លិខិតមិត្តអ្នកអាន៖ រឿងអាស្រូវនយោបាយនៅអូទ្រីសបញ្ជាក់ថា EUពិតជាអយុត្តិធម៌ចំពោះកម្ពុជា!

ថ្ងៃពុធ ទី ២២ ឧសភា ២០១៩​
14

អ្នកតាមដាននយោបាយអន្តរជាតិ ពិតជាបានដឹងហើយអំពីរឿងអាស្រូវនយោបាយផ្ទុះឡើងនៅប្រទេសអូទ្រីសដែលជាសមាជិកសហភាពអឺរ៉ុប។

រឿងអាស្រូវនយោបាយមួយនេះកំពុងក្លាយជាព្យុះសង្ឃរា បោកបក់ប្រទេសអូទ្រីសយ៉ាងពេញទំហឹង ហើយបាននិងកំពុងធ្វើឲ្យរង្គើពេញសហភាពអឺរ៉ុបទាំងមូល។ ដើម្បីយល់ថា តើរឿងអាស្រូវនៅអូទ្រីសអាចឆ្លុះបញ្ចាំងអ្វីខ្លះពីរឿងអាស្រូវ​នយោបាយនៅកម្ពុជា? ហើយតើជំហររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងចំពោះរឿងដូចគ្នាដែលកើតមាន នៅក្នុងប្រទេសសមាជិករបស់ខ្លួនខុសគ្នាបែបណា?

ដើម្បីមើលធ្លុះបញ្ហានេះ ខ្ញុំសូមរម្លឹកសាច់រឿងអាស្រូវនយោបាយដ៏ក្តៅគគុកនៅអូទ្រីសដូចខាងក្រោម៖

បញ្ហានេះបានផ្ទុះឡើងនៅថ្ងៃទី១៧ឧសភា២០១៩ បន្ទាប់ពីមានវីដេអូមួយបានបែកធ្លាយដោយសារព័ត៌មានអាល្លឺម៉ង់។ វីដេអូនោះត្រូវបានគេលួចថត បានដោយសម្ងាត់នៅក្នុងផ្ទះវីឡា មួយនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ។ ក្នុងវីដេអូនោះ លោក Heinz-Christian Strache មេបក្សស្តាំជាតិនិយមជ្រុល និងជាអនុអធិកាបតីអូទ្រីសបាននិយាយនៅពេលផឹកស៊ីស្រវឹងទៅកាន់ស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាមនុស្សស្និទ្ធនឹងអ្នកមានអំណាចនៅរុស្ស៊ី។ មេបក្សជាតិ​និយមជ្រុលអូទ្រីសរូបនេះក៏បានសន្យាជាមួយស្ត្រីនោះថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបើកផ្លូវឲ្យរុស្ស៊ីវាយលុកការរកស៊ីនៅក្នុងប្រទេសអូទ្រីស បើសិនជារុស្ស៊ីជួយជ្រោមជ្រែងអោយបក្សរបស់លោកបានឈ្នះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ មេបក្សរូបនេះក៏បានលើកឡើងអំពីយុទ្ធសាស្ត្រវាយលុក និងគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានដោយយកគំរូដូចនៅហុងគ្រី។

ក្រោយការបែកធ្លាយនូវវីដេអូនេះ លោក Heinz-Christian Strache បានបង្ខំចិត្តលាលែងចេញពីតំណែងអនុអធិកាបតី។ មិនត្រឹមតែប៉ុណ្ណោះទេ អធិកាបតីអូទ្រីស លោក Sebastian Kurz ថែមទាំងបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Herbert Kickl ដែលជាអនុប្រធានបក្សស្តាំជាតិនិយមជ្រុល ក៏ត្រូវតែចុះចេញពីតំណែងផងដែរ ដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេតលើសំណុំរឿងនេះឲ្យមានតម្លាភាព។

ប្រតិកម្មទៅនឹងបញ្ហានេះ លោកស្រី អង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់បានព្រមានថា រឿងអាស្រូវវីដេអូនៅអូទ្រីស គឺជាមេរៀនមួយប្រាប់ទៅអ្នកនយោបាយទាំងអស់ឲ្យប្រុងប្រយត្ន័ និងកុំអោយលក់ក្បាលឲ្យប្រទេសផ្សេងដែលគេចង់បំផ្លាញអឺរ៉ុប។

រឿងឃុបឃិតជាមួយបរទេសដើម្បីបើកដៃឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន គឺជារឿងរសើបខ្លាំងណាស់នៅអឺរ៉ុប ក៏ដូចជានៅសហរដ្ឋអាមេរិកដែរ។ រឿងអាស្រូវឃុបឃិតជាមួយបរទេសនៅអូទ្រីសនឹងត្រូវគេបើកការស៊ើបអង្កេតដ៏ធំមួយដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត។

នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយសម្ងាត់ និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោម​ជ្រែងឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះបោះទុនរកស៊ីនៅក្នុងស្រុកផងក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបដល់ម្លឹងដោយអ្នកខ្លះចាត់ទុកថា ជាភ្នំភ្លើងដែលបាក់សង្កត់ប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។

ឥឡូវនេះយើងងាកមកប្រៀបធៀបនឹងរឿងអាស្រូវនយោបាយនៅកម្ពុជាវីញម្តង។

  1. រដ្ធាភិបាលលោក ហ៊ុន សែន អត់មានបានបញ្ជាអោយទៅលួចថតការនិយាយរបស់ កឹម សុខា ទេ ហើយពេលលោក កឹម សុខា ឈរនិយាយក៏អត់មានផឹកស្រវឹងដូចករណីអាស្រូវនៅអូទ្រីសដែរ។
  2. ការបែកធ្លាយវីដេអូអួតអាងសារភាពរបស់លោក កឹម សុខា ប្រកាសក្តែងៗប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ខ្លួនបានទទួល​ការហ្វឹកហាត់ពីបរទេសអស់ជាច្រើនឆ្នាំ ដើម្បីរៀបចំផែនការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរបៀបនៅអតីប្រទេសស៊ែរបី និងយូហ្គូស្លាវី ក៏ដោយសារទូរទស្សន៍អនឡាញ CBN នៅប្រទេសអូស្ត្រាលី មិនមែនបណ្តាញផ្សព្វ្សាយព័ត៌មានរបស់រដ្ធាភិបាលលោក ហ៊ុន សែន នោះដែរ។ តើត្រូវគេចាត់ទុកជាអ្វីដែរ? ដូច្នេះ ខ្ញុំយល់ថា ទំហំនៃទោសកំហុសរបស់ កឹម សុខា នេះ ពិតជាត្រឹមត្រូវ និងសមណាស់ដែលរដ្ឋអំណាចត្រូវតែវាយខ្នោះទាំងកណ្តាលយប់អាធ្រាតពីព្រោះវាជារឿងធំមហិមារ។

រឿងរ៉ាវដែលកើតឡើងនៅអូទ្រីសនៅពេលនេះក៏ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថា ចំណាត់ការរបស់អាជ្ញាធរកម្ពុជាពិតជាត្រឹមត្រូវ ហើយគ្មានប្រទេសណាមួយគេអាចអនុគ្រោះដល់អ្នកនយោបាយដែលលក់ក្បាលឲ្យបរទេសដើម្បីបើកដៃឲ្យបរទេសបំផ្លាញប្រទេសខ្លួនឯងនោះឡើយ។

ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយ និងហួសចិត្តបំផុតនោះ គឺនៅពេលដែលរឿងកើតនៅកម្ពុជា សហភាពអឺរ៉ុបបែរជាខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?

ឥឡូវដល់ពេលរឿងដូចគ្នានេះកើតមាននៅក្នុងប្រទេសសមាជិករបស់ខ្លួន ហើយប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន ស្រាប់តែអឺរ៉ុបនាំគ្នាស្រែកថ្កោលទោសអ្នកនយោបាយអូទ្រីស ដែលឃុបឃិតជាមួយបរទេស និងកំពុងចាត់វិធានការក្តៅគគុកដូចភ្នំភ្លើងផ្ទុះ។

ទេវតារក្សាទ្វីបលោកនេះពិតជាចង់ផ្តល់កិច្ចគាំពារដល់កម្ពុជាហើយ ទើបបានជាធ្វើឲ្យមានរឿងអាស្រូវនេះចំបេះដូងអឺរ៉ុប​តែម្តង ខណៈដែលសហភាពអឺរ៉ុបកំពុងគំរាមព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ នេះហើយដែលគេហៅថា តម្រិះជិះកឯង។

តើអឺរ៉ុបដែលអួតថា ជាបិតាប្រជាធិបតេយ្យ បិតាសិទ្ធិមនុស្ស និងជាអ្នកស្រឡាញ់យុត្តិធម៌នោះ មានអ្វីមកបង្ហាញជាគំរូដល់ប្រទេសក្រីក្រតូចតាចដូចកម្ពុជា? តើសហភាពអឺរ៉ុបមានស្តង់ដារប៉ុន្មាន? សហរដ្ឋអាមេរិកវិញ ក៏មិនខុសគ្នាដែរ។ មហាអំណាចលោកខាងលិចមួយនេះ ក៏បានស្រែករិះគន់កម្ពុជា និងកំពុងគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ  GSP ពីកម្ពុជាដែរ ដោយសារចំណាត់ការរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទៅលើមេបក្ស្រឆាំង និងអតីតអង្គការចាត់​តាំងនយោបាយដែលបានឃុបឃិតជាមួយបរទេស ខណៈពេលដែលប្រទេសរបស់ខ្លួនបាន និងកំពុងបន្តចាត់វិធានការក្តៅគគុកចំពោះសំណុំរឿងអ្នកនយោបាយឃុបឃិតជាមួយបរទេស(រុស្ស៊ី)។

ដូច្នេះ ពីអំណឹះតទៅ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិក ពិតជាមិនអាចមានពាក្យអ្វីមកនិយាយជាមួយកម្ពុជាទៀតបានឡើយប្រសិនបើពួកគេជាអ្នកថ្លៃថ្នូរ និងចេះអៀនខ្មាស។ ការប្រើប្រាស់ស្តង់ដារពីរមិនមែនជាគំរូល្អដែលត្រូវបង្ហាញដល់អ្នកដទៃឡើយ។ ហើយការបន្តនយោបាយស្តង់ដារពីរនេះ «Deux poids Deux Mesures រឺ Double Standards» ទៀតសោតនឹងធ្វើឲ្យអានុភាពរបស់មហាអំណាចលោកខាងលិចធ្លាក់ចុះខ្សោយជាបន្តបន្ទាប់នៅចំពោះ​មុខប្រទេសតូចតាច និងក្រីក្រ។ ភាពអយុត្តធម៌របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកចំពោះកម្ពុជាល្មមដល់ពេលបិទបញ្ចប់ហើយប្រសិនបើមហាអំណាចលោកខាងលិចចង់រក្សាភាពជាមហាអំណាច ជាបិតាប្រជាធិបតេយ្យ និងបិតាសិទ្ធិមនុស្សតទៅទៀត។ នេះជាសារដ៏សំខាន់មួយដែលស្តែងចេញពីរឿងអាស្រូវនយោបាយនៅអូទ្រីស។ សារសំខាន់ម្យ៉ាងទៀត គឺអ្នកនយោបាយដែលលក់ក្បាលឲ្យបរទេសដើម្បីបំផ្លាញជាតិខ្លួនឯង គឺជាកំហុសធ្ងន់ប៉ុន​មហាមេឃដែលគ្មានប្រទេសណាទទួលយកបានឡើយរាប់ទាំងប្រទេសដែលមានអំនួតថា ជាបិតាប្រជាធិបតេយ្យទាំងឡាយផង។

ដូច្នេះ លោកបណ្ឌិត អ្នកវិភាគ និងអង្គការសង្គមស៊ីវិល ក៏ដូចជាប្រព័ន្ធផ្សាយព័ត៌មានលម្អៀងទាំងឡាយ គួរល្មមភ្លឺភ្នែកហើយចំពោះសំណុំរឿងឃុបឃិតជាមួយបរទេស៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

បញ្ចេញយោបល់