ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ

ថ្ងៃព្រហស្បតិ៍ ទី ២៣ ឧសភា ២០១៩​
23

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យស្ដេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសទៅកាន់សាធារណរដ្ឋបារាំង ដើម្បីចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលធ្វើឡើងនៅបណ្ឌិតសភាបារាំងខាងសិលាចារឹកនិងអក្សរផ្ចង់។

តបតាមការអញ្ជើញរបស់បណ្ឌិតសភាបារាំងខាងសិលាចារឹកនិងអក្សរផ្ចង់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីអបអរសាទរ២៥ឆ្នាំ នៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តិទៅនៅវិមានវិទ្យាស្ថានបារាំង។

តាមកម្មវិធីខាងលើ នៅថ្ងៃ៦រោច ខែជេស្ឋ ឆ្នាំច ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៣០នាទី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងថ្លែងព្រះរាជសន្ទរកថាទៅកាន់រាជបណ្ឌិតសភាបារាំងខាងសិលាចារឹកនិងអក្សរផ្ចង់ អំពីជោគជ័យនិងការចូលរួមរបស់កម្ពុជាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះដែរ អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ នឹងធ្វើបទបង្ហាញស្ដីពីការរកឃើញទូកបុរាណនៅរមណីយដ្ឋានអង្គរ រីឯលោកសាស្រ្ដាចារ្យ Azedine BESCHAOUCH និងលោកស្រី ចៅ ស៊ុនកិរិយា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើបទបង្ហាញលើប្រធានបទការងារ២៥ឆ្នាំនៅរមណីយដ្ឋានអង្គររបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ៕

បញ្ចេញយោបល់