កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយចែកជូនដល់ជនពិការ និងគ្រួសារមានជីវភាពខ្វះខាត

ថ្ងៃអង្គារ ទី ២១ ឧសភា ២០១៩​
13

ស្វាយរៀង៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅសាលាសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោក ជូ សុធី សមាជិកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ជនពិការ២នាក់ គ្រួសារមានជីវភាពខ្វះខាត៥ គ្រួសារ មកពីសង្កាត់ពោធិ៍តាហោ ២គ្រួសារ សង្កាត់សង្ឃ័រ ៥គ្រួសារ សរុប ៧គ្រួសារ។

ក្នុងឱកាសនោះលោក ជូ សុធី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាចំពោះបងប្អូនដោយក្តីនឹករលឹក ហើយសូមបងប្អូនមានអនាម័យល្អក្នុងការរស់នៅ ថែរក្សាសុខភាពតាមរយៈការហូបស្អាត រស់នៅស្អាត ពិសារទឹកដាំពុះដើម្បីការពារកុំឲ្យកើតមានជម្ងឺដង្កាត់ផ្សេងៗដែលបណ្តាលមកពីការកង្វះអនាម័យ។

អំណោយដែលបានចែកជូនទាំង៧ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៥០.០០០ រៀល៕

បញ្ចេញយោបល់