រដ្ឋបាលខេត្តក្រចេះ សហការជាមួយក្រុមហ៊ុនអំពូលភ្លើង LED ដើម្បីលើកកម្ពស់សោភ័ណភាពទាក់ទាញការអភិវឌ្ឍន៍

ថ្ងៃព្រហស្បតិ៍ ទី ២៣ ឧសភា ២០១៩​
16

ក្រចេះ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី២៣ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយលោក វ៉ា ថន អភិបាលខេត្ត បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថែទាំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ អំពូល LED ដើម្បីត្រៀមរៀបចំតម្លើង និងបំពាក់ប្រព័ន្ធនៅតាមទីតាំងសាធារណៈក្នុងខេត្តក្រចេះដើម្បីឱ្យកាន់តែមានសោភ័ណ្ឌភាព និងសុវត្ថិភាព។

ក្នុងកិច្ចជួបពិភាក្សា លោក Liu Pingsheng តំណាងក្រុមហ៊ុន បានបញ្ជាក់ឲ្យដឹងពីគម្រោងផលិតផលសេវារបស់ខ្លួនរួមមាន ការប្រើអំពូលប្រភេទ LED គឺប្រើប្រាស់ថាមពលតិច នាំឲ្យចំណាយថវិកាតិចជាងមុនប្រមាណ៥០% ហើយអំពូលប្រភេទនេះមានភាពភ្លឺខ្លាំង និងពុំងាយខូចព្រមទាំងមានសោភ័ណភាពក្នុងខេត្ត និងនៅលើដងផ្លូវតែមួយ មានអំពូលភ្លឺទាំងអស់។

ការបើកបិទភ្លើងបំភ្លឺសាធារណៈមានភាពទៀងទាត់តាមពេលដោយប្រើប្រាស់បច្ចេវិទ្យាឆ្លាតវៃការជួសជុល ឬការតម្លើងអំពូលត្រូវការពេលវេលាតិចតែ៤៨ម៉ោងយ៉ាងយូរ។ ហើយសម្រាប់កិច្ចដំណើរការគ្រប់គ្រងគម្រាងគឺរដ្ឋបាលខេត្តជាអ្នកបង្ហាញប្រាប់ពីទីតាំងដែលត្រូវផ្លាស់ប្ដូរអំពូលពីប្រភេទ HPS មកជាប្រភេទ LED រដ្ឋបាលខេត្តជាអ្នកផ្ដល់សិទ្ធិ និងជួយសម្រួលខាងផ្នែករដ្ឋបាល និងផ្លូវច្បាប់ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនតំម្លើង ថែទាំ និងគ្រប់គ្រង និងធ្វើការសម្របសម្រួល និងផ្ដល់កិច្ចសហការក្នុងការសិក្សាធ្វើស្ថិតិ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហើយក្នុងនោះ ក្រុមហ៊ុនធានាលើការជួសជុលនិងថែទាំអំពូលដែលបានផ្លាស់ប្ដូរក្នុងករណីខូច ឬមិនភ្លឺ ក្រុមហ៊ុនធានាធ្វើឲ្យភ្លឺវិញយ៉ាងយូរ៤៨ម៉ោង ហើយការកំណត់បរិមាណប្រើប្រាស់ថាមពល និងតម្លៃឯកតាថ្លៃថាមពលអគ្គីសនីចេញដោយក្រុមហ៊ុនអគ្គីសនី។

ក្នុងនោះដែល លោកអភិបាលខេត្ត បានទទួលយកកិច្ចសហការរបស់ក្រុមហ៊ុន ហើយបានជំរុញឲ្យក្រុមហ៊ុនរួមសហការ និងមន្រ្តីជំនាញពាក់ព័ន្ធចុះសិក្សាពិនិត្យទៅតាមតំបន់ទីតាំងផ្លូវ ដែលត្រូវធ្វើការតម្លើងបង្គោលភ្លើង និងអំពូលភ្លើង ហើយក្រុមហ៊ុនត្រូវទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល អំពើឯកសារប្រកាសអនុញ្ញាតប្រើប្រាស់ស្របច្បាប់ របស់ក្រសួងទាំងពីរនិងបានស្នើរសុំសាធារណៈជនត្រូវជួយថែរក្សាការពារនូវសមិទ្ធផលទាំងអស់នោះដើម្បីឲ្យមានសោភ័ណភាពទាក់ទាញការអភិវឌ្ឍន៍របស់ខេត្តផងដែរ៕

ចែករំលែក

បញ្ចេញយោបល់