អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យមើលការស្ថាបនា និងជួសជុលកែលម្អផ្លូវ ៧ខ្សែ ក្នុងក្រុងសិរីសោភ័ណ

ថ្ងៃសៅរ៍ ទី ២៥ ឧសភា ២០១៩​
17

(បន្ទាយមានជ័យ) ៖ នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៩ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ បានបន្តចុះពិនិត្យមើលការស្ថាបនា និងជួសជុលកែលម្អផ្លូវ ៧ខ្សែ ប្រវែង ១៧៨៣ ម៉ែត្រ ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ។ ផ្លូវនេះជាគម្រោងថវិការបស់រដ្ឋបាលក្រុងសិរីសោភ័ណ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលនោះ លោកអភិបាលខេត្ត អ៊ុំ រាត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត បូករួមជាមួយជំនាញពាក់ព័ន្ធ និងក្រុមការងារ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបម្រើ និងដោះស្រាយបញ្ហានៅមូលដ្ឋានជាអទិភាពខ្ពស់។ ជាមួយគ្នានោះ ផ្លូវថ្នល់ ផ្លូវលំជនបទក្តី បាននឹងកំពុងប្រែក្លាយជាបណ្តើរហើយ ផ្លាស់ប្តូរពីផ្លូវដីមកក្រាសក្រួស ថ្មមិញ ហើយកំពុងផ្លាស់ប្តូរមកជាចាក់កៅស៊ូបេតុង ស្របតាមគោលការជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ទៀតថា ផ្លូវទាំង៤ខ៧ដែល បានចុះពិនិត្យមើលនាថ្ងៃនេះ ជាគម្រោងរបស់រដ្ឋបាលក្រុង ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងដោយមានការយកចិត្តទុកដាក់គិតគូរ និងជំរុញណែនាំ ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ មានផ្លូវ មានក្តីសង្ឃឹម មានការរីកចម្រើន។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូល សូមចូលរួមសហការ ក្នុងការរៀបចំប្រព័ន្ធលូរំដោះទឹកអមផ្លូវ និងយកចិត្តទុកដាក់ថែរក្សាផ្លូវ ដើម្បីមាននិរន្តរភាពប្រើប្រាស់បានយូរអង្វែង ៕

ចែករំលែក

បញ្ចេញយោបល់