NOCC ត្រៀមលក្ខណៈកាន់តែពិសេស ក្នុងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ

ថ្ងៃព្រហស្បតិ៍ ទី ២៣ ឧសភា ២០១៩​
20

នៅសល់ពេលតែ ២៥ថ្ងៃទៀតប៉ុណ្ណោះ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ នឹងចូលមកដល់ហើយ ពោលគឺនៅថ្ងៃទី១៦ ខែមិថុនាខាងមុខ។ ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានត្រៀមបង្កលក្ខណៈកាន់តែពិសេស ដើម្បីធានាសុវត្ថិភាពអ្នករត់ និងចូលរួមសម្អាតបរិស្ថាន ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ដោយសារប្រទេសជាតិមានសន្ដិភាព ការអភិវឌ្ឍ រីកចម្រើន និងសប្បូរសប្បាយរុងរឿង បានធ្វើឲ្យសន្ទុះនៃការចុះឈ្មោះ មានកំណើនគួរឲ្យកត់សម្គាល់។ ហេតុនេះគណៈកម្មការរៀបចំក៏បានសហការជាមួយក្រុមការងារស្ម័គ្រចិត្តជាច្រើនរយនាក់ ដើម្បីត្រៀមចូលរួមសម្រួលការងារផ្សេងៗ ពិសេសធានាសុវត្ថិភាពជូនអ្នករត់តែម្ដង។

លោកថា «ឆ្នាំនេះ ក្រុមការងារយើង នឹងពង្រឹងបន្ថែមលើគុណភាព និងសុវត្ថិភាពរបស់អ្នករត់តាមផ្លូវ តាមរយៈការប្រើប្រាស់កម្លាំងស្ម័គ្រចិត្តរាប់រយនាក់។ មួយទៀត ការសម្អាតបរិវេនផ្លូវរត់ ក្រោយរត់ចប់ យើងនឹងមានចាត់វិធានការភ្លាមៗ សម្រាប់ក្រុមការងារស្ម័គ្រចិត្តគ្រប់ផ្លូវ នឹងចាប់ផ្ដើមសម្អាតគ្រប់ទីកន្លែងទាំងអស់ ដើម្បីសម្អាតបរិស្ថាន ស្របតាមពាក្យស្លោកយើង គឺរត់ ដើម្បីទីក្រុងស្អាត និងបៃតង»។

គិតត្រឹមថ្ងៃទី២៣ ខែឧសភានេះ មានអ្នកចុះឈ្មោះប្រមាណជាង ៣,០០០នាក់ហើយ ដែលមកពីជាង ២០ប្រទេសលើពិភពលោក។ ប៉ុន្ដែគណៈកម្មការនឹងបន្ដទទួលពាក្យរហូតដល់កៀកថ្ងៃរត់ ពិសេសចាប់ពីថ្ងៃទី៧-១៥ ខែមិថុនា NOCC នឹងមានរៀបចំកន្លែងទទួលពាក្យផ្ទាល់ នៅមុខព្រះរមរាជវាំង ដែលជាទីកន្លែងចាប់ផ្ដើមចេញដំណើរទៀតផង។ ដូច្នេះលោក វ៉ាត់ ចំរើន បានអំពាវនាវប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដើម្បីងាយស្រួលក្នុងការរៀបចំផងដែរ។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, រត់ដើម្បីផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣, រត់ដើម្បីផ្សព្វផ្សាយទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម។ ចំពោះវិញ្ញាសាត្រូវរត់ រួមមានរត់លើចម្ងាយផ្លូវ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ៕

បញ្ចេញយោបល់