ប្រជាពលរដ្ឋទីទ័លក្រ មានជម្ងឺ និងពិការ ទទួលអំណោយពីចលនាយុវជនកម្ពុជា ក១៥៧

ថ្ងៃព្រហស្បតិ៍ ទី ១៦ ឧសភា ២០១៩​
6

ប៉ៃលិន៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន ដឹកនាំដោយ លោក យិន សាំងហេង ប្រធានសាខា និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋទីទ័លក្រ កំពុងមានជម្ងឺ និងពិការ កូនច្រើននៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក យិន សាំងហេង ប្រធានចលនាយុវជនកម្ពុជា ក១៥៧ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធានស្ថាបនិកនៃចលនាយុវជនកម្ពុជាក្រុម១៥៧ ព្រមទាំងលោក ម៉ឹង ពន្លក ជាប្រធានប្រតិបត្តិ បានធ្វើការណែនាំដល់ ក្រុមការងារនៅថ្នាក់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ដើម្បីបំរើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការ នយោបាយអ្វីឡើយ។

លោកប្រធានសាខា បានបន្តថា ចលនាយុវជនកម្ពុជា ក១៥៧ មិនមែនជាអង្គការ ឬសមាគមទេ គឺជាក្រុមដែលបង្កើតឡើង ដើម្បីបំរើវិស័យមនុស្សធម៌ សុទ្ធសាធ ហើយជាក់ស្តែងនាពេលនេះ គ្រាន់តែទទួលដំណឹងពីមូលដ្ឋានភ្លាម ក្រុមការងារចលនាយុវជនកម្ពុជា ក១៥៧ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសំភារៈ និងថវិការទៅឧបត្ថម្ភជូនដល់លំនៅដ្ឋានរបស់បងប្អូនភ្លាម បើទោះបីអំណោយទាំងនេះមិនអាចឆ្លើយតបការខ្វះខាតក៏ពិតមែន តែវាអាចជួយដោះស្រាយ ជីវភាពបងប្អូនបានមួយកំរិតផងដែរ។

ក្នុងឱកាសនោះផងដែរ លោក យិន សាំងហេង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះថែរក្សាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដោយរស់នៅស្អាត ហូបស្អាត ដើម្បីបញ្ចៀសកុំឲ្យមានជំងឺឆ្លងផ្សេងៗ ដែលតែងតែរាតត្បាត ពិសេស ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមជាដើម ហើយក្នុងករណីណាមានជម្ងឺសូមបងប្អូនទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន ដើម្បីធ្វើការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋទាំង ៣គ្រួសារ ដែលទទួលអំណោយពីចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិនមាន ១-លោកតា ហ៊ុយ យូ អាយុ ៦៣ឆ្នាំ មានជម្ងឺលើសឈាម ជាជនពិការ ២-លោកពូ ដុក ណុប អាយុ ៥២ឆ្នាំ ជាជនពិការ មានកូនក្នុងបន្ទុក ៧នាក់ និង៣-អ៊ុំស្រី ភួន អីម អាយុ ៤៨ឆ្នាំ មានជម្ងឺលើសឈាម ចំណែកអំណោយដែលទទួលបានគឺក្នុងម្នាក់ៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ៥យួ មី ១កេស ទឹកត្រី ១ដប ប្រេងឆា១ដប ប៊ីចេង ១កញ្ចប់ និងថវិការ ចំនួន២០ម៉ឺនរៀលផងដែរ៕

បញ្ចេញយោបល់