសភា ២០១៩​
4

(ខេត្តសៀមរាប) ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅសាខាកាកបាទក្រហមសៀមរាប លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅសង្កាត់ទឹកវិល ក្រុងសៀមរាប ចំនួន១៣គ្រួសារ ក្នុងនោះមាន រលំ៦ខ្នង របើកធ្ងន់ធ្ងរ៦ខ្នង និងរបួស១នាក់។

មានប្រសាសន៍នាឱកាសនោះ លោកស្រីអនុប្រធាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រីបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកស្រីក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនរណាម្នាក់ចោល”។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន៖

– គ្រួសាររលំ ៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
– គ្រួសារប៉ះពាល់ធ្ងន់ ៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀល។
– គ្រួសាររបួស ៖ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា២០ម៉ឺនរៀល។

ក្នុងនោះ លោក ហឿក ហើត និងភរិយាម្ចាស់ហាង ម្លប់ឫស្សី ក៏បានឧបត្ថម្ភ ២លានរៀលបន្ថែមទៀត
និងឧបត្ថម្ភមណ្ឌលសុខភាពទឹកវិល ៥០ម៉ឺនរៀល៕

ចែករំលែក

បញ្ចេញយោបល់