ដើមឆ្នាំនេះ អាជ្ញាធរជាតិអប្សរា សង់ទ្វារទឹក សង់ស្ពានបេតុង៤ទីតាំង និងស្ដារស្ទឹងប្រវែងជិត៥ពាន់ម៉ែត្រ

ថ្ងៃសុក្រ ទី ១៧ ឧសភា ២០១៩​
13

សៀមរាប៖ រយៈពេល៥ខែដើមឆ្នាំ២០១៩នេះ សំណង់ទ្វារទឹកស្ពានបេតុងចំនួន៤ទីតាំង និងការស្ដារស្ទឹងប្រវែងជិត៥ពាន់ម៉ែត្រ ត្រូវបានអាជ្ញាធរជាតិអប្សរា ស្ថាបនាឡើងក្នុងបំណងដើម្បីបម្រើផលប្រយោជន៍នានាដល់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាបម្រើប្រយោជន៍ដល់ដំណាំកសិកម្ម ជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។ សំណង់ទ្វារទឹក ស្ពានបេតុង និងការស្ដារស្ទឹងទាំងនោះ ភាគច្រើនស្ថិតនៅស្រុកពួក និងស្រុកអង្គរធំ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា សំណង់ទ្វារទឹក និងស្ពានបេតុងដែលត្រូវបានសាងសង់នោះ រួមមាន៖ សង់ទ្វារទឹកនៅស្ទឹកពួក ស្ថិតនៅភូមិតាទក ឃុំពួក, សង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ, សង់ស្ពានបេតុងឆ្លងកាត់ស្ទឹងពួក ស្ថិតនៅភូមិតាទក ឃុំពួក ស្រុកពួក, សង់ស្ពានបេតុងឆ្លងប្រឡាយរំដោះទឹកជំនន់ នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ។

ក្នុងនោះក៏មានការស្ដារស្ទឹងព្រះស្រុកប្រវែង ១,៥០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក និងស្ដារស្ទឹងពួកប្រវែង ៣,២៧២ម៉ែត្រ កាត់៤ភូមិ ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប។

បន្ថែមពីនេះ ក្នុងរបាយការណ៍សង្ខេបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៩របស់អាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងទឹកក៏បានជួសជុលសំណង់ទ្វារទឹកតាកាវថ្មីមានប្រវែង ៨ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្ពស់២ម៉ែត្រ និងធ្វើការជញ្ជូនដីបិទតាមជើងទេរមានទំហំ៧៨ម៉ែត្រគូបផងដែរ៕

ចែករំលែក

បញ្ចេញយោបល់