អនុគណក្រុងស្វាយរៀង នាំយកបច្ច័យ និងទេយ្យទាន មកប្រគល់ជូនកាកបាទក្រហមកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី ២៣ ឧសភា ២០១៩​
5

ស្វាយរៀង៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយបង្ករដោយគ្រោះធម្មជាតិផ្សេងៗនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ព្រះតេជគុណព្រះនាម រឹក សាបូ ព្រះអនុគណក្រុងស្វាយរៀង និងជាព្រះគ្រូចៅអធិការវត្តគយត្របែក រួមជាមួយព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការវត្តទាំង១៤ ក្នុងក្រុងស្វាយរៀង មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាបាន យកបច្ច័យ ទេយ្យទានមួយចំនួនមកប្រគល់ដល់អនុសាខាក្រុងសម្រាប់ទុកបម្រុងដើម្បីត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង។

ព្រះគ្រូ រឹក សាបូ បានមានថេរដីការគាំទ្ររាល់សកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវនៃលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងការខិតខំប្រឹងប្រែងជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗដោយមិនប្រកាន់ពីជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សំបុរ ឬនិន្នាការនយោបាយឡើយទើបថ្ងៃនេះព្រះអង្គរមាននូវទេយ្យទានបន្តិចបន្តួចដែលបានមកពីសទ្ធាជ្រះថ្លារបស់បងប្អូនជាពុទ្ធបរិស័ទ ប្រគល់ជូនអនុសាខាក្រុង ដើម្បីរួមចំណែកជួយសម្រាលនូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។

លោក ណុប ចំរៀន ប្រធានកិត្តិយសអនុសាខាក្រុង បាននាំមកនូវការផ្តាំផ្ញើសាកសួរទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មធិការសាខាប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គតែងតែផ្សាភ្ជាប់គាំទ្រដល់សកម្មភាពមនុស្សរបស់សាខា អនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ។

ចុងបញ្ចប់លោក ណុប ចំរើន បានសន្យាថាអំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន។ សម្ភារៈ និងថវិកា ដែលអនុសាខាទទួលបាន មានថវិកា ១,៨២០,០០០ រៀល អង្ករ ៣៦៥ គីឡូក្រាម សម្ភារៈ ១៩ មុខ គិតជាថវិកាសរុបចំនួន ៥,០៤០,០០០ រៀល៕

បញ្ចេញយោបល់