ខេត្តសៀមរាប រៀបចំកិច្ចប្រជុំស្តីពីបញ្ហាសន្តសុខសណ្តាប់ធ្នាប់សាធារណៈ នៅទីប្រជុំជន និងទីសក្ការៈបូជា

ថ្ងៃព្រហស្បតិ៍ ទី ២៣ ឧសភា ២០១៩​
9

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធ អយ្យការអមសាលាដំបូង មន្ទីរ អង្គភាពពាក់ព័ន្ធ និង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកផងដែរ ។

ក្នុងនោះលោកប្រធានគណៈបញ្ជាការឯកភាពេដ្ឋបាលបាន ដាក់នូវរបៀបវារៈកិច្ចប្រជុំរួចមកក្នុងកិច្ចប្រជុំនេះ ដោយផ្តោតទៅលើកត្តាសំខាន់ ក្នុងការយកចិត្តទុកដាក់ពង្រឹងបន្ថែមលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារៈក្នុងខេត្ត , ការរៀបចំនូវផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩នេះ, បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

បន្ទាប់ពីកងឯកភាពធ្វើសេចក្តីរាយការណ៍ អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របស់អង្គភាពប្រដាប់អាវុធទាំងបី និង សេចក្តីរាយការរបស់អស់លោក លោកស្រី ជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កត្តាសំខាន់ផ្តោតលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ នាថ្ងៃខាងមុខនេះ ។

ឆ្លងតាមកិច្ចពិភាក្សានៃកិច្ចប្រជុំនោះ លោក ទៀ សីហាបានធ្វើការបូកសរុប ដោយធ្វើការវាយតម្លៃខ្ពស់ ពីរបាយការណ៍តាមបណ្តាកងឯកភាព គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដែលបានលើកឡើងផងដែរ ។

ក្នុងនោះដែរលោកក៏បានដាក់នូវបទបញ្ជា និងវិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។

លោកក៏សូមឲ្យគ្រប់កងឯកភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក គឺត្រូវយកចិត្តទុក និងពង្រឹងបន្ថែមនូវការងារសន្តិសុខទូទាំងខេត្ត ជាពិសេសចលនាសង្គ្រោះជាតិ ដែលញុះញង់បង្ករអសន្តិភាពដល់សង្គមជាតិ ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ព្រមទាំងធ្វើការត្រួតពិនិត្យនូវ រាល់ព័ត៌មានបំពុលសង្គម តាមគេហទំព័រនៅក្នុងភូមិសាស្ត្រខេត្ត និងពង្រឹងឲ្យខាងតែបានលើការងារសន្តិសុខនៅតាមទី ប្រជុំជន និងទីកន្លែងសក្ការៈបូជា ដែលជាគោលដៅរបស់ក្រុមជនសង្គមងងឹតធ្វើសកម្មភាព បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ។

ម៉្យាងទៀតគ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់អំពីធនធាបធម្មជាតិនៅភ្នំគូលេន នឹងបឹងទន្លេសាប ព្រមទាំងលើកនូវទិសដៅការដាំកូនឈើ នៅភ្នំគូលែន ស្រុកស្វាយលើ ដោយមន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរស្រុក កំណត់ទីតាំងដាំកូនឈើនៅខែខាងមុខនេះ ។

ក្នុងនោះលោកបានសង្កត់ធ្ងន់ ចំពោះបញ្ហាគ្រឿងញៀន គឺត្រូវកំណត់មុខសញ្ញាអ្នកញៀន នឹងក្លាយទៅជាអ្នកធ្វើសកម្មភាព ក្នុងការជួញគ្រឿងញៀន និងត្រូវមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការកំណត់ឲ្យបាននូវមុខសញ្ញា និងត្រូវប្រឆាំងទប់ស្កាត់ឲ្យខាងតែបាន ចំពោះក្រុមធ្វើបដិវត្តពណ៌ប៉ង់ប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។

លោកក៏បានបញ្ជាក់ថា គ្រប់បណ្តាក្រុង ស្រុក ត្រូវអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល ឲ្យបានម៉ឹងម៉ាត់ នឹងមានកិច្ចសហការគ្នាឲ្យបានល្អ រវាងស្រុក ខេត្ត ព្រមទាំងធ្វើការផ្សព្វផ្សាយដល់មូលដ្ឋាន និងត្រូវយកចិត្តទុកដាក់សុខភាព សុវត្ថិភាព សន្តិសុខចំពោះបងប្អូនជាអង្គបោះឆ្នោតគ្រប់បណ្តាឃុំ/សង្កាត់ឲ្យបានល្អ រហូតដល់ការបោះឆ្នោតអសកលនៅថ្ងៃខាងមុខនេះ ៕

ចែករំលែក

បញ្ចេញយោបល់